អានតួអត្ថបទ
កម្ពុជា

សាលា​ឧទ្ធរណ៍ សម្រេច​មិន​ដោះលែង​សកម្មជន​ម្នាក់ របស់​គណបក្ស​សង្គ្រោះជាតិ​

ទីបំផុត​ទៅ នៅ​ព្រឹក​ថ្ងៃ​ទី​១២​វិច្ឆិកា​នេះ ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បាន​សម្រេច មិន​អនុញ្ញាត​ឲ្យ​លោក ស៊ុំ ពុ​ទ្ធី សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ឃុំ​ឡើយ។ លោក ស៊ុំ ពុ​ទ្ធី ជាប់​ចោទ ក្នុង​រឿង​ចូល​រួម​ធ្វើ​បាតុកម្ម បង្ក​ជា​អំពើ​ហិង្សា នៅ​ស្ពាន​នាគ ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ចំណែក​មេធាវី​ការពារ​ក្តី​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រង់ចាំ​ចៅក្រម តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ សេចក្តី​សម្រេច​លើ​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ។

លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ @facebook CNRP
ផ្សាយពាណិជ្ជកម្ម

សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក ស៊ុំ ពុ​ទ្ធី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ ដែល​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ខែតុលា គឺ​នៅ​ព្រឹក​ថ្ងៃទី១២វិច្ឆិកា​នេះ ចៅក្រម​តុលាការ​សាលា​ឧទ្ធរណ៍ បាន​បដិសេធ មិន​ដោះលែង​ឲ្យ​នៅក្រៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះទេ។ 

ចៅក្រម បាន​ចោទប្រកាន់​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​រឿង​បាតុកម្ម រំដោះ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ១៥កក្កដា ៣ បទល្មើស រួមមាន៖ ទី១-បទ​ផ្តើមគំនិត​ដោយមាន​ស្ថាន​ទម្ងន់​ទោស​​ហិង្សា​ដោយ​ចេតនា តាម​មាត្រា ២៨ និង​មាត្រា ២១៨ ទី២-បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ តាម​មាត្រា ៤៩៥ និង​ទី៣-ដឹកនាំ​ចលនា​កុបកម្ម មាត្រា ៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។ មាត្រា ៤៥៩ កំណត់​ទោស​ពន្ធនាគារ ដល់​ទៅ ៣០ ឆ្នាំ។

គិត​ដល់​ថ្ងៃ ១២​វិច្ឆិកា​នេះ មាន​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១៤ នាក់ ត្រូវបាន​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា នៅ​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ ក្នុងនោះ មាន​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤ នាក់ ត្រូវ​បាន​ឃុំខ្លួន ដោយ​អាជ្ញាធរ រួមមាន៖ លោក អ៊ុក សំណាង លោក ស៊ុំ ពុ​ទ្ធី និង​លោក មា​ជ សុវណ្ណារ៉ា និង​លោក កែ ឃីម។

លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​លោក កែ ឃីម សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន កាល​ពី​រសៀល​ថ្ងៃ​ទី​១១​វិច្ឆិកា ពាក់ព័ន្ធ​នឹង​សំនុំ​រឿង​បាតុកម្ម រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ២០១៤។

លោក ចាន់ ចេង មេធាវី​ការពារ​លោកមា​ជ សុ​ណ្ណា​រ៉ា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១២វិច្ឆិកា​ថា ក្រោយ​ការចាប់ខ្លួន​លោក មា​ជ​សុវណ្ណារ៉ា កាល​ពី​ថ្ងៃ​ទី​១១​វិច្ឆិកា លោក​មេធាវី បានដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​កូនក្តី​លោក បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន។ ប៉ុន្តែ​ចៅក្រម មិនទាន់​ឆ្លើយ​តប​បែបណា​នៅ​ឡើយ​ទេ។ ចៅក្រម មាន​ពេល​យ៉ាង​យូរ ៥​ថ្ងៃ ដើម្បី​ឆ្លើយតប​នឹង​ការ​ស្នើសុំ​នៅក្រៅ​ឃុំ។ លោក​មេធាវី ក៏​បាន​ប្រកាស​ថា ត្រៀម​ដាក់​ពាក្យ​ស្នើសុំ នៅក្រៅ​ឃុំ ទៅកាន់​តុលាការ​សាលាឧទ្ធរណ៍ បើ​សិន​ជា​ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​លោក មា​ជ សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ