អានតួអត្ថបទ
កម្ពុជា

បារាំង​ផ្ដល់​កម្ចី​សម្បទាន​១៥​លាន​ដុល្លារ ដើម្បី​គាំទ្រ​គម្រោង​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​អគ្គីសនី​នៅ​តំបន់​ជន​បទ

ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ហៅ​កាត់​ថា AFD ផ្ដល់​កម្ចី​សម្បទាន​ចំនួន​១៥​លាន​ដុល្លារ ដល់​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា FTB ដើម្បី​ជួយ​សម្រួល​ដល់​អង្គភាព​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​អគ្គីសនី នៅ​តាម​តំបន់​ជន​បទ និង​ជាយ​ក្រុង​។ កិច្ច​ព្រម​ព្រៀង​ផ្ដល់​កម្ចី​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៨​មេសា នៅ​ទី​ស្ដី​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព​លោក​អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋ​មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក​អាឡាំង ហ្វកតាំង ភារធារី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​។

ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​កម្ចី​សម្បទាន រវាង​ទី​ភ្នាក់​ងារ​អភិវឌ្ឍ​បារាំង និង​ធនាគារ​ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្ងៃ​ទី​២៨​មេសា ឆ្នាំ​២០១៤
ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​កម្ចី​សម្បទាន រវាង​ទី​ភ្នាក់​ងារ​អភិវឌ្ឍ​បារាំង និង​ធនាគារ​ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្ងៃ​ទី​២៨​មេសា ឆ្នាំ​២០១៤ រូប​ភាព​ពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

ជាមួយ​ជំនួយ​ថ្មី​ចំនួន​១៥​លាន​ដុល្លារ​នេះ ទី​ភ្នាក់ងារ​អភិវឌ្ឍ​បារាំង នឹង​បន្ត​សកម្មភាព​របស់​ខ្លួន ដើម្បី​លើក​ស្ទួយ​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ទឹក​ស្អាត និង​អគ្គីសនី​នៅ​ជន​បទ ក៏​ដូច​ជា​ជួយ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​សម្រេច​គោលដៅ​ដែល​ខ្លួន​បាន​កំណត់ នៅ​ក្នុង​វិស័យ​នេះ។

ការ​ពង្រីក​បណ្ដាញទឹក និង​អគ្គីសនី​នៅ​តាម​ជន​បទ និង​ជាយ​ក្រុង នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ប្រមាណ​៥​ម៉ឺន​គ្រួសារ​បន្ថែម​ទៀត ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់​។ ហើយប្រជាជនប្រមាណ​​៣​ម៉ឺន​៥​ពាន់​គ្រួសារ ទទួល​បាន​អគ្គីសនី តាម​រយៈ​អង្គភាព​ផ្គត់​ផ្គង់​ទឺក និង​អគ្គីសនី​ជាង​៥០​។

សូម​ជម្រាប​ថា ទី​ភ្នាក់ងារ​អភិវឌ្ឍ​បារាំង ធ្វើ​អន្តរាគមន៍​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ ក្នុង​គោល​ដៅ​លើក​កំពស់​លទ្ធភាព​ទទួល​បាន​ឥណទាន​នៅ​តាម​តំបន់​ជន​បទ និង​លើក​ស្ទួយ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច នៅ​តាម​តំបន់​ដាច់​ស្រយាល​។

ដើម​ឡើយ ទី​ភ្នាក់​ងារ​អភិវឌ្ឍ​បារាំង ធ្វើ​អន្តរាគមន៍​តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​។ ប៉ុន្តែ​បច្ចុប្បន្ន ទី​ភ្នាក់ងារ​នេះ បាន​ផ្ដល់​ហិរញ្ញប្បទាន​ទៅ​ធនាគារ​ពាណិជ្ជ​វិញ ដើម្បី​ផ្ដល់​កម្ចី​បន្ត​ដល់​សហគ្រាស​ខ្នាត​កាន់​តែ​ធំ​ជាង​មុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ