អានតួអត្ថបទ
កម្ពុជា

បណ្តាញ​ព្រះសង្ឃ ផ្តើមយុទ្ធនាការ ដើម្បី​រក្សា​ដី​ពុទ្ធសាសន​បណ្ឌិត្យ

បណ្តាញ​ព្រះសង្ឃ ដែល​មាន​ឈ្មោះ​ថា “បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម” បាន​ប្រកាស ចាប់​ផ្តើម​យុទ្ធនាការ ជួបជុំ ដាក់​ញត្តិ​តវ៉ា ទៅ​កាន់​ក្រសួង​ធម្មការ និង​សាសនា ព្រម​ទាំង​មន្ទីរ​ធម្មការ និង​សាសនា តាម​បណ្តា​ខេត្ត​នានា។ គោល​បំណង គឺ​ព្រះសង្ឃ ទាមទារ មិន​ឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើល យក​ដី​មួយ​ផ្នែក របស់​ពុទ្ធសាសនបណ្ឌិត្យ នោះ​ទេ។

សន្និសីទកាសែត របស់ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម នៅថ្ងៃទី ១៨មិថុនា ២០១៤។
សន្និសីទកាសែត របស់ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម នៅថ្ងៃទី ១៨មិថុនា ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​បណ្តាញ​ព្រះសង្ឃ បាន​ជួបជុំ ប្រកាស​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី១៨មិថុនា​នេះ អំពី​ការរំលោភបំពាន​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​ស្ថិត​នៅជាប់​រដ្ឋសភា។ ដី​ទំហំ ៣០ ម៉ែត្រ គុណ​នឹង ១០០ ម៉ែត្រ ត្រូវបាន​ក្រុមហ៊ុន ណាហ្គា​វើ​ល ហ៊ុំ​ព័ទ្ធរបង ក្រោម​កិច្ចសន្យា​ជួល។ 

ទីតាំង​ពុទ្ធសាសនបណ្ឌិត្យ ក៏ត្រូវ​ក្រុមហ៊ុន​ណាហ្គា​វើ​ល វាយកម្ទេច​របង និង​ក្លោងទ្វារ ផ្នែក​ខាងជើង កាលពី​ខែឧសភា។ ក្លោងទ្វារ និង​របង​ពុទ្ធសាសនបណ្ឌិត្យ​នោះ ទើស​ទាល់​ដល់​ដំណើរការ​សាងសង់​ផ្លូវ​ក្រោម​ដី របស់​ក្រុមហ៊ុន​បន​ល្បែង ណាហ្គា​វើ​ល។

ព្រះតេជព្រះគុណ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម បាន​ក្រើនរម្លឹក​ដល់​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​ចាត់វិធានការ ដកហូត យក​ដី​ពុទ្ធសាសនា​បណ្ឌិត្យ មកពី​ក្រុមហ៊ុន ណាហ្គា​វើ​ល មកវិញ។ ក្នុងការ​ទាមទារ​រក្សា​ដី​ទីកន្លែង​សក្ការៈ ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ១៩២១ ហើយ​បាន​វិ​វ​ឌ្ឍ​ជា​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ទីតាំង​សព្វថ្ងៃ កាលពី​ឆ្នាំ១៩៩៨ ត្រូវបាន​ព្រះតេជព្រះគុណ ប៊ុត ប៊ុន​តិ​ញ និង​ក្រុម​បណ្តាញ​ព្រះសង្ឃ គ្រោង​នឹង​ជួបជុំ ដាក់​ញត្តិ​នៅ​មន្ទីរ​ធម្មការ និង​សាសនា តាម​បណ្តា​ខេត្ត​មួយចំនួន រួមមាន នៅ​ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និង​ខេត្តកំពង់ឆ្នាំង។

ក្រៅពីនេះ ព្រះសង្ឃ ក៏​នឹងធ្វើ​យុទ្ធ​ការ ស្វែងរក​ការគាំទ្រ​តាម​អន​ឡាញ រួមទាំង​ទំនាក់ទំនង​ទៅកាន់​សាសនា​គ្រឹះ និង​សាសនា​ឥស្លាម នៅ​ទូទាំង​ពិភពលោក ដោយ​យក​លំនាំ​តាម​ការតស៊ូ​មតិ ដូច​នៅ​ប្រទេស​ស្វី​ស ដើម្បី​រួមគ្នា ការពារ​ដី​របស់​ពុទ្ធសាសនបណ្ឌិត្យ។

ក្នុង​លិខិត​ចុះ​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ ផ្ញើ​ទៅកាន់​ក្រុមហ៊ុន​ណាហ្គា​វើ​ល  លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ណាហ្គា វើ​ល វាយរបង និង​ខ្លោងទ្វារ​ពុទ្ធសាសនបណ្ឌិត្យ ដើម្បី​បង្កលក្ខណៈ​ឲ្យ​ដំណើរ​ការសាងសង់​ផ្លូវ​ក្រោម​ដី ប្រកបដោយ​សុវត្ថិភាព។ តែ​ក្រុមហ៊ុន​ណាហ្គា​វើ​ល ត្រូវ​សាងសង់​របង និង​ក្លោងទ្វារ​ថ្មី​ឡើងវិញ តាម​រចនាបថ​ដើម ក្រោយពី​បញ្ចប់​ការដ្ឋាន​របស់ខ្លួន ដែល​នៅ​ចំ​ពីមុខ​បរិវេណ​ពុទ្ធសាសនបណ្ឌិត្យ។

ប៉ុន្តែ​កាលពី​រសៀល​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​ជួបជុំ ដាក់​ញត្តិ​ជូន​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការរុះរើ​របង និង​ខ្លោងទ្វារ​ពុទ្ធសាសនបណ្ឌិត្យ និង​បញ្ឈប់​ការជួល​ដី​ពុទ្ធសាសនបណ្ឌិត្យ ឲ្យ​ក្រុមហ៊ុន​ណាហ្គា​វើ​ល។

ជុំវិញ​ការតវ៉ា​នោះ លោក មិន ឃិន រដ្ឋមន្ត្រី និង​លោក សេង សុ​មុនី អ្នកនាំពាក្យ ក្រសួង​ធម្មការ និង​សាសនា មិន​លើក​ទូរស័ព្ទ​ទេ នៅ​ព្រឹក​ថ្ងៃទី១៨មិថុនា។ ចំណែក​លោក ផន ថា​វី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា មន្ទីរ មិនទាន់​ទទួល​ញត្តិ​តវ៉ា​ពី​ក្រុមព្រះ​សង្ឃ​ទេ ហើយ​ម្យ៉ាងទៀត ពុទ្ធសាសនបណ្ឌិត្យ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង ដែល​ផុតពី​សមត្ថកិច្ច​របស់​មន្ទីរ​ធម្មការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ