អានតួអត្ថបទ
កម្ពុជា

អ្នកអាជីព​៖ ​សារព័ត៌មាន​ប្រពៃណី​កំពុង​ប្រឈម​នឹង​​ឥទ្ធិពល​សារព័ត៌​មាន​បែប​ថ្មី​

អ្នកជំនាញ​សារព័ត៌មាន​ជើងចាស់​នៅ​កម្ពុជា​បាន មើលឃើញថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​ដូចជា​ទូរទស្សន៍ វិទ្យុ និង​ការ​សែត​នោះ គឺ​កំពុងតែ​ប្រឈម​​នឹង​​ការបាត់បង់​​ប្រជាប្រិយភាព​របស់​ខ្លួន​​ចំពោះ​អតិថិជន ប្រឈម​នឹង​ការ​ងើប​ឡើ​ង​​ដ៏​មាន​សក្តានុពល​នៃ​សារព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ិនធឺណែ​ត។ ប៉ុន្តែ អ្នកជំនាញ​ខ្លះ​បាន​លើកឡើងថា ស្ថាប័ន​សារព័ត៌មាន​ប្រពៃណី នឹង​នៅតែមាន​ទីផ្សារ ​​ព្រោះថា​ជាការ​រាយការណ៍​លំអិត និង​មានគុណ​ភាព​ជាង។

កិច្ចប្រជុំ​តុមូល​ស្តីពី​សារៈសំខាន់​នៃ​គុណភាព​សារព័ត៌មាន នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ថ្ងៃ​២៩មេសានេះ។
កិច្ចប្រជុំ​តុមូល​ស្តីពី​សារៈសំខាន់​នៃ​គុណភាព​សារព័ត៌មាន នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ថ្ងៃ​២៩មេសានេះ។ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

កាសែត វិទ្យុ និង​ទូរទស្សន៍ ដែលជា​ប្រព័ន្ធផ្សព្វផ្សាយ​​បែប​ប្រពៃណី កំពុង​ប្រឈម​នឹង​ការបាត់បង់​ឥទ្ធិពល និង​កម្លាំង​ចែកចាយ​ដ៏​មាន​សក្តានុពល​របស់ខ្លួន ប្រឈម​ការប្រកួត​ប្រជែង​ ដំណឹង​តាម​បណ្តាញ​ព័ត៌មាន​អនឡាញ។ ជាការ​ប្រឈម​ដែល​សារព័ត៌មាន​បែប​ប្រពៃណី កំពុង​ជួប​ក្នុង​សង្គម​​កម្ពុជា​បច្ចុប្បន្ន ​និង​ទៅ​អនាគត។ នេះ​ជា​ខ្លឹមសារ​ដែល​បានលើកឡើង​ក្នុង​កិច្ចពិភាក្សា​តុមូល​ ​ពេញ​មួយ​ព្រឹក រវាង​អ្នកជំនាញ​អាជីព​សារព័ត៌​មាន នៅ​ថ្ងៃ​អង្គារ​នេះ។

 
ការ​ប្រឈម​ដែល​ប្រធាន​ស្ថា​ប័​ន​​សារព័ត៌មាន​ទាំងអស់​មើលឃើញ​នេះ​ គឺ​ល្បឿន​នៃ​ការប្រកួត​ប្រជែង​​នៃ​ការផ្សព្វផ្សាយ​ដំណឹង និង​និន្នាការ​របស់​មនុស្ស​នាពេល​បច្ចុប្បន្ន​ ដែល​បាន​ជ្រើសរើស​​ដំណឹង​តាមរយៈ​បណ្តាញ​ព័ត៌មាន​គេហទំព័រ​ ដែល​កំពុង​ឡើង​ប្រជាប្រិយភាព​ខ្លាំង។

ថ្លែង​ទៅកាន់​អ្នកកា​សែត​​ប្រមាណ៤០នាក់ មកពី​គ្រប់​ស្ថា​ប័​ន នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក​ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​និយាយ​សម្តីធ្ងន់ៗថា សារព័ត៌មាន​បែប​ប្រពៃណី​​នឹង​ស្លាប់ (បាត់បង់​ទីផ្សារ​របស់ខ្លួន) ប្រសិនបើ​មិន​ធ្វើ​ទំនើបកម្ម ឲ្យ​ទៅជា​សារព័ត៌មាន​ចម្រុះ​ដែល​ភាសា​អង់គ្លេស​ហៅថា Multi Media ដែលមាន​ទាំង​អត្ថបទ សំឡេង និង​រូបភាព​វីដេអូ​នោះទេ។

បន្ថែម​ពីលើ​នេះ ប្រធាន​គេហទំព័រថ្មីៗ លោក គី សុខ​លីម បាន​បញ្ជាក់ថា បច្ចុប្បន្ន​ និន្នាការ​នៃ​អាន​​ព័ត៌មាន​លើ​អន​ឡាញ​នោះ គឺជា​រសជាតិ​ជីវិត​បែប​ថ្មី​របស់​យុវជន​កម្ពុជា និង​ជាការ​ទំនាក់​ទំនង​​ពីរ​ផ្លូវ ​រវាង​ប្រិយមិត្ត​អ្នកអាន និង​ស្ថា​ប័​ន​សារព័ត៌មាន​ផ្ទាល់​តែម្តង។

ដោយឡែក ​លោក​កៃ គឹម​សុង និពន្ធ​នាយក​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសា​រខ្មែរ ​​ក៏បាន​ទទួល​ស្គាល់​​ពី​ការដណ្តើម​ទីផ្សារ​របស់​បណ្តាញ​ព័ត៌មាន​បែប​ថ្មី​នោះដែរ។ ប៉ុន្តែ ​លោក​សង្កត់ធ្ងន់ថា ស្ថាប័ន​កាសែត​នឹងមិន​ដួល​រលំ​ទេ ​សម្រាប់​និន្នាការ​រយៈពេល​ប្រមាណ១ទសវត្សរ៍​​ទៅមុខ​នេះ។ ​លោកបន្ថែម​ថា ខ្លឹមសារ​នៃ​អត្ថបទ​កាសែត​គឺមាន​គុណភាព​ជាង និង​សុ​ក្រិត​ភាព​ជាង​បណ្តាញ​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​ដែល​ប្រើប្រាស់​រយៈពេល​ខ្លី ​សម្រាប់​ផលិត​អត្ថបទ​ព័ត៌មាន​​របស់ខ្លួន​នោះ។

ភាព​លឿន​ពេក​នៃ​ការផលិត​អត្ថបទ​ដែល​ប្រជែង​ជាមួយនឹង​ពេលវេលា​នោះ គឺ​ប៉ះពាល់​ដល់​គុណភាព​​អត្ថបទ​ដែល​នឹង​នាំ​ដល់​ការមិនទុកចិត្ត​ពី​សំណាក់​​អ្នកអាន។ នេះ​ជាការ​បន្ថែម​របស់​លោក គង់ សុ​ឋាន​រិ​ទ្ធ ប្រធាន​ក្រុម​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក។

បើទោះបីជា​មានការ​ប្រឈម​ខ្លាំង​ពី​សារព័ត៌មាន​បែប​ទំនើប​​ក៏ដោយ ក៏​អ្នកជំនាញ​បាន​លើកឡើង​ថា សារព័ត៌មាន​ប្រពៃណី នឹង​នៅតែមាន​តំណែង​ក្នុង​ទីផ្សារ ល្គិ​កណា​អត្ថបទ​ចេញផ្សាយ​​ទាំងអស់ ​មាន​ខ្លឹមសារ​ជ្រៅជ្រះ លំអិត​ស៊ីជម្រៅ និង​មាតិកា​សម្បូរបែប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ