អានតួអត្ថបទ
កម្ពុជា

ក្រសួង​បរិស្ថាន​ត្រៀម​បើក​ធ្វើ​យុទ្ធនាការ​ត្រួត​ពិនិត្យ​បរិស្ថាន​ក្នុង​រោងចក្រ​

ក្រុមការងារ​របស់​ក្រសួងបរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់ និង​រោងចក្រ នឹងធ្វើ​យុទ្ធនាការ សំអាត​រោងចក្រ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ។ យុទ្ធនាការ​នេះ​មាន​គោលដៅ​ត្រួតពិនិត្យ​បរិស្ថាន​ក្នុង​រោងចក្រ​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​សុខភាព​របស់​និយោជិត។ រោងចក្រ​ទាំងអស់​ក៏​ត្រូវ​បាន​បញ្ជា​អោយ​ធ្វើ​ការ​វាយ តម្លៃ​ផលប៉ះពាល់​បរិស្ថាន​ផងដែរ។ នេះ​បើតាម​ប្រសាសន៍​របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​បាន​ថ្លែង​នៅក្នុង សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី ០៩ មីនា នេះ​នៅឯ​ទីស្តីការ​ក្រសួង​បរិស្ថាន។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​
លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ RFI-Monika
ផ្សាយពាណិជ្ជកម្ម

ការ​ត្រួត​ពិនិត្យ រចនា​សម្ពន្ធ័ លំហូរ​ខ្យល់ ជាតិពុល ការ​បញ្ចេញ​ចោល​កាក​សំណល់ នៅក្នុង​រោងចក្រ នឹងត្រូវ​ធ្វើ​ឡើង​ជា​ជំហាន​ដំបូង នៅ​ក្នុង រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល។ នេះ​បើតាម​ការ​អោយ​ដឹង​ពី​លោក រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។

លោក សាយ​សំអាល់ មាន​ប្រសាសន៍​ថា ក្រសួង​បាន​ចាត់​តាំង​ក្រុមការងារ​រួច​រាល់​អស់​ហើយ​ដើម្បី​ទៅ​ត្រួតពិនិត្យ​នៅតាម​រោងចក្រ​នានា​ក្នុង​ពេលឆាប់ៗ​ខាង​មុខ​នេះ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ក្នុង​តំបន់​និង​រោងចក្រ។

លោក​បន្ត​ថា នៅក្នុង​ការ​ត្រួត​ពិនិត្យ​នេះ​ប្រសិន​បើ​មាន​រចនា​សម្ពន្ធ័​ណា​មួយ​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ឬ​ក៏​សុខភាព​កម្មករ​នោះ រោងចក្រ​ត្រូវ​តែ​ធ្វើ​ការ​កែ​សំរួល​រចនា​សម្ពន្ធ័​នោះ ហើយ​ក្នុង​រយៈពេល​៦​ខែ​ក្រសួង​នឹង​ចុះ​មក​ត្រួត​ពិនិត្យ​ម្តង​ទៀត​។  ផ្ទុយ​ទៅ​វិញ បើ​រោងចក្រ​មិន​ព្រម​កែ​សម្រួល​ទេ  វិធានការ គឺ​ក្រសួង​នឹង​កែសំរួល​រចនា​សម្ពន្ធ័​នោះ​ដោយផ្ទាល់ ហើយ​គិត​ប្រាក់​ពី​រោងចក្រ​វិញ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី០៩ មីនា​នេះ លោក​បាន​ថ្លែង​ទៀត​ថា ក្រសួង​បរិស្ថាន​បាន​ចេញ​លិខិត​អោយ​ក្រុមហ៊ុន​ទាំងអស់​ធ្វើ​EIA ឬ​ការ​វាយ​តម្លៃ​ផលប៉ះពាល់​បរិស្ថាន។ លិខិត​នេះ ធ្វើឡើង​គឺ​ក្នុង​គោលដៅ អោយ​រោងចក្រ​ទាំងអស់ ចៀសវាង​មុន​អោយ​ហើយ ឬ​កែសម្រួល នូវ​រាល់​កំហុសឆ្គង​ណាមួយ​ដែល​បំពុលបរិស្ថាន ព្រោះ​ក្រសួង​មិន​ចង់​អោយ​មាន​ការធ្វើ​ខុស​ហើយ​ទើប​ទៅ​ចាប់​ដាក់ទោស​នោះទេ។

សូមបញ្ជាក់ថា កន្លងមកនេះ បញ្ហា​បរិយាកាស​ក្នុង​រោងចក្រ គ្មានខ្យល់​ចេញចូល​គ្រប់គ្រាន់ និង មាន​ក្លិន​មិនល្អ គឺជា​ផ្នែក​មួយ​ដែល​បណ្តាល​អោយ កម្មករ​នៅក្នុង​រោងចក្រ​មួយចំនួន​បាន​ដួល​សន្លប់។ ចំនែក បញ្ហា​កាកសំណល់​ជាតិពុល​ចេញពី​រោងចក្រ គឺជា​ក្តី​កង្វល់​បរិស្ថាន​នៅ​ជុំវិញ​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ