អានតួអត្ថបទ
កម្ពុជា

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​រង​ការ​វាយដុំ​ ព្រួយ​បារម្ភ​ពី​សន្តិសុខ​ ពេល​វិល​ត្រលប់​មក​វិញ​

លោក គង់ សភា និង​លោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នឹង​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី២៤ខែវិច្ឆិកា​ខាងមុខនេះ បន្ទាប់ពី​សម្រាក​ព្យាបាល​របួស​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​អស់​រយៈពេល​ជិត១ខែ។ ស្ថានភាព​មុខរបួស​បាន​ធូr​ស្រាល ហើយ​ក្រុមគ្រូពេទ្យ​ក៏បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បានដែរ។ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព សំរាប់​អ្នកតំណាងរាស្ត្រ ព្រោះថា ជនដៃដល់​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​ ​ពី​សំណាក់​អាជ្ញាធរ​នៅឡើយ​ទេ ក្រៅតែពី​អ្នកចេញ​មុខមក​សារភាព៣នាក់។

តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប​ គឺលោក ​គង់​ សភា ​និងលោក ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ
តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប​ គឺលោក ​គង់​ សភា ​និងលោក ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ Um Saman
ផ្សាយពាណិជ្ជកម្ម

បើតាម​គម្រោង លោក គង់ សភា និង​លោក ញ៉យ ចំរើន នឹង​មកដល់​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​​ ២និង៤០នាទី​រសៀល ថ្ងៃទី២៤ខែវិច្ឆិកា​សប្តាហ៍​ក្រោយនេះ។ នេះ​បើ​យោងតាម​គណនេយ្យ​ហ្វេសប៊ុក​របស់លោក គង់ សភា ដែល​បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី២២វិច្ឆិកា។ លោក គង់ សភា បានសរសេរថា ស្ថានភាព​មុខរបួស​របស់លោក​ទាំង​ពីរបាន​ធូរស្បើយ​បន្តិច​ហើយ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់។ លោក គង់ សភា និង​លោក ញ៉យ ចំរើន បាន​ចំណាយពេល២៨ថ្ងៃ ក្នុងការ​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ។

ទន្ទឹមគ្នា​នឹង​ដំណឹង​នៃ​ការវិល​ត្រលប់​នេះ អ្នកតំណាងរាស្ត្រ​ទាំង​ពីររូប ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​នៅពេល​វិល​ត្រលប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ដែរ។ លោក គង់ សភា ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា បន្ត​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ឲ្យ​មាន​ប្រសិទ្ធិភាព និង​ឆាប់រហ័ស ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកតំណាង​រាស្ត្រ​ទាំងមូល។
លោក ឈាង វុន អ្នកនាំពាក្យ​សភាជាតិ មិនបាន​ចាត់ទុក​ដំណឹង​នៃ​ការវិល​ត្រលប់​របស់​អ្នកតំណាងរាស្ត្រ​ទាំង​ពីររូប ថា ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ ហើយ​រដ្ឋសភា ក៏​មិនចាំបាច់​ធ្វើ​អ្វី​ពិសេស​ណាមួយ​នោះដែរ។

គួរ​ជំរាបជូន​ថា លោក គង់ សភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង និង​លោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ត្រូវបាន​ក្រុមបាតុករ​វាយ​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ នៅក្នុង​បាតុកម្ម​ទំលាក់​លោក កឹម សុខា ពី​តំណែង​អនុប្រធាន​ទី១នៃ​រដ្ឋសភា កាលពី​ថ្ងៃទី២៦ខែតុលា​ឆ្នាំ២០១៥។ កាលណោះ លោក គង់ សភា បាន​រងរបួស​បាក់ឆ្អឹង​ខ្ទង់ច្រមុះ និង​រហែក​ក្រដាសត្រចៀក ដែល​ត្រូវតែ​វះកាត់​ជាបន្ទាន់។ ចំណែកឯ​លោក ញ៉យ ចំរើន បាន​រងរបួស បាក់​ឆ្អឹងកដៃ​ខាងស្ដាំ និង​បាក់ឆ្អឹង​រង្វង់​ភ្នែក​ខាងស្ដាំ ដែល​ត្រូវ​ឆ្លងកាត់​ការវះកាត់​ដូចគ្នា។ បើ​យោងតាម​រូបភាព​នៅថ្ងៃនេះ ដៃ​ខាងស្តាំ​របស់លោក ញ៉យ ចំរើន នៅ​មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ។

គួរ​ជម្រាបជូន​ដែរ​ថា ក្រោយពី​អំពើហិង្សា​វាយ​ដំ​លើ​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងពីរ​រូបនេះ​មក មានតែ​ជនដៃដល់៣នាក់​ប៉ុណ្ណោះ ដែល​បានចេញ​មុខមក​សារភាព បើទោះបីជា​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ពិសេស​មួយ​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ