អានតួអត្ថបទ
កម្ពុជា

វិបត្តិ​នយោបាយ​កម្ពុជា​៖​ លោក​សម​ រង្ស៊ី​ ស្វែង​រក​អន្តរាគមន៍​ពី​ប្រទេស​អូស្ត្រាលី​

មេបក្ស​ប្រឆាំង​កម្ពុជា លោក សម រង្សី បាន​ជួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​កាលពី​ថ្ងៃទី ១៨ មីនានៅ​ទីក្រុង Canberra។ លោក​ក៏​គ្រោង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop ផងដែរ​នៅ​ថ្ងៃ​ពុធ​នេះ។ គោលបំណង​គឺ​ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ប្រទេស​អូស្ត្រាលី​ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ និង​ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ឲ្យ​ដោះស្រាយ​តាម​ការទាមទារ​ប​ស់ប​ក្ស​ប្រឆាំង។  

លោក​សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក​សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ផ្សាយពាណិជ្ជកម្ម

 

ក្នុងជំនួប​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គារ​ទី១៨ មីនា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​អូស្ត្រាលី​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​បញ្ហានយោបាយ​នៅ​កម្ពុជា។ មេដឹកនាំ​បក្ស​ប​ប្រឆាំង​អះអាង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ព្រឹទ្ធសមាជិក​អូស្ត្រាលី​សន្យា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់ខ្លួន​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ស៊ើបអង្កេត​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី​រយៈពេល​ពីរ​សប្តាហ៍ លោក សម រង្ស៊ី ក៏​គ្រោង​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេស​អូ​ស្រា្ត​លី និង​មន្ត្រី​អូស្ត្រាលី​ជាច្រើន​ទៀត។ គោលបំណង​នៃ​ជំនួប​ទាំងនោះ​គឺ​ដើម្បី​ស្វែងរក​អន្តរាគមន៍​ឲ្យ​មាន​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ដែល​អូសបន្លាយ​ជិត ៨ខែ​ទៅហើយ។

ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា​កាលពី​ខែ​មុន ប្រមុខ​ការទូត​អូស្ត្រាលី លោកស្រី Julie Bishop ក៏បាន​ពិភាក្សា​បញ្ហា​វិបត្តិ​នយោបាយ​ជាមួយ​ភាគី​កម្ពុជា​ផងដែរ។ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ប្រាប់​សម​ភាគី​អូស្ត្រាលី​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​កើតឡើង​ដោយ​ការរៀបចំ​ជាមុន​របស់​គណបក្សប្រឆាំង​ដែល​បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​តាំងពី​មុន​ពេល​បោះឆ្នោត​ម្ល៉េះ។ លោក ហោ ណាំហុង​បានបញ្ជាក់​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅតែ​បើកទ្វារ​សម្រាប់​ការចរចា តែ​រាល់​បញ្ហា​ត្រូវ​ដោះស្រាយ​នៅក្នុង​រដ្ឋសភា។

យ៉ាងណាក៏ដោយ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អូស្ត្រាលី​កាលពី​ថ្ងៃទី ១៨ មីនា លោក សម រង្ស៊ី បាន​ព្រមាន​ជាថ្មី​ថា​នឹង​ផ្តាច់​ការចរចា​ហើយ​ប្រកាស​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​ជាថ្មី​ប្រសិនបើ​កិច្ចចរចា​ស្តីពី​កំណ​ទម្រង់​បោះឆ្នោត​មិន​ទទួលបាន​លទ្ធផល​ទេនោះ។ ចំណែកឯ​អាជ្ញាធរ​កម្ពុជា​វិញ​រួមទាំង​យោធា​ផង​បានប្រកាស​ការពារ​រដ្ឋា​ភិ​បាល​និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ