អានតួអត្ថបទ
កម្ពុជា

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ការ​បំផ្ទុះ​យន្តហោះ Drone នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អះអាងថា​សម្លេង​ផ្ទុះ​ពីលើ​អាកាស​កាលពី​ថ្ងៃអាទិត្យ​គឺជាការ​បំផ្ទុះ​យន្តហោះ​គ្មាន​មនុស្ស​បើក Drone ដែលមាន​សម្លេង​ឮ​ខ្លាំង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ទេ។ សម្លេង​ផ្ទុះ​ដែល​ធ្លាក់​បំណែ​កនៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះ​វិហារ​លើកទី៤នេះ មិនត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់​ថា​ជា​ទង្វើ​របស់​អ្នកណា ហើយ​ក្នុង​គោល​បំណង​អ្វីនោះ​ទេ ដោយ​ជំនាញ​កំពុង​តែ​ធ្វើ​ការ​ស្រាវ​ជ្រាវ។

ពលរដ្ឋ​ជាអ្នកទេសចរណ៍​នៅតែបន្តទៅកាន់ប្រសាទព្រះវិហារនា​ពេលកន្លងមក
ពលរដ្ឋ​ជាអ្នកទេសចរណ៍​នៅតែបន្តទៅកាន់ប្រសាទព្រះវិហារនា​ពេលកន្លងមក @rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

គិត​ទាំង​ការផ្ទុះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី៧ធ្នូ​ម្សិលមិញ​មួយទៀត គឺជា​លើក​ទី​៤​ហើយ​ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅលើ​តំបន់​ប្រាសាទ​ព្រះ​វិហារ។ក៏ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​គ្រាន់​តែ​បាន​ដើរ​ប្រមូល​បំណែក​លោហៈ​យក​ទៅ​ទុក​ស្រាវជ្រាវ​ប៉ុណ្ណោះ មិន​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ថា​ជា​ប្រភេទ​ឧបករណ៍​អ្វី ហើយ​គេ​បំផ្ទុះ​ក្នុង​គោល​បំណង​អ្វី?

 

លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖«យើង​គ្រាន់តែ​ដឹងថា​ស្នូរ​ផ្ទុះ​នោះ​គឺជា​ការ​បំផ្ទុះ​យន្តហោះ គ្មាន​មនុស្ស​បើក Drone។ ដោយឡែក​ចំពោះ​ថា តើ​ហេតុការណ៍​នោះ ជា​ស្នាដៃ​របស់​យោធា ឬ​ស៊ីវិល ហើយ​គេ​ធ្វើ​ក្នុង​គោលបំណង​អ្វី ជំនាញ​របស់​យើង​កំពុងតែធ្វើការ​ស្រាវជ្រាវ»។

លោក ផៃ ស៊ី​ផាន បន្តថា​ប្រភេទ​យន្តហោះ Drone នោះ ជាទូទៅ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គម្រោង​៣​ផ្សេង​គ្នា​គឺ ប្រើប្រាស់​សម្រាប់​វិស័យ​យោធា បំរើ​ដល់​ការសិក្សា​អំពី​រ៉ែ និង ឬក៏​ជា​គម្រោង​ថត​ពីលើ​អាកាស​ក្នុង​ការថត​ជា​លក្ខណៈ​ឯកជន។

ទោះជា​យ៉ាងណាក៏ដោយ​គេ​នៅ​មិនទាន់​ដឹង​ពី​ប្រភព​ច្បាស់លាស់​នៅឡើយ​ទេ ដោយសារ​នៅលើ​បំណែក​ដែល​រាយប៉ាយ ធ្លាក់​ទៅលើ​ដី​នោះ​ពុំមាន​លេខ ឬ​សញ្ញា​ណាមួយ​ជាការ​កត់សម្គាល់​ឡើយ។ តែ​អ្នកនាំពាក្យ​រូបនេះ​បាន​ផ្តោត​ចំណាប់អារម្មណ៍​ទៅលើ​ដំបន់​នោះ​ស្ថិត​នៅក្បែរ​ខាង​ប្រទេស​ថៃ និង​ស្វែងរក​ប្រភព​ពិតប្រាកដ មុននឹង​ចេញ​សេចក្តីថ្លែងការណ៍។

សូម​បញ្ជាក់​ថា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ មាន​សម្លេង​ផ្ទុះ​បន្តបន្ទាប់​គ្នា​យ៉ាងខ្លាំង​នៅលើ​អាកាស​ចំនួន ២ដង ក្នុង​ចំណុច​ភូមិ​ស្វាយជ្រុំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ធ្វើ​ឲ្យ​មនុស្សម្នា​ផ្អើល​គ្រប់គ្នា ហើយ​ធ្វើ​ឲ្យ​បំណែក​លោហៈ​រាយប៉ាយ​ចំនួន៥កន្លែង​ផ្សេងគ្នា ក៏ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ឬក៏​មានការ​ខូចខាត​អ្វី​ឡើយ។ការផ្ទុះ​នេះ​ត្រូវគេ​មើលឃើញថា​មិនមាន​អ្វី​ខុសគ្នា​ពី​ការ​ផ្ទុះ​មុនៗនោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ