អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​ ប្រារព្ធ​ខួប​រម្លឹក​ថ្ងៃ​១៧​មេសា​​ដោយ​គ្មាន​វត្តមាន​លោក​សមរង្ស៊ី​ និង​លោក​កឹមសុខា​

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រារព្ធ​ខួប​រម្លឹក ថ្ងៃ១៧មេសា ថ្ងៃ​ខ្មែរក្រហម ឡើងកាន់​អំណាច កាលពី​ឆ្នាំ១៩៧៥ នាំ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ជិត ២ លាន​នាក់។ ប៉ុន្តែ​កម្មវិធី​ជួបជុំ បង្សុកូល រាប់បាត្រ ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាត់បង់​ជីវិត ក្នុង​របប​ខ្មែរក្រហម នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៧មេសា នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក ជាយ​រាជធានី​ភ្នំពេញ នឹង​មិនមាន​វត្តមាន​របស់លោក​សមរង្ស៊ី និង​លោក​កឹម​សុខា នោះទេ។ មេដឹកនាំ​គណបក្សប្រឆាំង​ទាំងពីរ ស្ថិតនៅ​អាមេរិក និង​អឺរ៉ុប តាំង​ពីមុន​បុណ្យចូលឆ្នាំ​មក​ម្លេះ។

សមាជិក​​គណបក្ស​​ប្រឆាំង​​ប្រារព្ធ​ពិធី​​ បង្សុកូល​​គោរព​​វិញ្ញាណក្ខន្ឋ​ជន​​រងគ្រោះ​​ក្នុង​របប​​ខ្មែរ​ក្រហម​​នៅ​សារៈ​​ មន្ទីរ​​ជើងឯក​(រូបភាពឯកសារ)
សមាជិក​​គណបក្ស​​ប្រឆាំង​​ប្រារព្ធ​ពិធី​​ បង្សុកូល​​គោរព​​វិញ្ញាណក្ខន្ឋ​ជន​​រងគ្រោះ​​ក្នុង​របប​​ខ្មែរ​ក្រហម​​នៅ​សារៈ​​ មន្ទីរ​​ជើងឯក​(រូបភាពឯកសារ) © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ពិធី​ជួបជុំ បង្សុកូល រាប់បាត្រ ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាត់បង់​ជីវិត ក្នុង​របប​ខ្មែរក្រហម នឹង​ប្រព្រឹត្តទៅ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ជើងឯក នា​ព្រឹក​ព្រលឹម ថ្ងៃ​ព្រហស្បតិ៍ ទី១៧មេសា។ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ជា​ថ្ងៃ​ខ្មែរក្រហម ឡើងកាន់​អំណាច។ រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ រហូតដល់​ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ត្រូវបាន​គេ​កត់ត្រា​ថា មាន​អ្នក​បាត់បង់​ជីវិត​ជិត ២ លាន​នាក់។

 
គណបក្ស​សង្គ្រោះ​ជាតិ របស់លោក​សមរង្ស៊ី តែងតែ​ប្រារព្ធ​ពិធី​ជួបជុំ តាម​ព្រះពុទ្ធសាសនា រម្លឹក​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ​នោះ ជា​រៀងរាល់ឆ្នាំ។ ប៉ុន្តែ​នៅ​ថ្ងៃ១៧មេសា ឆ្នាំនេះ លោក​សមរង្ស៊ី និង​លោក​កឹម​សុខា នឹងមិន​ចូលរួម​ពិធីបុណ្យ​ឡើយ។ ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញទៅ​ក្រៅប្រទេស តាំង​ពីមុន​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​គ្រោង​នឹង​វិល​មក​កម្ពុជា​វិញ នៅ​សប្តាហ៍​ក្រោយ។

ទោះជា​មិនមាន​មេបក្ស​ទាំងពីរ តែ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​ជួបជុំ នៅ​ជើងឯក តាម​ការគ្រោងទុក ក្រោម​អធិបតីភាព​លោក គង់ គាំ ទីប្រឹក្សានយោបាយ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ៅ មុនី​វណ្ណ ប្រធានស្តីទី​គណៈកម្មកា​រ​ប្រតិបត្តិ របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ម៉ៅ មុនី​វណ្ណ បាន​បន្តថា លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស គ្រោង​នឹង​ថ្លែងការណ៍​ផ្ទាល់មាត់ មក​ចូលរួម​ក្នុង​ពិធី​ជួបជុំ នា​ព្រឹក​ថ្ងៃទី១៧មេសា តាមរយៈ​វិ​ដេ​អូ​អ៊ិន​ថឺ​ណេ​ត កម្មវិធី Skype។

ក្រៅពី​រម្លឹក​ដល់​ថ្ងៃ​កាប់សម្លាប់​មនុស្ស ក្នុងពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច ពិធី​ជួបជុំ នា​ថ្ងៃទី១៧មេសា ក៏ត្រូវ​បាន​លោក ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​ផ្ញើ​សារ​ជំរុញ​ឲ្យ​តុលាការ​ចម្រុះ កាត់ទោស​មេ​ខ្មែរក្រហម បន្តដំណើរ​ការកាត់ក្តី លើ​អតីត​មេ​ខ្មែរក្រហម​បន្ថែមទៀត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ និង​ជនរងគ្រោះ ឲ្យ​ទទួលបាន​យុត្តិធម៌។ ពោលគឺ​មិនមែន​ត្រឹមតែ​សំណុំរឿង០០១ និង​សំណុំរឿង០០២ទេ តែ​តុលាការ ត្រូវ​បន្ត​ដល់​សំណុំរឿង០០៣ និង ០០៤ តទៅទៀត។

សំណុំរឿង០០៣ និង០០៤ ដែលមាន​ជនជាប់ចោទ​ជា​អតីត​មេ​ខ្មែរក្រហម ៥ នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុង​ភាពចម្រូងចម្រាស់។ ភាគី​កម្ពុជា រាប់​ចាប់​នាយករដ្ឋមន្ត្រី រហូតដល់​ចៅក្រម និង​ព្រះរាជអាជ្ញា មិន​ចង់​ឲ្យ​សាលាក្តី​ខ្មែរក្រហម ចាត់ការ​លើ​សំណុំរឿង ០០៣ និង ០០៤ ទេ ដោយ​សំអាង​លើ​ការបែកបាក់​សង្គម។ ប៉ុន្តែ​ភាគី​អន្តរជាតិ មកដល់ពេលនេះ កំពុងដំណើរការ ស៊ើបអង្កេត​ជាសំងាត់​លើ​សំណុំ​រឿងក្តី ០០៣ និង ០០៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ