អានតួអត្ថបទ
កម្ពុជា

លោក​ សម​ រង្ស៊ី​ ថ្លែង​ប្រាប់​បាតុ​ករ​ថា​ ការ​ជជែក​ជា​មួយ​លោក ​ហ៊ុន​ សែន​ បាន​ជោគ​ជ័យ​

ក្រោយពី​បាន​ជួបចរចារ​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែ​ន លោក​សម រង្ស៊ី និង​លោក​កឹម សុខា​បានមក​ជួប​បាតុករ​របស់ខ្លួន​នៅលើ​ទីលាន​ប្រជាធិបតេយ្យ។ នៅ​ចំពោះមុខ​អ្នកគាំទ្រ​ដែល​កើនឡើង​ច្រើន​ម៉ឺន​នាក់​ជាង​ពេលព្រឹក មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាសថា ពួកគេ​បាន​ជោគជ័យ​ក្នុងការ​ទាមទារ​អោយ​អាជ្ញាធរ​បញ្ឈប់​ការប្រើ​ហិង្សា និង​ថា​ពួកគេ​នឹង​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រឡប់​មកជួប​បាតុករ​របស់ខ្លួន​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ដើម្បី​នាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ចំពោះមុខ​បាតុករ​ដែលមាន​ចំនួន​កើនឡើង​ជាច្រើន​ម៉ឺន​នាក់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ លោក​សម រង្ស៊ី​បានប្រកាសថា លោក​បានទាមទារ​ពី​លោកនាយក​រដ្ឋមន្ត្រី ធ្វើយ៉ាងណា​មិនអោយ​អាជ្ញាធរ​ប្រើប្រាស់​ហិង្សា​ដាក់​ក្រុមបាតុករ​ទៀត។ ហើយ​ថា​លោក​នឹង​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​បន្តទៀត។ ការប្រកាស​របស់លោក​សម រង្ស៊ី​ដែល​បន្ទរ​ដោយ​ការ​សំឡេង​ហ៊ោ​អបអរ​ពី​អ្នកគាំទ្រ។

នៅ​វេទិកា​ដូចគ្នា លោក​កឹម សុខា​បាន​ប្រកាស​ផងដែរ ថា​លោក​បានទាមទារ​អោយ​លោកនាយក​រដ្ឋមន្ត្រី និង​លោក​ឧបនាយក​រដ្ឋមន្ត្រី ធ្វើ​អន្តរាគមន៍​ដោះលែង​សកម្មជន​នយោបាយ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត និង​ក្រោយ​ថ្ងៃ​បោះឆ្នោត។ លោក​ កឹម សុខា ​បានប្រកាស​អោយ​ពលរដ្ឋ​ដែលមាន​សាច់ញាតិ​ដែល​ស្ថិតនៅ​ក្នុងករណី​ទាំងនេះ បញ្ជូន​ឈ្មោះ​ទៅ​លោក ដើម្បី​លោក​អាច​សរសេរ​បញ្ជូនទៅ​លោកនាយក​រដ្ឋមន្ត្រី។

ទោះយ៉ាងណា​ក៏ដោយ ការទាមទារ​អោយ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ដើម្បី​ដោះស្រាយ​បញ្ហា​បោះឆ្នោត​នោះ នៅតែ​មិន​ទទួលបាន​ជោគជ័យ​ដដែល ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា ជា​ការងារ​ហួសពេល។

យោងតាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គម្រោង​នៃ​ការធ្វើ​បាតុកម្មអហិង្សា​នឹងត្រូវ​បន្ត​ដល់​ថ្ងៃ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​ទី១៧កញ្ញា។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ការស្លាប់​យុវជន​នៅ​ស្ពាន​ក្បាលថ្នល់​បានក្លាយ​ជា​ប្រធានបទ​លើ​ទីលាន​ប្រជាធិបតេយ្យ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះសង្ឃ​ដែល​នៅ បន្ត​ចូលរួម​ក្នុង​មហា​បាតុ​កម្ម បាន​ស្មឹង​ស្មាធិ៍ សូត្រមន្ត​បង្សុកូល​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​របស់​យុវជន មោង សុខចាន់ ​អាយុ២៩ឆ្នាំ ដែលជា​ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ច​អង្រែ​ក្រោម។

អ្នកសម្របសម្រួល​នៅលើ​វេទិកា បាន​បន្ត​ប្រកាស​អំពី​ការចូលរួម​ថវិកា​ជា​មូលនិធិ​ពី​ប្រជាជន​ខ្មែរ​ក្នុងស្រុក និង​នៅ​បរទេស​។ យូរ​ម្តង អ្នកសម្របសម្រួល​ប្រកាស​ឡើងវិញ​អំពី​ក្រមសីលធម៌​អ្នកការ​ធ្វើបាតុកម្ម​អហិង្សា។ អ្នកសម្របសម្រួល​ដែល​បាន​រម្លឹក​អោយ​បាតុករ​ទាំងអស់​ប្រកាន់​មុខងារ ជា​បាតុករ​អហិង្សា កង​ជា​កងសន្តិសុខ ជា​អ្នកសារព័ត៌មាន​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ