អានតួអត្ថបទ
កម្ពុជា

សមូហ​កម្ម​អក្សរសិល្ប៍​នូ ហាច​ រៀប​ចំ​វេទិកា​ពិភាក្សា​ និង​ប្រគល់​រង្វាន់​ដល់​ជ័យ​លាភី​ស្នាដៃ​អក្សរ​សិល្ប៍​

សមូហកម្ម​អក្សរសិល្ប៍​នូ ហាច នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី១២កក្កដា​នេះ នឹង​រៀបចំ​វេទិកា​ពិភាក្សា​ក្រោម​ប្រធានបទ «អនាគត​អក្សរសិល្ប៍​ខ្មែរ» នៅ​សាល​អង្គរ​គី​ហ្សូ​ណា នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន ហៅ​កាត់​ថា CJCC។ ជា​រៀងរាល់ឆ្នាំ សមូហកម្ម​អក្សរសិល្ប៍​នូហាច តែងតែ​រៀបចំ​វេទិកា​នេះ ដើម្បី​ឲ្យ​អ្នកនិពន្ធ និង​អ្នក​ស្រឡាញ់​ការ​តែង​និពន្ធ បាន​ជួបជុំ ផ្លាស់ប្ដូរ​យោបល់​គ្នា និង​ជាពិសេស ដើម្បី​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​ស្នាដៃ​អក្សរសិល្ប៍​នូហាច ផងដែរ។

RFI-រចនា
ផ្សាយពាណិជ្ជកម្ម

 

វេទិកា​ពិភាក្សា​អំពី​អក្សរសិល្ប៍ ត្រូវបាន​សមូហកម្ម​អក្សរសិល្ប៍​នូ ហាច រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំនេះ វេទិកា​ពិភាក្សា​ត្រូវ​រៀបចំឡើង​ក្រោម​ប្រធានបទ «អនាគត​អក្សរសិល្ប៍​ខ្មែរ»។ អ្នកនិពន្ធល្បីៗដូចជា លោក​គឹម ចាន់ណា លោក​ជិន មាស លោកស្រី​អ៊ុំ សុ​ផានី លោក​ឃឹម ច័ន្ទ​សុ​អ​ហំ និង​លោក​សុខ ចាន់​ផល​ជាដើម នឹងចូលរួម​ចែករំលែក​បទពិសោធ ផ្លាស់ប្ដូរ​យោបល់ នៅក្នុង​វេទិកា​ពិភាក្សា​នោះ។

ក្រៅពី​វេទិកា​ពិភាក្សា​នេះ អង្គពិធី​ក៏​ចូលរួម​អបអរសាទរ​ដល់​កវី​អ្នកនិពន្ធ​ចំនួន៦រូប ដែលជា​ជ័យលាភី​អក្សរសិល្ប៍​នូ ហាច ផងដែរ។ កញ្ញា​ញឹម សុខ​នា ជំនួយការ​ប្រធាន​គម្រោង នៃ​សមូហកម្ម​អក្សរសិល្ប៍​នូ ហាច ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​សៅរ៍ ទី១២កក្កដា​នេះ​ថា ការប្រកួត​ស្នាដៃ​អក្សរសិល្ប៍​ឆ្នាំនេះ ចែកចេញជា៣ផ្នែក គឺ​រឿង​ខ្លី កំណាព្យ និង​ប្រលោមលោក​ខ្នាត​ខ្លី។

បើតាម​កញ្ញា​ញឹម សុខ​នា គណៈកម្មការ​ដាក់ពិន្ទុ រក​ឃើញតែ​ជ័យលាភី​ផ្នែក​ស្នាដៃ​រឿង​ខ្លី និង​ស្នាដៃ​កំណាព្យ​ប៉ុណ្ណោះ។ គ្មានទេ ជ័យលាភី​ផ្នែក​ប្រលោមលោក​ខ្លី។ នោះ​ក៏​ដោយសារតែ ស្នាដៃ​ប្រលោមលោក​ខ្នាត​ខ្លី​ដែល​ដាក់​ប្រកួត​មាន​ចំនួន​តិច និង​គ្មាន​លក្ខណៈសម្បត្តិ​ល្អ​គ្រប់គ្រាន់។

នេះ​ជា​ឱកាស​ដែល​អ្នកចូលរួម ដែល​ភាគច្រើន​ជា​អ្នក​ស្រឡាញ់​ការ​តែង​និពន្ធ បាន​ជួប​ជជែក​ដោយផ្ទាល់​ជាមួយ​អ្នកនិពន្ធ ព្រមទាំង​មានឱកាស​ទិញ​សៀវភៅ​ពី​គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ និង​អ្នកនិពន្ធ នៅក្នុង​តម្លៃ​ពិសេស​ផងដែរ។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​នៅ​សាល​អង្គរ​គី​ហ្សូ​ណា នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន ហៅ​កាត់​ថា CJCC ចាប់ពី​ម៉ោង១២និង៣០នាទី​រសៀល ដល់​ម៉ោង៥ល្ងាច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ