អានតួអត្ថបទ
កម្ពុជា

សហភាព​សហជីព​កម្ពុជា​បដិសេធ​ការ​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ពាកព័ន្ធ​នឹង​​​កាល​បរិច្ឆេទ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​កាត់​ដេរ​

សហភាព​សហជីព​កម្ពុជា របស់​លោក​រ៉ុង ឈុន បាន​ប្រកាស​បដិសេធ ចំពោះ​ការ​បោះ​ឆ្នោត របស់​គណៈកម្មការ​ប្រឹក្សា​ការងារ កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មិថុនា​ ដែល​កំណត់​យក​ថ្ងៃ​ទី១​ខែ​មករា ឆ្នាំ​២០១៥ ជា​កាល​បរិច្ឆេទ​សម្រាប់​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយនភ័ណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​។ សហភាព​សហជីព​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ ពិនិត្យ​ចំពោះ​ការ​សម្រេច​ឡើង​វិញ ដើម្បី​​បញ្ចៀស​​​​បញ្ហា​បាតុកម្ម កុំ​ឲ្យ​កើត​មាន​បន្ត​ទៀត​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​សហជីព​កម្ពុជា ចុះ​ថ្ងៃ​ទី​០១​កក្កដា។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា។ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

ការ​បដិសេធ​របស់​សហភាព​សហជីព​កម្ពុជា បាន​ធ្វើ​ឡើង បន្ទាប់​ពី​គណៈកម្មការ​ប្រឹក្សា​ការងារ កាល​ពី​ថ្ងៃ​ចន្ទ ទី​៣០​មិថុនា បាន​បោះ​ឆ្នោត​សម្រេច​កំណត់​យក​ខែ​មករា​ឆ្នាំ​២០១៥ ជា​កាល​បរិច្ឆេទ​​ចូល​ជា​ធរមាន ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៥ របស់​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង។

លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​អះអាង​​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​នេះ មិន​បាន​បម្រើ​ផល​ប្រយោជន៍​ដល់​កម្មករ​និយោជិត ដោយ​សារ​តែ​សមាសភាព​គណៈកម្មការ​ប្រឹក្សា​ការងារ ភាគ​ច្រើន​លើស​លុប គឺ​មក​ពី​ខាង​រដ្ឋាភិបាល។ ហើយ​ថា ការ​សម្រេច​នេះ គ្រាន់​តែ​បម្រើ​ផល​ប្រយោជន៍​និយោជក​តែ​ប៉ុណ្ណោះ។​​

សេចក្ដី​ថ្លែងការណ៍​គ្មាន​លេខ ចុះ​ថ្ងៃ​ទី​១​ខែ​កក្កដា របស់​សហភាព​សហជីព​កម្ពុជា បាន​លើក​ឡើង​ទៀត​ថា កម្មករ កម្មការិនី​បម្រើ​ការងារ​គ្រប់​វិស័យ ដែល​បាន​ធ្វើ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ មិន​ទាន់​មាន​ដំណោះ​ស្រាយ​ទេ ហើយ​តំណាង​សមាគម និង​សហជីព បាន​ថ្លែងការណ៍​រួម កាល​ពី​ថ្ងៃ​ទី​២៣​មិថុនា​កន្លង​ទៅ​នេះ ដោយ​ស្នើ​ឲ្យ​យក​ថ្ងៃ​ទី០១​តុលា​ខាង​មុខ​នេះ ជា​កាល​បរិច្ឆេទ​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ​។​ សហភាព​សហជីព​កម្ពុជា បាន​ស្នើ​សូម​ឲ្យ​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ ពិនិត្យ​ចំពោះ​ការ​សម្រេច​ឡើង​វិញ ដើម្បី​បញ្ចៀស​បញ្ហា​បាតុកម្ម កុំ​ឲ្យ​កើត​មាន​បន្ត​ទៀត​។

សូម​រំលឹក​ថា ទាក់ទង​នឹង​ប្រាក់​ឈ្នួល​កម្មករនេះ កាល​ពី​ថ្ងៃ​ចន្ទ ទី​៣០​មិថុនា​កន្លង​ទៅ គណៈ​កម្មការ​​ប្រឹក្សា​ការងារ បាន​បោះឆ្នោត​ជា​សម្ងាត់ ដែល​ជា​លទ្ធផល គឺ​កំណត់ យក​ខែ​កក្កដា ឆ្នាំ​២០១៤ នេះ ជា​ការ​ចាប់ផ្តើមពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ ជា​លក្ខណៈ​​​ផ្ទៃ​ក្នុង​របស់​ភាគី​នីមួយ​ៗ។ ហើយ​យកខែ​សីហា សម្រាប់​ការ​ពិភាក្សា​ទ្វេ​ភាគី ។ នៅ​ខែ​កញ្ញា ពិភាក្សា ជា​លក្ខណៈ​ត្រី​ភាគី ។ ចំណែក​​ខែ​តុលា បើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ កំណត់​ប្រាក់​ឈ្នួល​អប្បរមា សម្រាប់​ឆ្នាំ ២០១៥​។ ហើយ​នៅ​ខែ​មករា ឆ្នាំ ២០១៥ ជា​កាល​បរិច្ឆេទ​​ចូល​ជា​ធរមាន ប្រាក់​ឈ្នួល​អប្បរមា​ សម្រាប់​ឆ្នាំ​២០១៥។

គួរ​ដឹង​ដែរ​ថា គណៈកម្មការ​​​ប្រឹក្សា​ការងារ​ មាន​សមាជិក ២៨រូប ប៉ុន្តែ​នៅ​ថ្ងៃ​បោះ​ឆ្នោត​សម្ងាត់ ថ្ងៃ​ទី​៣០​មិថុនា​នោះ គឺ​អវត្តមាន ៥​រូប។ ដូច្នេះ ​​អង្គ​​បោះឆ្នោត​មាន​២៣រូប ហើយ​លទ្ធផល គឺ​២០​​សំឡេង​​គាំទ្រ កំណត់​យក​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ២០១៥ ជា​ថ្ងៃ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​និយោជិក​។​ ចំណែក ៣​សំឡេងទៀត ​ប្រឆាំងនឹង​ការ​កំណត់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ