អានតួអត្ថបទ
កម្ពុជា

ផ្សារ​អូរ​ឬស្សី​បើក​លក់​ជា​ធម្មតា​ បន្ទាប់​ពី​ទទួល​រង​អគ្គីភ័យ​កាល​ពី​យប់​មិញ​

បន្ទាប់​ពីទទួល​រង​អគ្គីភ័យ​កាល​ពី​វេលា​ម៉ោង​ជាង​១០ យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​០៩​កុម្ភៈ​នេះ ផ្សារ​អូរ​ឬស្ស៊ី​បាន​បើក​ដំណើរ​ការ​ជា​ធម្មតា​វិញ​ហើយ​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អាជីវករ​ដែល​ជា​ម្ចាស់​តូប​ខូច​ខាត កំពុង​តែ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ ដើម្បី​បូក​សរុប​ការ​ខូច​ខាត​។ ប៉ុន្តែ​របាយការណ៍​លម្អិត​ទាក់ទង​នឹង​ការ​ខូច​ខាត​ថា​មាន​ទំហំ​ប៉ុណ្ណា​នោះ គឺ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​។

អគ្គីភយ័​ឆាបឆេះ​ផ្សារអូឬស្សី​កាលពីយប់​ថ្ងៃ​ទី​០៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥
អគ្គីភយ័​ឆាបឆេះ​ផ្សារអូឬស្សី​កាលពីយប់​ថ្ងៃ​ទី​០៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ រូបភាពពីទំពរ័facebook
ផ្សាយពាណិជ្ជកម្ម

កាល​ពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ យប់​ថ្ងៃ​អាទិត្យ ទី​០៨​ខែ​កុម្ភៈ​ អគ្គីភ័យ​បាន​ឆាប​ឆេះ​តូបលក់​ដូរ​​មួយ​ចំនួននៅ​ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​អូរ​ឬស្សី ក្នុង​តំបន់​លក់​ម្ហូប​អាហារ​។ ឆ្លង​កាត់​តាម​ការ​ស្រាវ​ជ្រាវ អាជ្ញាធរ​បាន​​សន្និដ្ឋាន​ជា​បឋម​ថា អគ្គីភ័យ​នេះ កើត​ចេញ​ពី​តូប​លក់​បបរ​សាម​ចូក។ តូប​លក់​បបរ​សាម​ចូក​ដែល​ប្រហែល​ជា​ពុំ​បាន​ពន្លត់​រងើក​ភ្លើង​ចង្ក្រានឲ្យ​​បាន​ត្រឹម​ត្រូវ មុន​នឹង​បិទ​តូប​។ នេះ​បើ​តាម​លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៩​កុម្ភៈ​នេះ​។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា បន្ទាប់​ពី​ឆាប​ឆេះ​អស់​ជាង​១​ម៉ោង អគ្គីភ័យ​ត្រូវ​បាន​ពន្លត់​ទាំង​ស្រុង​នៅ​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់ ដោយ​ប្រើ​ប្រាស់​បំពង់​ពន្លត់​អគ្គីភ័យ​អស់​៧១​បំពង់ និង​ទឹក​អស់​១៨​ឡាន​។ ក្រោយ​ពី​ពន្លត់​អគ្គីភ័យ​រួច កង​កម្លាំង​​ ក៏​ដូច​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​បោស​ជូត សម្អាត​កន្លែង​កើត​ហេតុ​ ព្រម​ទាំង​​រៀប​ចំ​របៀប​រៀប​រយ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ផ្សារ​អូរ​ឬស្សី​​បាន​បើក​ដំណើរ​ការ​ជា​ធម្មតា​វិញ​ហើយ​​។

យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​នៅ​មិន​ទាន់​មាន​របាយការណ៍​លម្អិត អំពី​ការ​​ខូច​ខាត​ថា​មាន​ទំហំ​ប៉ុណ្ណា​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​របាយការណ៍​បឋម​ឲ្យ​ដឹង​ថា អគ្គីភ័យ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ បាន​ធ្វើ​ឲ្យ​ខូច​ខាត​តូប​លក់​ដូរ​របស់​អាជីវករ សរុប​ទាំង​អស់​ចំនួន​១០​តូប​។ ដោយ​ក្នុង​នោះ តូប​លក់​កាហ្វេ​គុយ​ទាវ​ចំនួន​៣​តូប តូប​លក់​បាយ​១​តូប តូប​​លក់​នំ​បញ្ចុក​១​តូប តូប​លក់​ចាប់ហួយ​២​តូប តូប​លក់​នំ​ស្បោង​១​តូប និង​តូប​លក់​គ្រឿង​ជ័រ​ក្មេង​លេង​ចំនួន​២​តូប​។

បើ​តាម​លោក​ឡុង ឌីម៉ង់ ដោយសារ​តែ​ការ​ខូច​ខាត​ពី​​អគ្គីភ័យ​នៅ​ផ្សារ​អូរឬស្សី​នេះ មិន​មាន​លក្ខណៈ​ធំ​ដូច​ការ​ខូច​ខាត​ពី​អគ្គីភ័យ​នៅ​ផ្សារ​ចាស់ ទើប​ការ​ដោះ​ស្រាយ​នានា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​បន្ទុក​របស់​អាជ្ញាធរ​ខណ្ឌ​៧​មករា​។ ដោយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អាជីវករ​ដែល​ជា​ម្ចាស់​តូប​ខូច​ខាត កំពុង​តែ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ ដើម្បី​បូក​សរុប​ការ​ខូច​ខាត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ