អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​មន្ត្រី គ.ជ.ប ទៅ​តុលាការ

ពាក្យបណ្តឹង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​មន្ត្រី គ.ជ.ប ត្រូវបាន​ដាក់​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ​ហើយ ​កាលពី​ថ្ងៃទី១១កញ្ញា។ ពាក្យបណ្តឹង​នោះបាន​ប្តឹង​ចំៗ ឈ្មោះ​មន្ត្រី ៣រូប ​គឺ​លោក អ៊ឹម សួស្តី ប្រធាន​គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ និង​លោក ហ៊ី រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ គ.ជ.ប ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​បាន​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ។

លោក​ អ៊ឹម​ សួស្តី​ (រូប​កណ្តាល​) ប្រធាន​ គ.​ជ.​ប​
លោក​ អ៊ឹម​ សួស្តី​ (រូប​កណ្តាល​) ប្រធាន​ គ.​ជ.​ប​ © REUTERS
ផ្សាយពាណិជ្ជកម្ម

ពាក្យបណ្តឹង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) បាន​ទៅ​ដល់ដៃ​តុលាការ​ហើយ ​កាលពី​ថ្ងៃទី ១១កញ្ញា។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១២ កញ្ញា​នេះ។

ពាក្យបណ្តឹង​នោះបាន​ប្តឹង​ចំឈ្មោះ​មន្ត្រីជាន់ខ្ពស់ គ.ជ.ប ចំនួន ៣រូប គឺ​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ និង​លោក ហ៊ី រ៉ុង ប្រធាន​នាយក​រដ្ឋា​ន​ប្រតិបត្តិការ​របស់ គ.ជ.ប។ នៅក្នុង​ពាក្យបណ្តឹង​របស់ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​ចោទ​មន្ត្រី​ទាំងបី​ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ដែលមាន៤ចំណុច​គឺ ក្លែងបន្លំ​ឈ្មោះ​អ្នកបោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត ក្លែងបន្លំ​លិខិត​អត្តសញ្ញាណ​ដើម្បី​ឲ្យ​មាន​អ្នកបោះឆ្នោត​ជំនួស ក្លែងបន្លំ​លទ្ធផល​បោះឆ្នោត និង​ការរំលោភច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត។

នៅក្នុង​ពាក្យបណ្តឹង​នោះដែរ គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកយក​ចំណុច​ជាច្រើន​មក​បញ្ជាក់​លម្អិត​មានដូចជា ការអនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​ម្នាក់​ចុះឈ្មោះ​បាន​ច្រើន​កន្លែង ហើយ​មិន​ព្រម​លុបឈ្មោះ​ចាស់ អនុញ្ញាត​ឲ្យ​អ្នក​គ្មាន​សិទ្ធិ​បោះឆ្នោត​អាច​បោះឆ្នោត​បាន ការ​ទុក​ឲ្យ​កញ្ចប់​សុវត្ថិភាព«ក»មួយចំនួន​បើកចំហ រួមទាំង​ការអនុញ្ញាតិ​ឲ្យ​រថយន្ត​ដែលជា​សម្បត្តិ​រដ្ឋ​ដឹកជញ្ជូន​អ្នកបោះឆ្នោត​ជាដើម។

យ៉ាងណាក៏ដោយ ពាក្យបណ្តឹង​នេះ​មិនបាន​ធ្វើ​ឲ្យ​មន្ត្រី គ.ជ.ប ភ្ញាក់ផ្អើល​ទេ។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​ទើបតែ​បានឃើញ​កម្មវត្ថុ​នៃ​ពាក្យបណ្តឹង​នេះដែរ តែ​លោក​មិន​យល់ថា តើ​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ដែល​គណបក្សប្រឆាំង​បានលើកឡើង​នោះ​ថា ​ជា​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ។ មន្ត្រី គ.ជ.ប ដដែល​បន្តថា ស្ថាប័ន​របស់លោក​អនុវត្ត​តាមច្បាប់ និង​នីតិវិធី​តែប៉ុណ្ណោះ។

ទោះជា​យ៉ាងណា លោក ទេព នីថា អះអាងថា មន្ត្រី គ.ជ.ប ដែល​រង​ពាក្យបណ្តឹង​នោះ​រង់ចាំ​ជានិច្ច​ដើម្បី​អនុវត្តតាម​នីតិវិធីរ​បស់​តុលាការ ហើយ​បាន​ត្រៀម​ជាស្រេច​ដើម្បី​ឆ្លើយបំភ្លឺ​ក្នុងករណី​ដែល​តុលាការ​កោះអញ្ជើញ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ