អានតួអត្ថបទ
កម្ពុជា

សមត្ថកិច្ច​ត្រួត​ពិនិត្យ​ជាតិ​ផ្ទុះ​នៅ​តាម​បណ្ដា​ច្រក​ចូល​រាជ​ធានី​ភ្នំពេញ​មុន​ពេល​មហា​បាតុ​កម្ម​

ខណៈពេលដែល​មហា​បាតុកម្ម នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ពីរ​ថ្ងៃ​ខាងមុខ អ្នកធ្វើដំណើរ​ចេញចូល​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​ឆែកឆេរ រ​ក​អាវុធជាតិផ្ទុះ។ ការឆែកឆេរ​រក​អាវុធជាតិផ្ទុះ​ពី​សំណាក់​សមត្ថកិច្ច និង កងរាជអាវុធហត្ថ ​នៅតាម​បណ្ដា​ច្រកចូល​រាជធានី​ភ្នំពេញ​នេះ ធ្វើឡើង​ដើម្បី​ត្រៀមលក្ខណៈ​ការពារ និង​ពង្រឹង​សន្ដិសុខ ​អំឡុងមហា​បាតុកម្ម ។ នេះ​បើ​យោងតាម​យោងតាម លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ។

មន្ត្រី​អាវុធហត្ថឆែកឆេអាវុធជាតិផ្ទុះតាមបណ្ដាចក្ររាជធានីភ្នំពេញ
មន្ត្រី​អាវុធហត្ថឆែកឆេអាវុធជាតិផ្ទុះតាមបណ្ដាចក្ររាជធានីភ្នំពេញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី០៥ កញ្ញា​នេះ សមត្ថកិច្ច និង កងរាជអាវុធហត្ថ​បាន​រឹត​បន្ដឹង​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ឆែកឆេររ​ក​អាវុធ​ជាតិ​ផ្ទុះ ខណៈពេលដែល​មហា​បាតុកម្ម​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​ នឹង ត្រូវ​គេ​ធ្វើឡើង ​រយៈពេល ២ថ្ងៃ​ខាងមុខ។ រថយន្ត​ទាំងឡាយ​ដែល​ធ្វើដំណើរ​ចូលមក​រាជ​ធា​នី​ភ្នំពេញ​ត្រូវបាន​ឆែកឆេរ​មុននឹង​អនុញ្ញាត​ឲ្យ​បន្តដំណើរ។ ការឆែកឆេរ​នេះ​ត្រូវបាន​សមត្ថកិច្ច​នៅនឹងកន្លែង​អះអាងថា​ដើម្បី​ត្រួតពិនិត្យរក​​អាវុធ ជាតិ​ផ្ទុះ។

លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ឲ្យ​ដឹងថា ការឆែកឆេរ​រក​​អាវុធជាតិផ្ទុះ​នេះ​ធ្វើឡើង​ ក្នុង​គោលបំណង​ការពារ និង ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុងពេលដែល​មានការ​ប្រមូល​ផ្ដុំ​ ធ្វើបាតុកម្ម​នៅ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ ក៏​លោក ខេង​ទី​តូ បញ្ជាក់ថា ពុំមាន​ការឃាត់​រថយន្ត ឬ​ឃាត់​មនុស្ស​ទុក​នោះទេ ប្រសិនបើ​ពួកគេ​ពុំមាន ផ្ទុក​អាវុធជាតិផ្ទុះ​ខុសច្បាប់​នោះ។

អ្នកនាំពាក្យ​រូបនេះ​បន្តទៀតថា ប្រតិបត្តិ​ការឆែកឆេរ​អាវុធ​នេះ នឹង​បន្តធ្វើ​រហូត​ទាល់តែ​សភាពការណ៍ នៃ​ការប្រមូលផ្ដុំ​ចូលរួម​បាតុកម្ម​នេះ​ល្អ​ឡើងវិញ ហើយ​ការឆែកឆេរ​នេះ​គឺ​ធ្វើ​តែ​នៅ​ច្រកចូល​ភ្នំពេញ​ប៉ុណ្ណោះ គ្មាន​ឡើយ​ការឆែកឆេរ​នៅតាម​បណ្ដា​ខេត្ត​នានា។

គួររម្លឹកថា ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា នៅតែ​តានតឹង​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​នីតិកាល​ទី៥ ។ លទ្ធផល និង ភាពមិនប្រក្រតី​ទាំងឡាយ​មុន និង ក្រោយ​បោះឆ្នោត​គឺជា មូលហេតុ​ជំរុញ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​បាតុកម្ម​អហិង្សា ដែល​រៀបចំឡើង​ដោយ​គណៈបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​រដ្ឋាភិបាល​យល់ព្រម​បង្កើត​គណៈកម្មការ​ពិសេស​ឯករាជ្យ​ដោះស្រាយ​ ភាពមិនប្រក្រតី​ទាំងនោះ។ ប្រឈមមុខ​នឹង​បាតុកម្ម​នេះ សមត្ថកិច្ច​បាន​រឹតបន្តឹង​សន្តិសុខ​យ៉ាងខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ