អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ហេតុ​អ្វី​មេឃ​ក្តៅ​ ធ្ងន់ជើង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ហើម-​ក-ជើង ស្ពឹក​ស្រពន់​នៅ​កំភួន​ជើង ជើង​ធ្ងន់ ឈឺចុក​ចាប់ មេឃ​កាន់​តែ​ក្តៅ អវៈយវៈ​ក្រោម​ទាំង​ទ្វេ​ កាន់​តែ​ធ្ងន់​ តឹង​ ណែន មាន​អារម្មណ៍​ឆាប់​នឿយ​ហត់​ជើង​ខ្លាំង​មែន​ទែន។ អាការៈធ្ងន់ជើង​នេះ ច្រើន​កើត​មាន​ឡើង​ចំពោះ​ស្ត្រី (៧០%) និង​ច្រើន​តែ​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ចរន្ត​ឈាម​រត់​មិន​ស្រួល​ នៅ​សរសៃ​វ៉ែន សរសៃ​ដែល​នាំ​ឈាម​ទៅ​បេះដូង។តើ​នេះ​ជា​អ្វី ? ត្រូវ​ធ្វើ​យ៉ាង​ណា ទើប​បាន​ធូរ​ស្រាល ?

ការ​ដើរ​ជា​លំហាត់​ដ៏​ប្រពៃ​សម្រួល​ដល់​​ដំណើរ​ឈាម
ការ​ដើរ​ជា​លំហាត់​ដ៏​ប្រពៃ​សម្រួល​ដល់​​ដំណើរ​ឈាម Polo Museale Fiorentino
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ខ្លួន​ប្រាណ​មនុស្ស​មាន​ឈាម​រត់​កាត់​ឆ្វាត់​ឆ្វែង តាម​សរសៃ​ ៖ ជា​សរសៃ​អាទែ និង​សរសៃ​វែន។ សរសៃ​អាទែ ជា​អ្នក​នាំ​ដឹក​ជញ្ជូន​ឈាម​ពី​បេះ​ដូង ទៅ​ចិញ្ចឹម​សរីរាង្គ​​និង​ជាលិកា​ផ្សេងៗ​របស់​យើង។ គឺ​ជា​ឈាម​ក្រហម​ដែល​សម្បូរ​ទៅ​ដោយ​អ៊ុកស៊ីសែន និង​ជីវជាតិ​។ នៅ​ពេល​ចែក​ចាយ​អុកស៊ីសែន និង​ជីវជាតិ​អស់​ហើយ ឈាម​នេះ​ក៏ហូរ​វិល​បក​មក​បេះដូង​វិញ​ តាម​សរសៃ​វែន។ សរសៃ​វែននាំ​ឈាម​ទៅ​បេះដូង​វិញ​នេះ​មាន​ ឬ​ហៅ​ថា​សរសៃ​ឈាម​ខ្មៅ ផ្ទុក​ទៅ​ដោយ​ឧស្ម័ន​កាបូនិក និង​កាក​សំណល់​ ដែល​ត្រូវ​បំផ្លាញ​ចោល​ក្នុង​ដំណើរ​ហូរ​ត្រលប់​ទៅ​បេះដូង​វិញ។

 

ហេតុ​អ្វី​បាន​ជាជើង​ស្ពឹក​ស្រពន់​ ?

ការ​ហូរ​​ត្រលប់​ឡើង​ទៅ​លើ​ (ទៅ​បេះដូង​)​នេះ​ហើយ ដែល​មាន​ទាក់ទង​ខ្លាំង​នឹង​អាការៈ​ធ្ងន់​ស្ពឹក​ស្រពន់​ជើង។ ខុស​ពី​សរសៃ​ឈាម​ក្រហម​អាទែផ្ទៃ​នៃ​សរសៃ​ឈាម​វែន​រួម​រឹត​ដោយ​សរសៃ​សាច់​ដុំ។ ដូច្នេះ​វាមិន​អាច​កន្ទ្រាក់​ជួយ​ធាក់​ឈាម​ឱ្យ​ហូរ​ឡើង​ទៅ​បេះដូង​ទេ។ ប៉ុន្តែ​សរសៃ​វែន​មាន​បំពាក់​ដោយ​ប្រព័ន្ធ​សន្ទះ​ដូច​ត្រចៀក​ទ្វារ​ បើក​ឱ្យ​ឈាម​ហូរ​ឡើង​តែ​បិទ​មិន​ឱ្យ​ឈាម​ហូរ​បក​ក្រោយ​ទេ។ សម្ពាធ​បាត​ជើង និង​ការ​កន្ទ្រាក់​សាច់​ដុំ​កំភួន​ជើង ក៏​បាន​រួម​ចំណែក​ជួយ​ច្រាន​ឈាម​ឱ្យ​ហូរ​ឡើង​ទៅ​បេះ​ដូង​វិញ​ដែរ ដែល​នេះ​មាន​ន័យ​ដោយ​ខ្លី​ថា ការ​ដើរ​គឺ​ជា​លំហាត់​ដ៏​ប្រពៃ​សម្រាប់​ជំនួយ​ដំណើរ​វិល​ត្រលប់​ទៅ​កាន់​បេះ​ដូង​របស់​ឈាម។

កាលណា​ប្រព័ន្ធ​នេះ​ទន់​ខ្សោយ ឬ​ដោយ​ហេតុ​តែ​ភាព​ស្រណុក​សុខ​ស្រួល​​មិន​សូវ​ដើរ ឬ​ដោយ​ការងារ​ជំរុញ​ឱ្យ​ស្ថិត​ក្នុង​ជំហរ​ឈរ​ច្រើនម៉ោង​​មួយ​ថ្ងៃៗ នោះ​ដំណើរ​ឈាម​ក្នុង​សរសៃ​វែន ពិត​ជា​ត្រូវ​ជួប​ការលំបាក។ អារម្មណ៍​​ថា​មាន​ជើង​ធ្ងន់ ស្ពឹក​ស្រពន់ នឹង​អាច​ងាយ​កើត​ឡើ​ង​ជា​ប្រាកដ ជំងឺ​ខ្សោយ​សរសៃ​វែន​នឹងរាត​ត្បាត​​​​បន្តិច​ម្តង​ៗ។

លោក​វេជ្ជបណ្ឌិត Ariel Toledano ឯកទេស​ផ្នែក​​សរសៃ​ឈាមវ៉ែន ៖

“មាន​មូលហេតុ​ច្រើនដែល​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ជើង។ ប៉ុន្តែ​ការ​ស្ពឹក​ធ្ងន់​ជើង ច្រើន​តែ​មាន​​វដ្ត​របស់​វា​។ ចំពោះ​ស្ត្រី​ពេល​មុន​មក​ធ្លាក់​រដូវ​ ជា​ដំណាក់​កាល​ដែល​ស្រ្តី​ច្រើន​ឈឺចុក​ណែន​​ជើង។ ក្នុង​ករណី​នេះ គេអាច​ជួយ​ព្យាបាល​បាន។ ជើង​ធ្ងន់​អាច​បណ្តាលមក​ពី​ដំណើរ​ប្រែប្តូរ​ទំរង់​អាហារ​នៅ​ក្នុង​រាង​ខ្លួន ដោយ​ឱ្យ​តែមាន​​បញ្ហា​អាកាសធាតុ មេឃ​ក្តៅ​ខ្លាំង សីតុណ្ហភាព​ឡើង​ខ្ពស់ ប្តូរ​អាកាសធាតុ​ ប្តូរ​រដូវ ជើង​ក៏​ផ្តល់​អារម្មណ៍​ប្រែ​ប្រួល​ចុក​ណែន តឹង​ឈឺ​ទៅ​តាម​នោះ​ដែរ។
សកម្មភាព​ការងារ​ ក៏​អាច​​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​បញ្ហា​ណែន​ជើង​ដែរ ជា​ពិសេស​ចំពោះ​ការងារ​ដែល​នាំ​ឱ្យ​ឈរ ឬ​អង្គុយ​យូរ ច្រើន​ម៉ោង​ជាប់​គ្នា​ ក្នុង​មួយ​ថ្ងៃៗ។ គេ​នាំ​គិត​ព្រួយ​បារម្ភ​ច្រើន​ចំពោះ​អ្នក​ឈរ​ធ្វើការ តែ​​តាម​ការពិត​អ្នកអង្គុយ​​នៅ​ក្នុង​ការិយាល័យ​ ក៏​មាន​ហានិភ័យ​ច្រើន​នឹង​ជួប​បញ្ហា​ធ្ងន់ជើង​ដែរ។”

ផល​វិបាក​នៃ​ការ​ខ្សោយ​សរសៃ​ឈាម

ដំណើរ​ហូរ​ឈាម​ត្រលប់​ទៅ​បេះដូង​វិញ មិន​ត្រឹម​តែ​បង្ក​ឱ្យ​មាន​អារម្មណ៍​​ថា​ឈឺ​​រំខាន ណែន តឹង មិន​ស្រណុកនៅ​នឹង​ជើង ​ការ​ឡើង​​ហើម ​ភាព​ស្ពឹកស្រពន់ ធ្ងន់​លើក​មិន​រួច​នៃ​ជើង តែ​អាច​មាន​ ហានិភ័យ និង​ការ​​លាក់​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​ គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង។ នៅ​ពេល​ឃើញ​មាន​ឡើង​សរសៃ​ឈាមវ៉ែន​រីក ប៉ោង​ ទល់​មើល​ឃើញ​នៅ​លើ​ស្បែក ជើង​ប្តូរ​រូបភាព​​ខាង​ក្រៅ​ រមាស់ គួរ​តែ​គិត​គូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ព្រោះ​អនាគត​យូរ​ទៅ អាការៈ​នេះ​អាច​នឹង​ស្តែង​ចេញ​ជា​ផលវិបាក​ធ្ងន់ធ្ងរ។

« មាន​អាការៈធ្ងន់ជើង​យូរៗ​ទៅ យើង​អាច​នឹង​មាន​ភាព​មិនធម្មតា​នៅ​លើ​ស្បែក​ ដោយ​អាច​នឹង​គ្រោះ​កើត​ដំបៅ​ ហើយកាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត នឹង​អាច​មានការ​បង្ក​​ដុំ​​​ឈាមតូចៗ​ នៅ​តាម​សរសៃឈាម។ ផលិវិបាក​ទាក់ទង​នឹង​សរសៃ​ឈាម​វ៉ែន ដែល​ក្រុមគ្រូពេទ្យ​ព្រួយ​បារម្ភ​និង​ខ្លាច​ជាង​គេ​បំផុត​ គឺ​ការ​រលាក​សរសៃ​ឈាម​។ ជំងឺ​នេះ នឹង​អាច​កើត​មាន​បាន នៅ​ពេល​ណា​ដុំ​កំណក​ឈាម​ ទៅ​តោង​ជាប់​នៅ​លើ​ផ្ទៃ​នៃ​សរសៃ​វ៉ែន ឬ​សរសៃ​អាទែ ព្រោះ​តែ​​ចរន្ត​ឈាម​រត់​​​មិន​ស្រួល​។
ហើយ​ប្រសិន​បើ​ដុំ​កំណក​ឈាម​ ដាច់​អាច​ហូរ​ឡើង​តាម​​សរសៃ​ឈាម​ដល់​​​សួត នោះ​នឹង​អាច​កើត​មាន​ករណី​ស្ទះ​ប្រហោង​សរសៃ​ឈាម។ ការ​ស្ទះ​បែប​នេះ អាច​នឹង​ធ្វើ​ឱ្យអ្នក​ជំងឺ​​​ស្លាប់​បាន។ »

វិធីការពារ​ និង​សម្រួល​ការ​ស្ពឹក​ស្រពន់​ជើង

ដើម្បី​ថែរក្សា​សុខភាព​ជើង និង​សាកល្បង​កាត់​បន្ថយរោគ​សញ្ញា​ឈឺ​ចុក​ចាប់ ធ្ងន់​ ក្តៅ​ក្រហាយ​ជើង យើង​អាច​មាន​ដំណោះស្រាយ​ច្រើន។ ដើម្បី​សម្រួល​ កុំ​ឱ្យ​មាន​អាការៈ​សញ្ញា​ធ្ងន់ធ្ងរ​ខ្លាំង សេចក្តី​ណែនាំ​ទី​មួយ គឺ​ទាក់ទង​នៅ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ សូម​កុំ​ស្លៀក​ពាក់​ខោអាវ​តឹងៗ ដែល​រំខាន​ដល់​ចលនា​រត់​របស់​ឈាម។​ ស្រោច​ទឹក​ជើង​ញយៗ ជាមួយ​​ទឹក​ត្រជាក់​ស្រេប។ បើ​នៅ​ស្រុក​ត្រជាក់​ អាច​ប្រើ​ក្រណាត់​សើម​ទឹក​ មក​ស្អប់​ឬ​គ្រប​ជើង​ក៏​បាន។ ធ្វើ​ចលនា​សាច់​ដុំ​ ជើង​ ការ​ដើរ​ជា​លំហាត់​និង​ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​ដែល​ជួយ​ឈាម​ឱ្យ​មាន​ចរន្ត​​ហូរ​ត្រលប់​ទៅ​វិញ​ស្រួល។ ព្រោះ​នៅ​ពេល​ដើរ បាត​ជើង​ជាន់​ដី​ បោះជំហាន បង្កើត​ជា​សម្ពាធ​ និង​ជា​កន្ទ្រាក់​សាច់​ដុំ​កំភួន​ជើង ​ជួយ​ធាក់​ឈាម​ឱ្យ​ហូរ​ឡើង​បញ្ច្រាស​ទៅ​បេះដូង​វិញ​។

នៅពេល​យប់ ឬ​ពេល​ត្រលប់​ចូល​ផ្ទះ​សម្រាក​ពីការងារ យើង​អាច​ទម្រេត​ខ្លួន ឬ​សំរាន្ត​ដោយ​លើង​កល់ចុង​ជើង​នឹង​ខ្នើយ​​​ឱ្យ​ខ្ពស់ជាង​ក្បាល​ បញ្ច្រាស​សកម្មភាព​ពេល​ថ្ងៃ ដែល​ជើង​សំយ៉ុង​ចុះ​ក្រោម​រហូត​ ឈាម​ពិបាក​រត់​ឡើង​មក​វិញ។

ពេល​ធ្វើ​ដំណើរ​ឆ្ងាយ ត្រូវ​អង្គុយ​សំយ៉ុង​ជើង​ក្នុង​រថយន្ត ឬ​យន្តហោះ​យូរ​ថ្ងៃ មធ្យោបាយ​ដ៏​ប្រសើរ​ សម្រាប់​បញ្ជ្រៀស​ផលវិបាក​នៃ​ការ​ធ្ងន់ស្ពឹក​ជើង គឺ​ត្រូវ​ពាក់​ស្រោមជើង​ ផលិត​ឡើង​សម្រាប់​ជំនួយ​ចរន្ត​ឈាម និង​ទទួល​ស្គាល់​តាម​បែប​វេជ្ជសាស្ត្រ​វិទ្យាសាស្ត្រ​និង​រូបកាយសាស្ត្រ​ត្រឹមត្រូវ ដែល​ភាសា​បារាំង​ហៅ​ថា bas de contention

សម្រាប់​អ្នក​ចូល​ចិត្តនិយម​លេប​ថ្នាំ គេ​អាច​រក​ថ្នាំ​នៅ​តាម​ឱសថស្ថាន​បាន។ ជា​ថ្នាំ គ្រាប់​ដែល​ផលិត​ឡើង​សម្រាប់​ជំនួយ​កម្លាំង​សរសៃ​ឈាម​តូចៗ បើក​រន្ធ​ឱ្យ​ឈាម​ងាយ​រត់​ទៅ​រត់​មក។ ជា​លទ្ធផល​អាការៈ​ខ្សោយ​សរសៃ​ឈាម​នឹង​បាន​ធូរស្រាល ការ​ឈឺ​ចុក​ចាប់​ធ្ងន់​ជើង ក៏​បាន​ចុះថយ។ ឬ​ពុំ​នោះ​ទេ លោក​អ្នក​ក៏​អាច​រក​ជែល ឬក្រែម ដែល​លាប​ទៅ​បាន​ត្រជាក់​ជើង ក៏​អាច​ជួយ​សម្រួល​បាន​មួយ​ភ្លែតៗ​ដែរ។

ធ្វើ​ម៉ាស្សាសម្រួល​លំហូរ​ឈាម​ និង​ទឹក​រងៃ

ម៉ាស្សា​ ច្របាច់​ធ្វើ​សរសៃ​ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​អនុវត្ត​ដែរ ! ជា​ពិសេស​ការ​ធ្វើ​ម៉ាស្សា​ជើង ! អ្នក​វេជ្ជសាស្ត្រ​បាន​ទទួល​ស្គាល់​អំពី​ភាព​ប៉ិន​ប្រសព្វ​របស់​ពលរដ្ឋ​អាស៊ី ក្នុង​ការ​ម៉ាស្សាជើង។ ​ការ​ច្របាច់​ ម៉ាស្សា​នេះ មិន​ត្រូវ​បាន​ចាត់​ទុក​ជា​វិធី​បង្ការដ៏​មាន​ប្រសិទ្ធិភាព​ កុំ​ឱ្យ​មាន​បញ្ហា​សរសៃ​ឈាម​ខ្សោយទេ។ ប៉ុន្តែ​នៅ​ពេល​មាន​រោគ​សញ្ញា​ហើយ ម៉ាស្សាអាច​សម្រួល​ការ​ឈឺចុក​ចាប់​ស្ពឹក​ស្រពន់​បាន​យ៉ាង​ជាក់​ស្តែង ប្រសិន​បើ​ជា​ម៉ាស្សា​ត្រឹម​ត្រូវ​ប្រកប​ដោយ​បច្ចេកទេស ឱ្យ​អ្នក​ជំងឺ​ធ្វើ​​ចលនា​ដង្ហើម​ស៊ី​គ្នា។ ហើយ​ដើម្បី​ទាញ​ប្រសិទ្ធិភាព​បាន​ពេញ​លេញ ត្រូវ​​​ធ្វើ​មាស្សា​ជើងម្ខាងៗ​ កន្លះ​ម៉ោង​ ជា​ធម្យម ក្នុង​កន្លែង​និង​អារម្មណ៍​ស្ងប់​ស្ងាត់ ជា​ច្រើន​ដង៕



 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ