អានតួអត្ថបទ
កម្ពុជា

ពន្លា​ជាតិ​កម្ពុជា​ទទួល​បាន​«ពាន​រង្វាន់​ប្រាក់»​ក្នុង​ពិព័រណ៍​ពិភព​លោក​ឆ្នាំ​២០១៥ នៅ​ទីក្រុង​មីឡង់​ប្រទេស​អ៊ីតាលី

ពន្លាជាតិ​កម្ពុជា ដែល​ត្រូវ​បាន​បែងចែក​ជា​បី​ផ្នែក​សំខាន់​ៗ មាន​បង្ហាញ​ពី​ប្រាង្គ​ប្រាសាទ​នានា តំបន់​កសិកម្ម និង​តំបន់​ពាណិជ្ជកម្ម បាន​ទទួល​ពាន​រង្វាន់​ប្រាក់ ក្នុង​ពិព័រណ៍​ពិភព​លោក​ឆ្នាំ​២០១៥ នៅ​ទីក្រុង​មីឡង់​ប្រទេស​អ៊ីតាលី រយៈពេល​៦ខែ ចាប់​ពី​ថ្ងៃ​១ឧសភា ដល់​ថ្ងៃ​ទី​៣១ តុលា​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ។ រដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ​នេះ នៅ​ក្រសួង​ពាណិជ្ជកម្ម​ថា ពន្លា​ជាតិ​កម្ពុជា​ទទួល​បាន​ភ្ញៀវ ចូលរួម​ទស្សនា​ប្រមាណ​ជាង​២​លាន​នាក់​ ក្នុង​ឱកាស​តាំង​ពិព័រណ៍​នោះ។

ពន្លាជាតិ​កម្ពុជា ​ត្រូវ​បាន​ដាក់តាំងបង្ហាញក្នុង​ព័ពិរណ៍​ពិភព​លោក​ឆ្នាំ​២០១៥ ​នៅ​ទីក្រុង​មីឡង់​ ប្រទេស​អ៊ីតាលី។​
ពន្លាជាតិ​កម្ពុជា ​ត្រូវ​បាន​ដាក់តាំងបង្ហាញក្នុង​ព័ពិរណ៍​ពិភព​លោក​ឆ្នាំ​២០១៥ ​នៅ​ទីក្រុង​មីឡង់​ ប្រទេស​អ៊ីតាលី។​
ផ្សាយពាណិជ្ជកម្ម

 

ជាមួយ​នឹង​ប្រធាន​បទ «ដំណាំ​ស្រូវ ដាំ​លើ​ដែន​ដី​វប្បធម៌​ដ៏​ចំណាស់» កម្ពុជា​បាន​បង្ហាញ​ឲ្យ​ពិភពលោក​ដឹង​ថា កម្ពុជា​ជា​ប្រទេស​មួយ​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ និង​ទំនៀម​ទំលាប់​ប្រពៃណី​ល្អ តែ​ក៏​ជា​ប្រទេស​មួយ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ផលិត​អង្ករ​សម្រាប់​ផ្គត់ផ្គង់​ពិភព​លោក​ផង​ដែរ។ តាម​រយៈ​ការ​រៀប​ចំ​ប្រធាន​បទ និង​ការ​រៀបចំ​ពន្លាជាតិ បាន​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​តំបន់​អាស៊ាន មាន​មោទនភាព​ទទួល​បាន​ «ពាន​រង្វាន់​ប្រាក់​មួយ​គ្រឿង (Silver Awards)» លើ​ប្រធាន​បទ​អភិវឌ្ឍន៍ ពី​គណៈកម្មការ រៀបចំ​ពិព័រណ៍​ពិភព​លោក​ឆ្នាំ​២០១៥ ទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី និង​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ BIE។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ពន្លាជាតិ​កម្ពុជា​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ទីតាំង Rice Cluster ដែល​ជា​តំបន់​ស្រូវ​អង្ករ ហើយ​មាន​ប្រទេស​៦​ចូល​រួម​នៅ​ក្នុង​តំបន់​នោះ មាន​ដូចជា​កម្ពុជា បង់ក្លាដេស ឡាវ មីយ៉ាន់ម៉ា សេរ៉ាឡេអូន និង​បាស្មាទីឥណ្ឌា។ ពន្លាជាតិ​កម្ពុជា​ត្រូវ​បាន​បែង​ចែក​ជា​បី​ផ្នែក​សំខាន់​ៗ ដោយ​ផ្នែក​ទីមួយ​ត្រូវ​បាន​តុប​តែង​រចនា​ពី​វប្បធម៌ អរិយធម៌ ដែល​បង្ហាញ​ពី​ប្រាង្គ​ប្រាសាទ​នានា។ ផ្នែក​ទីពីរ​ត្រូវ​បាន​តុបតែង​ជា​តំបន់​កសិកម្ម ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ប្រធាន​បទ​នៃ​ពិព័រណ៍​ពិភព​លោក ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ដំណាំ​ស្រូវ។ និង​ផ្នែក​ទីបី ត្រូវ​បាន​រៀបចំ​ឡើង​ជា​តំបន់​ពាណិជ្ជកម្ម ដោយ​មាន​ការ​ដាក់​តាំង​បង្ហាញ និង​លក់​នូវ​ផលិត​ផល​សិប្បកម្ម វត្ថុ​អនុស្សាវរីយ៍ និង​មាន​ការ​រៀបចំ​ឆាក​សម្តែង​សិល្បៈ​ផង​ដែរ។

សូម​បញ្ជាក់​ថា​ពិព័រណ៍​ពិភព​លោក​ឆ្នាំ​២០១៥ ក្រោម​ប្រធាន​បទ «ចិញ្ចឹម​ភព​ផែន​ដី ផ្តល់​ថាមពល​សម្រាប់​ជីវិត» ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១​ឧសភា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី Matteo Renzi និង​មាន​ការ​ចូលរួម​ពី​បណ្តា​គណៈប្រតិភូ​នៃប្រទេស​ជា​សមាជិក BIE និង​អង្គការ​អន្តរជាតិ​នានា។ ពិព័រណ៍​នោះ​មាន​បណ្តា​ប្រទេស​ចំនួន​១៤៥​នៅ​លើ​ពិភព​លោក និង​អង្គការ​អន្តរជាតិ​ធំ​ៗ​ចំនួន​៣ បាន​ចូលរួម ហើយ​ទទួល​បាន​អ្នក​ទស្សនា​រហូត​ដល់​ជាង ២០​លាន​នាក់​មក​ពី​ទូទាំង​ពិភព​លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ