អានតួអត្ថបទ
កម្ពុជា

ចៅក្រម​តុលាការ​សាលា​ដំបូង​ កោះ​ហៅ​គ្រួសារ​មាន​ជម្លោះ​មក​​សួរ​ផ្ទាល់​មាត់​ ទាក់​ទង​នឹង​បញ្ហា​ដីធ្លី​ ជា​មួយ​ក្រុម​ហ៊ុន ​ឃុន​ សៀ ​ក្នុង​តំបន់​បឹងកក់​

លោក លី ស្រ៊ា ខេង ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន សៀ ត្រូវបាន​ចៅក្រម​សាលាដំបូង កោះហៅ​ដើម្បី​ចូលរួម​និតិ​វិធី​ទាញហេតុផល​ផ្ទាល់មាត់ នា ថ្ងៃទី ០៦ ខែមិថុនា ខាងមុខនេះ ទាក់ទង​ទៅនឹង​បណ្តឹង​ដែល​ក្រុមហ៊ុន បាន​ចោទប្រកាន់​លោក ថា​បានរស់នៅ​លើដី​ដែលជា​កម្មសិទ្ធិ​ក្រុមហ៊ុន។ មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បានអោយដឹង​ថា មេធាវី​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ស្នើ​ពន្យា​ពេល​សវ​នា​ទាញហេតុផល​ផ្ទាល់មាត់​នេះ។

ផ្ទះរបសលោក លី ស្រ៊ៀខេង ត្រូវបានក្រុមក្មេងស្ទាវវាយកំទេច។
ផ្ទះរបសលោក លី ស្រ៊ៀខេង ត្រូវបានក្រុមក្មេងស្ទាវវាយកំទេច។ @RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

ដីការ​កោះហៅ​លោក លី ស្រ៊ា ខេង ដើម្បី​សាកសួរ​ផ្ទាល់មាត់​នេះ​ត្រូវបាន​ធ្វើឡើង ក្រោយពី​ក្រុមហ៊ុន ឃុន សៀ កាលពី​ខែមេសា ឆ្នាំ២០១៣ បាន ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ដោយ​ចោទថា លោក​លី ស្រ៊ា​ខេង និង គ្រួសារ២ទៀត បាន​ស្នាក់នៅ​លើដី​របស់​ក្រុមហ៊ុន ។

លោក វ៉ាន់ សូផាត មន្ត្រី សម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​ម្នាក់​របស់​មជ្ឈមណ្ឌល​សិទ្ធិ មនុស្ស​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អង្គារ ទី 0៣ មិថុនា​នេះ​ថា មេធាវី​ទើបបាន​ស្នើ​សុំអោយ​តុលាការ​ពន្យា​ពេល​និ​តី​វិធី​ទាញហេតុផល​ផ្ទាល់មាត់ ដោយសារតែ ហេតុផល​សុខភាព របស់លោក លី ស្រ៊ា ខេង។ តុលាការ​មិនទាន់​ឆ្លើយតប​នោះទេ ប៉ុន្តែ មន្ត្រី​សិទ្ធិ​មនុស្ស​​រូបនេះ​​អោយដឹងថា បើតាម​និតិ​វិធី ចំពោះ​ការកោះហៅ​បែបនេះ តុលាការ​ត្រូវ​យល់ព្រម​ពន្យា​ពេល​តាម​ការស្នើ។ យ៉ាងណាក៏ដោយ ការពន្យា​ពេលនេះ​មាន​រយៈពេល​យ៉ាងច្រើន​ត្រឹម​មួយខែ​ប៉ុណ្ណោះ។

គ្រួសារ​លោក លី ស្រ៊ា ខេង ដែល​កំពុងមាន​ជម្លោះ ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឃុន​សៀ នៅក្នុង​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ  ធ្លាប់បាន​ទទួលរង​ការគំរាមកំហែង​ជាច្រើន ពី​សំណាក់​ក្រុមក្មេងស្ទាវ ដែល​ចូលមក វាយដំ និង​គំរាមកំហែង​គ្រប់​រូបភាព ហើយ​លោក​បាន​អះអាងថា​ក្រុមគ្រួសារ​របស់លោក តែងតែ​ស្វែង​ការអន្តរាគមន៍​ពី អាជ្ញាធរ តែ​អាជ្ញាធរ​មិន​អើពើ​នោះទេ។ លោក បាន​ចោទប្រកាន់ថា​ទាំងអស់នេះ​គឺជា​ការយាយី​ពី​សំណាក់​ក្រុមហ៊ុន ឃុន​សៀ ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​សិទ្ធិមនុស្ស លោក វ៉ាន់ សូផាត ក៏​ធ្លាប់​ត្រូវបាន​ក្រុមក្មេងស្ទាវ គំរាម​កំហែង​​ដល់​​អាយុ​ជីវិត​​ដែរ​ ខណៈ​លោក​ចុះទៅ​បំពេញបេសកកម្ម​ឃ្លាំមើល​បញ្ហា​ជម្លោះ ដីធ្លី​តំបន់​នោះ កាលពី​ថ្ងៃទី ០៩ ខែ ឧសភា ។លោក អោយដឹងថា មេធាវី​បាននិងកំពុង​តែ​រៀបចំ​ឯកសារ ហើយនឹង​ដាក់ពាក្យ​ប្តឹង​ជន​ទាំងនោះ ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​នាពេលឆាប់ៗនេះ៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ