អានតួអត្ថបទ
កម្ពុជា

សមាគម​វៀតណាម​នៅ​កម្ពុជា​គ្រោង​ចេញ​ញតិ្ត​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​ចិន​ និង​វៀតណាម​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​

សមាគម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​គ្រោង​នឹង​ចេញ​ញ​តិ្ត​ជា​សាធារណៈ​មួយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចិន និង​វៀតណាម​ចរចា​គ្នា​ដោយ​សន្តិវិធី​ដើម្បី​ស្វែងរក​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់លោក ស៊ឹម ជី​ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ វៀតណាម​ប្រចាំ​នៅ​កម្ពុជា។ លោក ក៏បាន​បញ្ជាក់​ផងដែរ​ថា សមាគម​វៀតណាម​នៅ​កម្ពុជា​មិនមាន​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ចិន​នៅលើ​ទឹកដី​កម្ពុជា​នោះទេ។

ប្រជាជនវៀតណាមតវ៉ាប្រឆាំងចិន។
ប្រជាជនវៀតណាមតវ៉ាប្រឆាំងចិន។ @Google
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ផ្ទៃក្នុង​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥ ឧសភា​នេះ សមាគម​សហព័ន្ធ​ខ្មែរ វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បានសម្រេច​គ្រោង​នឹង​ចេញ​ញ​តិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វៀតណាម និង ចិន​អង្គុយ​ចរច​គ្នា​ដោយ​សន្តិវិធី​អំពី​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

លោក ស៊ឹម ជី ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ វៀតណាម​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា សមាគម​របស់លោក​នឹង​ចេញ​ញ​តិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មាន​ជម្លោះ​ទាំងពីរ​អង្គុយ​ចរចារ​គ្នា​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី។

លោក​បន្តថា លោក​គ្មាន​គម្រោង​ដឹកនាំ​ធ្វើបាតុកម្ម ឫ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​រដ្ឋាភិបាល​ចិន​នៅលើ​ទឹក​កម្ពុជា​នោះទេ។ ជាមួយគ្នានេះដែរ លោក ស៊ឹម ជី​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​វៀតណាម និង​ចិន​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​រក្សា​ចំណងមិត្តភាព​រវាង​គ្នា និង​គ្នា​ដដែល​បើ​ទោះ​ប្រទេស​ទាំងពីរ​មាន​ជម្លោះ​នឹង​គ្នា​ដ៏​ដោយ។

កាលពី​ថ្ងៃ​ពុធ ម្សិលមិញ ប្រជាជន​ចិន​នៅក្នុង​ប្រទេស​វៀតណាម​ចំនួន​ប្រមាណ​ជាង ៦០០ នាក់​បាន​សម្រុក​ចូលមក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​បាវិត ខេត្តស្វាយរៀង ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ប្រជាជន​វៀតណាម​ដែល​កំពុងមាន​កំហឹង​ធ្វើបាតុកម្ម​ប្រឆាំង​ទង្វើ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់ លោក គៀត ច័​ន្ធ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៅថ្ងៃនេះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ចាត់ទុកថា ការ​ភៀសខ្លួន​របស់​ជនជាតិ​ចិន​ទាំងនោះ ជាការ​ស្វែងរក​ទីកន្លែង​សុវត្ថិភាព​មួយរយៈ​ពី​ការធ្វើ​បាតុកម្ម​ហើយ​ពួកគេ​នឹង​ត្រឡប់​ទៅវិញ​នៅពេល​មាន​ស្ថាន​ភាពល្អ។អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា ជន​ជាតិចិន​ទាំងនោះ ចូលមក​កម្ពុជា​ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​នឹង​ការពារ​សុវត្ថិភាព​ដល់​ពួកគេ​ដូច​ជនបរទេស​ដទៃទៀត​ផង​ដែរ។យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ​បាន​បញ្ជាក់ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ណា​ធ្វើបាតុកម្ម ឫ​សកម្មភាព​អ្វីមួយ​ប្រឆាំងនឹង​ប្រទេស​ណាមួយ​នៅលើ​ទឹកដី​កម្ពុជា​នោះទេ។

សូមបញ្ជាក់ថា បញ្ហា​រវាង​ចិន និង​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​ឡើងក​ម្តៅ​ដល់​ចំណុចកំពូល។ ដល់​ចំណុចកំពូល​ដោយសារតែ ចិន​បាន​បញ្ជូន​នាវា​របស់​ខ្លូន​ទៅ​ខួង​ប្រេង​នៅ​តំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ នាវា​របស់​ចិន និង វៀតណាម​បាន​បាញ់​ទឹក​ដាក់គ្នា​ដើម្បី​បញ្ឈប់​សកម្មភាព​ខួង​ប្រេង។

ជាមួយគ្នានេះ ប្រជាជន​វៀតណាម​បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ចិន​រហូត​វាយកម្ទេច​ក្រុមហ៊ុន​ចិន​មួយចំនួន​នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ។ តាម​សេចក្តីរាយការណ៍ មាន​អ្នកស្លាប់​និង​រងរបួស​ជាច្រើន​នៅក្នុង​សកម្មភាព​ធ្វើបាតុកម្ម​របស់​ប្រជាជន​វៀតណាម​នេះ។ ស្របពេល​ជាមួយ​គ្នាន​ដែរ ចិន​ក៏បាន​ប្រកាស​ព្រមាន​ដល់​អ្នកទេសចរ​របស់​ខ្លួន​កុំ​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ