អានតួអត្ថបទ

ខុម​ហ្វ្រែល​៖ ​មាន​ការ​រំលោភ​ច្បាប់​ និង​ជ្រែត​ជ្រែក​នយោបាយ​ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​​ទី​២​

អង្គកា​រ​​ខុមហ្វ្រែល កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ចេញ​​របាយការណ៍​​របស់ខ្លួន​​ស្តីពី​​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​​រាជធានី​​ខេត្ត​​ក្រុង​​ស្រុក​​ខណ្ឌ​​ថា ​មាន​ការ​​ជ្រៀត​ជ្រែក​​ពី​នយោបាយ​ និង​​ការ​រំលោភ​​ផ្លូវ​ច្បាប់​​ពី​​រដ្ឋាភិបាល​​នៃ​​គណបក្ស​កាន់​អំណាច​។ ខុមហ្វ្រែល​​​បាន​លើក​ឡើង​​​ពី​​បញ្ហា​​ជា​ច្រើន​​ដូច​ ជា​​ការ​ហាម​​ការ​ជួប​ជុំ​នៅ​​ទីលាន​​ប្រជាធិបតេយ្យ​​ដោយ​​មិន​មាន​​យោង​តាម​​ច្បាប់​​ជា​ដើម​។ ប៉ុន្តែ​​មន្ត្រី​​រដ្ឋាភិបាល​​បាន​​ឆ្លើយ​តប​តប​​ថា​ របាយការណ៍​​របស់​​ខុមហ្វ្រែល​គឺ​គ្រាន់តែ​ជា​យោបល់​មនុស្ស​ក្រុម​មួយ​តែប៉ុណ្ណោះ ។

កងកម្លាំងសមត្ថកិច្ច​របស់រដ្ឋាភិបា​ល កំពុងព្យាយាមទប់ស្កាត់ពលរដ្ឋ​មិនឱ្យចូលទៅទីលានប្រជាធិបតេយ្យ។
កងកម្លាំងសមត្ថកិច្ច​របស់រដ្ឋាភិបា​ល កំពុងព្យាយាមទប់ស្កាត់ពលរដ្ឋ​មិនឱ្យចូលទៅទីលានប្រជាធិបតេយ្យ។ @RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

មានការ​រំលោភច្បាប់ និង​ការជ្រៀតជ្រែក​នយោបាយ​ក្នុង​ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ក្នុង​អាណត្តិ​ទី២នេះ។ នេះ​បើតាម​ការអះអាង​របស់​អង្គការ​ខុមហ្វ្រែល។ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ខុមហ្វ្រែល​បានលើកឡើង ពី​ការ​រិត​បន្តឹង​សេរីភាព​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ដូចជា​ការចេញ​បម្រាម​មិនឱ្យ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ និង​ក្រសួង​មហា​ផ្ទៃ​។​ខុមហ្វ្រែល​​​បាន​​សង្កត់​ធ្ងន់​ថា បម្រាម​ទាំងនេះ​បាន​ប្រាសចាក​ពី​ច្បាប់ និង គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ ដោយឡែក​ការប្រើប្រាស់​កម្លាំង​សន្តិសុខ​មិន​ផ្លូវការ ប្រព្រឹត្ត​អំពើហិង្សា​ដល់​តំណាងរាស្ត្រ​គណបក្សប្រឆាំង អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ជាដើម​នោះ ក៏​ត្រូវបាន​ខុមហ្វ្រែល​បានលើកឡើង​ផងដែរ។

 
អង្គការ​ខុមហ្វ្រែល បាន​ចោទប្រកាន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា ទី៣៧ និង ៤១ និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធ​ពលរដ្ឋ​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី។ ជាការ​ចោទប្រកាន់​ដែល​ខុមហ្វ្រែល​បាន​សង្កត់ធ្ងន់​លើ​ការបិទ​ទីលាន​ប្រជាធិបតេយ្យ និង​ការបន្ត​និតិ​វិធី​ស៊ើបអង្កេត​របស់​តុលាការ​មក​សំអាង។ ក្រៅពីនេះ ខុមហ្វ្រែល​បានលើកឡើង​ក្នុង​របាយការណ៍​​របស់​ខ្លួន​ទៀតថា រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​ក្រសួង​មហាផ្ទៃ​​បាន​​ជ្រៀតជ្រែក​ខាង​នយោបាយ​ដោយ​បញ្ឈប់​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​នៃ​គណបក្ស​ចូលរួម​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នេះ​ផងដែរ។ ខុមហ្វ្រែល​បាន​លើកយក​លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​ចេញ​កាលពី​ថ្ងៃទី២០ មីនា ស្តីពី​ការអនុវត្តន៍​គោលការណ៍ និង​នីតិវិធី​ក្នុងការ​ឈរឈ្មោះ​របស់​បេក្ខជន​មក​សង្កត់។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ឆ្លើយតប​ថា របាយការណ៍​ខុមហ្វ្រែល គឺ​គ្រាន់តែ​ជា​ទស្សនៈ​មួយ​ជ្រុង​តែប៉ុណ្ណោះ។ ហើយ​ថា ខុមហ្វ្រែល​មិនមាន​ជា​មេធាវី​ដែរ​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​តាម​នោះ។

លោកអ្នក​នាំពាក្យ​បាន​ចោទ​អង្គការ​ខុមហ្វ្រែល​ថា មាន​ភាពលំអៀង​ទៅកាន់​គណបក្សប្រឆាំង ដោយ​អង្គការ​នេះ​មិនដែល​រិះគន់​ឡើយ​ចំណុច​ខ្វះខាត​របស់​បក្សប្រឆាំង។ ពោលគឺ​ចាំ​ចាប់កំហុស​តែ​បក្ស​កាន់អំណាច​តែប៉ុណ្ណោះ។ សូម​រំលឹក​ជូន​ថា​ការចេញ​របាយការណ៍រ​បស់​ខុមហ្វ្រែល​នេះ គឺធ្វើឡើង​នៅ​ទន្ទឹមនឹង​យុទ្ធនា​ការឃោសនា​និង​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ក្នុង​អាណត្តិ​ទី២នេះ នឹង​ចូល​មកដល់​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ