អានតួអត្ថបទ
កម្ពុជា

ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល

ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ៗ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លងឆ្នាំ​សកល ដូច​បណ្តា​ប្រជាជន​នានា​ ទៅ​ទូទាំង​ពិភព​លោក​ដែរ។ នៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៥ ចូល​២០១៦​នេះ ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​នាំ​គ្នា​ឈប់​សំរាក​ការងារ ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់​ៗ​ដូចជា​តំបន់​ប្រាសាទ​អង្គវត្ត មាត់​សមុទ្រ​ និង​តំបន់​ប៉ែក​ឦសាន​ជា​ដើម។ ដោយ​ឡែក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ ក៏​នឹង​មាន​ប្រជាជន​ច្រើន​ចូលរួម​ឆ្លងឆ្នាំ​ផង​ដែរ​ ដោយសារ​តែ​ភោនីយដ្ឋាន​នៅ​តាម​បណ្តោយ​ដង​ទន្លេ​នានា​សុទ្ធ​តែ​ទទួល​ការ​កក់​ទុក​ជា​មុន ពេញ​ៗ​អស់​តែ​ម្តង។

ទិន្នភាព​រាត្រី​មួយ​ក្នុង​ទីប្រជុំជន ​នៅ​ខេត្ត​សៀបរាប។​
ទិន្នភាព​រាត្រី​មួយ​ក្នុង​ទីប្រជុំជន ​នៅ​ខេត្ត​សៀបរាប។​ @H-UnNa Arc
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០១៥ ចូល ២០១៦នេះ នឹង​មាន​ការ​ដុត​កាំជ្រួច​អបអរ​សាទរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ក៏​មាន​ការ​ប្រគុំ​តន្ត្រី​នៅ​សួន​ច្បារ​មុខ​វត្ត​បុរទម​ដែរ។ លោក​ឡុង​ ឌីម៉ង់​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា សាលា​ក្រុង​មិន​បាន​រៀប​ចំ​ពិធី​ជា​ផ្លូវ​ការ​ណាមួយ​ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​សកល​នេះ​ទេ ក្រៅ​ពី​ដាក់​ក្លោង​ទ្វារ​ស្វាគមន៍​ចូល​ឆ្នាំ​សកល​ចំនួន​៤​កន្លែង​ទៅ​វិមាន​ឯករាជ្យ នៅ​វត្ត​ភ្នំ មាត់​ទន្លេ និង​ក្បែរ​សម្តេច​សង្ឃ​ជួន ណាត ហើយ​និង​ការ​តុប​តែង​ភ្លើង​ពណ៌​លម្អ​នៅ​តាម​ដង​វិថី​នានា​ក្បែរ​តំបន់​មាត់​ទន្លេ​នោះ។

រីឯ​នៅ​ខេត្ត​សៀមរាប​វិញ មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លងឆ្នាំ​សកល​នេះ​ដូច​រៀងរាល់​ឆ្នាំ​ដែរ គឺ​មាន​នៅ​ព្រះរាជ​ដំណាក់​ នៅ​អង្គឃ្យុងយូរ និង​នៅ​Pup street ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​ទេសចរ​ចំរុះ​ជាតិ​សាស ហើយ​ក៏​មាន​ការ​ដុតកាំ​ជ្រួច​នៅ​វេលា​ម៉ោង​១២​យប់ ដើម្បី​ចូលរួម​អបអរ​សាទរ​ផង​ដែរ។

នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​វិញ​មាន​ការ​ប្រគុំ​តន្ត្រី​និង​តាំង​ពិព័រណ៌​រយៈពេល​៣​ថ្ងៃ​មក​ហើយ​ដើម្បី​ត្រៀម​អបអរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ។ លោក​ឧកញ៉ា សុខ សុង អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ប្រាក់​វិទ្យុ​បារាំង​ឲ្យ​ដឹង​ថា យប់​នេះ​នឹង​មាន​ការ​ប្រគុំ​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ក្នុង​ស្រុក​ចាប់​ពី​ម៉ោង ៩​យប់​ដល់​ម៉ោង​១២ ​ដើម្បី​រងចាំ​ឆ្លងឆ្នាំ​ហើយ​និង​មាន​ការ​ដុត​កាំជ្រួច នៅ​ទីតាំង​ឆ្នេរ​អូឈើទាល។ នៅ​ទីនោះ​ផង​ដែរ ក៏​មាន​ស្តង់​ទំនិញ​ជាង​១០០​ស្តង់ ​ដោយ​មាន​ទាំង​ផលិត​ផល​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ដាក់​លក់​និង​តាំង​បង្ហាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ។

សូម​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​បុរាណ​កាល​មក​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​តែ​ម្តង​គត់​គឺ បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខែ្មរ ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​ចេត្រ ឬត្រូវ​នឹង​ខែ​មេសា។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រៅ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ប្រារព្ធ​ផង​ដែរ ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម និង​បុណ្យ​ចូល​ឆ្នាំ​សកល​នៅ​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ