អានតួអត្ថបទ
កម្ពុជា

កោះ​ត្រល់​បន្ត​កក្រើក​ក្នុង​ចំណោម​អ្នក​នយោបាយ​

ការលើកឡើង​ពី​បញ្ហា​បាត់​កោះត្រល់​ បាន​រាលដាល​ដល់​ការឆ្លង​ឆ្លើយ​គ្នា​ក្នុងចំណោម​អ្នកនយោបាយ​នៃ​គណបក្សប្រឆាំង​គ្នា​ទាំងពីរ។ប្រធានបទ​កោះត្រល់​ដែល​វៀតណាម​ដាក់ឈ្មោះ កោះ​ភូ​គុក ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មេដឹកនាំ​បក្សប្រឆាំង​ជាមួយនឹង​សុទិដ្ឋិនិយម​ថា​ កម្ពុជា​អាច​នឹង​យក​វិញ​បាន​តាមផ្លូវ​ច្បាប់។ ក៏ប៉ុន្តែ​សមាជិកសភា​គណបក្សកាន់អំណាច ​បានស្នើ​ឲ្យ​មានការ​វិនិច្ឆ័យ​ពី​ការទទួលខុសត្រូវ​និង​ការបាត់បង់​កោះត្រល់។

រូបភាពពីfacebook របស់លោក កឹម សុខា
ផ្សាយពាណិជ្ជកម្ម

បញ្ហា​កោះត្រល់​ហាក់ដូចជា​ចាប់ផ្តើម​កក្រើក​ឡើងវិញ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​ ប្រធានបទ​នេះ​ត្រូវបាន​ឆ្លើយឆ្លង​គ្នា​រវាង​អ្នកនយោបាយ​ផងដែរ។ នៅក្នុង​លិខិត​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃទី៩មិថុនា ម្សិលមិញ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​ សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​រដ្ឋសភា បាន​សរស​រថា លោក​បានស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើការ     វិនិច្ឆ័យ​​ថា តើ​ការបាត់បង់​កោះត្រល់​ជា​កំហុស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​កំហុស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​ជា​កំហុស​របស់​យើងទាំងអស់គ្នា​ដែល​កើត​ក្រោយ​ឆ្នាំ​១៩៤៩​ ឬ​យ៉ាងណា។ 

អមដោយ​ឯកសារ​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក្រោម​ចំណងជើង​ថា «កោះត្រល់​ក្នុងសម័យ​ខ្មែរ​ក្រហម​»​ លោក ឈាង វុន បាន​បន្តថា លោក​ស្នើ​ឲ្យ​បងប្អូន​ខ្មែរ​និង​អ្នកនយោបាយ​មួយ​ចំនួន​​ដែល​​គេ​​យល់ថា​ អាច​ទៅ​ដណ្តើម​កោះត្រល់​មកវិញ​បាន​នោះ សុំ​ពិចារណា​ទៅនឹង​អ្វី​ដែល​​ពួក​ប៉ុលពត​បាន​អនុវត្ត​​នៅពេលដែល​ពួកគេ​កាន់អំណាច​នៅ​ឆ្នាំ១៩៧៥ដល់​ឆ្នាំ១៩៧៨។​ អត្ថបទ​ដែលមាន​ពីរ​ទំព័រ​បង្ហាញ​ពី​ភាពបរាជ័យ​របស់​ទា​ហាន​ខ្មែរក្រហម​ដែល​បានប៉ុនប៉ង​ដណ្តើម​កោះត្រល់​របស់​ខ្មែរ​ ពី​ប្រទេស​វៀតណាម​មកវិញ។

សមាជិកសភា​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​រូបនេះ បញ្ជាក់​ដោយ​អក្សរ​ដិតច្បាស់ៗថា«បាត់បង់
ទឹកដី​នៃ​មាតុភូមិ គឺ​យើងទាំងអស់គ្នា​មានការ​ឈឺចាប់​ណាស់ តែ​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខ​វេទនា​​ខ្លោចផ្សារ​ថែមទៀត ​គឺ​ចាំបាច់​ត្រូវ​ចៀសវាង។

ក៏ប៉ុន្តែ​ នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម សុខា មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ សរសេរ​ថា​ កោះត្រល់​បាន​បាត់ទៅហើយដោយសារ​ការដឹកនាំរ​ប​ស់លោកហ៊ុន សែន ហើយ​គ្មាន​ថ្នាក់​ដឹកនាំ​​ជាតិ​ណា​ម្នាក់​បានប្រគល់​កោះត្រល់​ទៅ​ឲ្យ​យួន​ដូច​ការអះអាង​របស់​លោក​ហ៊ុនសែន​ឡើយ។​ លោក កឹម សុខា ជឿថា​បញ្ហា​កោះត្រល់​ បើ​យើង​ពិនិត្យ​ផ្លូវច្បាប់មាន​អ្នកឯកទេស​ច្បាប់​ ​យើង​​អាចនឹងប្ដឹង​ទាមទារ​យកមក​វិញ​បាន។

ជាមួយគ្នា​នោះ លោក កឹម សុខា ក៏បាន​បង្ហាញ​រូបភាព​ដែលជា​សៀវភៅ​សិក្សា​មុខវិជ្ជា​«ភូមិវិទ្យា»​​​ ដែល​បោះពុម្ព​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ​ក្រសួង​អប់រំ​ឆ្នាំ ១៩៨៥ ត្រូវគេ​សរសេរ​​​ឲ្យ​​សិស្ស​រៀន​តាម​ថា កោះត្រល់​គឺជា​កោះ​ដែល​ស្ថិតនៅ​ឯនាយ​ ស្ទើរ​កោះ​វាល​រេញ​។​ហើយ​​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​ក៏មាន​អ្នក​ចុច Like ជិត៣ពាន់​នាក់ និង ចុច Share ជាង​៧០០នាក់។

សូមបញ្ជាក់ថា ​ចលនា​ទាមទារ​កោះត្រល់ ត្រូវគេ​កត់សម្គាល់ថា ជា​ប្រធានបទ​ដ៏​មុត​ស្រួច​នៅពេលដែល​មានការ​ឃោសនា​រក​សម្លេងឆ្នោតម្តងៗ របស់​គណបក្សប្រឆាំង​ ជាពិសេស​អំឡុង​ពេលដែល​កម្ពុជា​ជាប់គាំង​នយោបាយ ក៏ប៉ុន្តែ ​រដ្ឋាភិបាល​យល់​ថា​នោះ​គឺជា​រឿង​ដែល​មិនអាច​ទៅរួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ