អានតួអត្ថបទ
កម្ពុជា

កម្មករ​រោងចក្រ ​ខាំ​បូ​ខូ​ថប ស្លាប់​ម្នាក់ និង ដួល​សន្លប់​ជាង ៤០​នាក់​

កម្មការនី​ម្នាក់ បាន​ស្លាប់ និង​ ជាង​៤០​នាក់ ដួល​សន្លប់​ជា​បន្តបន្ទាប់ នៅ​ក្នុង​រោចចក្រ​ខាំ​បូ​ខូ​ថប (CAMBOKOTOP LTD) ដែល​ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​សែនជ័យ នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ។ ការ​ស្លាប់ និង​ដួល​សន្លប់នេះ នៅ​មិន​ទាន់មាន​ការ​បញ្ជាក់ច្បាស់លាស់ ថា​មក​ពី​មូល​ហេតុ​អ្វី​នៅ​ឡើយទេ ប៉ុន្តែ ក្រុម​សហជីព​សន្និដ្ឋាន​ថា មក​ពី​កម្មករ​ខ្សោយ​កម្លាំង បូកផ្សំ​និង​បរិយាកាស​ក្នុង​រោងចក្រ​មិន​ល្អ។

កម្មករ​ដួល​សន្លប់​​​នៅ​រោងចក្រ​
កម្មករ​ដួល​សន្លប់​​​នៅ​រោងចក្រ​ RFI
ផ្សាយពាណិជ្ជកម្ម

កម្មការនី​ម្នាក់ បានស្លាប់ និង​ជាង​៤០​នាក់​ផ្សេង​ទៀត បាន​ដួល​សន្លប់​ ជា​បន្តបន្ទាប់ តាំងពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ រហូត​មក​ដល់​ព្រឹក​ថ្ងៃសុក្រនេះ នៅ​ក្នុង​រោងចក្រ​ខាំ​បូ​ខូ​ថប (CAMBOKOTOP​ LTD)​ ដែ​ល​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុង​ភ្នំពេញ។​ នេះ​បើតាម​ អ្នក​ស្រី ឆន សុខា មន្ត្រី​កម្មវិធី​សិទ្ធការងារ​នៃ​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ ដែល​បាន​ប្រាប់វិទ្យុបារាំង នៅ​រសៀល​ថ្ងៃសុក្រ​នេះ។

អ្នក​ស្រី ឆន​ សុខា បាន​ឲ្យ​ដឹង​ថា មិន​ទាន់​មាន​ការ​កំណត់​ដើមចម​នៃ​ការ​ដួល​សន្លប់នេះ​នៅឡើយទេ។ ប៉ុន្តែអ្នក​ស្រី​បាន​បញ្ជាក់ថា កម្មករ​ចាប់ផ្តើម​ស្លុត​ស្មារតី និង​ដួល​សន្លប់ ខណៈ​ទទួល​​ដំណឹង​ថា មាន​កម្មករ​ម្នាក់​ស្លាប់ ក្នុង​ពេល​កំពុង​ធ្វើការ។ យ៉ាងណាក៏ដោយ​ អ្នក​ស្រី បាន​និយាយ​ថា ក្រុម​សង្គម​ស៊ីវិល នឹង​សហការជាមួយ​និយោជក ដើម្បី​បើក​ការ​ស៊ើបអង្កេត​រក​ហេតុផល នៃ​ការ​ដួល​សន្លប់​របស់​កម្មករ​ក្នុង​រោងចក្រនេះ។

លោកអាត់ ធន់ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរកម្ពុជា បានប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​ថា ការដួល​សន្លប់​មក​ពី​កម្មករ​ខ្សោយ​កម្លាំង ពីព្រោះពួកគេធ្វើការច្រើនម៉ោង ហូបចុក​មិន​គ្រប់គ្រាន់ ដោយសារប្រាក់ខែតិច បូកផ្សំនឹងបរិយកាសមិនល្អនៅក្នុងរោងចក្រ។ រីឯ​អ្នកស្លាប់ គឺដោយសារគាំងបេះដូង។

បើ​តាម​ការសាកសួរពីកម្មករ-កម្មាការនី ដែល​ធ្វើ​ការ​ក្នុង​រោងចក្រ អ្នក​ស្រី​សុខា បាន​ប្រាប់ថា មូលហេតុ​នៃការ​ស្លាប់ និង​ដួល​សន្លប់​កម្មករ​នេះ គឺ​ដោយ​សារ​តែបរិយាកាស នៅ​ជុំវិញ​រោងចក្រ​ មិន​មាន​ខ្យល់ចេញ-ចូល​គ្រប់គ្រាន់។ ប៉ុន្តែ​កត្តា​នេះ មិន​ទាន់អាចកំណត់​ថា​ជា​មូលហេតុ​ចម្បង​បាន​នៅឡើយទេ។

សូម​បញ្ជាក់ថា រោងចក្រ​ខាំ​បូ​ខូ​ថប (CAMBOKOTOP LTD) គឺ​ជា​រោងចក្រ​កាត់ដេរ​ ហើយ​រោងចក្រ​​​​នេះ​មានកម្មករ​ធ្វើការ​ធម្មតានៅ​ក្នុង​ថ្ងៃនេះ ដោយ​មិន​មាន​កម្មករណាម្នាក់​ធ្វើ​កូដកម្ម​មិន​​ចូល​ធ្វើការ​នោះទេ។ បន្ទាប់ពី​មាន​កម្មករ​ដួលសន្លប់ រោងចក្រ​នេះ​​បាន​បញ្ជូន​កម្មករ​ឲ្យ​ទៅ​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យមួយ​ចំនួន ហើ​យ​បាន​​អនុញ្ញាត​ឲ្យ​កម្មករឈប់សម្រាកមួយ​រយៈនៅ​រសៀល​ថ្ងៃសុក្រនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ