អានតួអត្ថបទ
កម្ពុជា

ប្រជា​រាស្ត្រ​​ខ្មែរ​​រំលឹក​​ពី​​ព្រះ​រាជកិច្ច​​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហ​មុនី​

នៅក្នុង​ឱកាស​នៃ​បុណ្យចំរើនព្រះជន្ម​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃ​ប្រទេស​កម្ពុជា គម្រប់ ៦១​យាង​ចូល ៦២​វស្សា ប្រជារាស្ត្រ​ខ្មែរ​ព្រម​ទាំង​មន្ត្រី​រាជការ បាន​អបអរសាទរ លើក​សរសើរ​ពី​ព្រះរាជកិច្ច និង​បាន​ឈប់​សម្រាក​យ៉ាង​រីក​រាយ។ ក្នុង​រយៈពេល ១០​ឆ្នាំ នៃ​ការ​គ្រងរាជ្យ របស់​ព្រះអង្គ ព្រះមហាក្សត្រ​សីហមុនី បាន​បំពេញ​នូវ​ព្រះរាជកិច្ច​ជា​ច្រើន តាម​គន្លង​របស់​ព្រះ​បិតា​ព្រះអង្គ គឺ​ព្រះមហា​វីរក្សត្រ នរោត្តម សីហនុ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​ព្រះបាទ​ស​ម្តេច​ព្រះ​បរមនាថ នរោត្តម​សីហមុនី គម្រប់​៦១ យាង​ចូល ៦២​វស្សា មន្ត្រី​រាជការ សិស្សានុសិស្ស ក្រុមហ៊ុន​សហគ្រាស​ឯក​ជន​នានា បានទទួល​ការឈប់​សម្រាក​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី​១៥​ឧសភា។ អស់​រយៈពេល ១០​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ​បល្ល័ង្គ​ព្រះមហាក្សត្រ សីហមុនី តែង​មាន​ការ​កោត​សរសេរ​ពី​ប្រជារាស្ត្រ​ថា ជា​ព្រះមហាក្សត្រ ដែល​បាន​បំពេញ​ព្រះរាជកិច្ច​សម្រាប់​​ជាតិ និង​ប្រជារាស្ត្រ ប្រកប​ដោយ​ភាព​វិជ្ជមាន​ច្រើន​ជាង​ការ​រិះគន់។

ក្រុម​មន្ត្រី បណ្ឌិត​បញ្ញវន្ត អ្នក​ប្រវត្តិសាស្ត្រ និង​អ្នក​វិភាគ​សង្គម ភាគច្រើន បាន​វាយ​តម្លៃ​ទៅ​លើ​ព្រះរាជ​សកម្មភាព របស់​ព្រះមហាក្សត្រ ថា​បាន​បំរើ​ព្រះរាជកិច្ច​យ៉ាង​រស់​រវើក​ជា​ពិសេស ផ្នែក​សង្គមកិច្ច វប្បធម៌ និង​សិល្បៈ ដោយ​យក​គំរូ​តាម​ព្រះ​បិតា​ព្រះអង្គ។ ទោះជា​យ៉ាងនេះ​ក្តី ភាគច្រើន​នៃ​អ្នក​ផ្តល់​ទស្សនៈ​ទាំង​នោះ យល់​ឃើញ​ថា ព្រះរាជ​សកម្មភាព របស់​ព្រះ​មហាក្សត្រ​​បច្ចុប្បន្ន​ពិត​ជា នៅ​មិន​ទាន់ អាច​ប្រៀបធៀប​ទៅ​នឹង​ព្រះរាជ​សកម្មភាព របស់​ព្រះបិតា​ព្រះអង្គ​បាន​នៅ​ឡើយ ជា​ពិសេស​ព្រះរាជ​សកម្មភាព​ទាក់ទង​ទៅ​នឹង​ការ​សម្របសម្រួល​ផ្នែក​នយោបាយ។

ប្រសូត្រ នៅ​ថ្ងៃ​ទី​១៥​ខែឧសភា ឆ្នាំ​១៩៥៣ ព្រះករុណា​ព្រះបរមនាថ​សីហមុនី ទ្រង់​បាន​សិក្សា​នៅ​សាលា​ព្រះ​នរោត្តម និង​វិទ្យាល័យ​ដេ​កាត​ក្រុង​ភ្នំពេញ នៅ​អំឡុង​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ១៩៦២។

យោង​តាម​ព្រះរាជ​ជីវប្រវត្តិ, នៅ​ឆ្នាំ​១៩៦២ ដល់​ឆ្នាំ​១៩៧៥ ព្រះអង្គ បាន​ទៅ​សិក្សា នៅ​បរទេស​​ទៀត គឺ​នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី នៅ​ទីនោះ ព្រះអង្គ សិក្សា​ពី​សិល្បៈ​របាំ តន្ត្រី និង​ល្ខោន នៅ​បណ្ឌិត​សភា​មួយ​នា​ទីក្រុង​ប្រាគ ដោយ​ទទួលបាន​និទ្ទេស​ល្អ​គ្រប់មុខ​វិជ្ជា។ បន្ទាប់​មក​ ព្រះករុណា ក៏​បាន​ចងក្រង​និក្ខេបបទ​មួយ ដោយ​ជោគជ័យ គឺ​និយាយ​ពី ទស្សនៈ​ទាន​ និង​ការគ្រប់គ្រង​នៅ​សាលា​វិចិត្រសិល្បៈ​នៅ​កម្ពុជា។

ជា​បន្តបន្ទាប់​ព្រះមហាក្សត្រ​សីហមុនី បាន​ទទួល​ព្រះ​កិត្តិយស​លើ​ការងារ​រាជកិច្ច​សំខាន់​ៗ​ដូចជា ធ្វើ​ជា​ព្រះ​លេខា​ផ្ទាល់​ព្រះ​វររាជបិតា​សម្តេច​ឳ, សាស្ត្រ​ចា​រ្យ​ផ្នែក​របាំ​បុរាណ​នៅ​វិទ្យាស្ថាន​ធំៗ​ប្រទេស​បារាំង, ប្រធាន​សមាគម​របាំ​ខ្មែរ នៅ​ប្រទេស​បារាំង និង​ជា​អគ្គនាយក​និង​ជានាយកសិល្បៈ​នៃ​ក្រុម​របាំ​បា​លេ «DEVA»។ លើសពីនេះ ព្រះករុណា​ព្រះបរមនាថ​សីហមុនី ត្រូវ​បានតែងតាំង ដោយ​ឧត្តម​ក្រុម​ប្រឹក្សាជាតិ ជា​តំណាង​ជាន់​ខ្ពស់​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ បន្ទាប់​ពី​មាន កិច្ច​ព្រមព្រៀង​សន្តិភាព ក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៩១ ខណៈ​នោះ ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រកាស​ជា​អន្តរជាតិ​ថា ជា​ប្រទេស ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល។

បន្ទាប់​ពី​ការ​បោះឆ្នោត​សាកល នៅ​ឆ្នាំ ១៩៩៣ នៅ​ក្រោម​ការ​ចាត់ចែង ដោយ​អង្គការ​សហ​ប្រជាជាតិ​ ពោល​គឺ​នៅ​១៩៩៣ ដល់​ឆ្នាំ​២០០៣ ព្រះអង្គ ត្រូវ​បាន​តែងតាំង ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​UNESCO នៅ​ទី​ក្រុង​ប៉ារី​ស ហើយ​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ បាន​ក្រុមប្រឹក្សា​រាជបល្ល័ង្ក ជ្រើស​តាំង​​ជា​ឯកច្ឆ័ន្ទ ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ជំនួស​បិតា របស់​ព្រះអង្គ ដែល​បាន​ដាក់​រាជ្យ​នៅ​ឆ្នាំ​២០០៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ