អានតួអត្ថបទ
កម្ពុជា

ភាពតាន​តឹង​​នៃ​​ការចរចា​រវាង​គណបក្ស​ទាំងពីរ អាច​អូស​បន្លាយ​ពេល​ទៀត

ក្រោយ​ពី​ការ​ជជែក​គ្នា​មិន​បាន​សម្រេច កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​នៅ​មិន​ទាន់​មាន​ការ​ណាត់ជួប​គ្នា​ជា​ថ្មី​នៅឡើយ​ទេ។ ចំនុច​​​មិន​យល់​ស្រប​គ្នា​ខ្លាំង​នៅ​ការ​ពិភាក្សា​គ្នា គឺ​តួអង្គ​អ្នក​ធ្វើការ​ងារ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី។ គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើ​អោយ​អង្គការ​ក្រៅរដ្ឋាភិបាល​ជំនាញ​បោះឆ្នោត​ជា​អ្នក​ស៊ើប​អង្កេតភាព​​មិន​ប្រក្រតី ខណៈដែល​គណបក្សប្រជាជន​កម្ពុជា នៅតែទាមទារ​​អោយ គ ជ ប ជា​អ្នកទទួលបន្ទុកកិច្ចការនេះ ដែល​កំណត់ដោយ​ច្បាប់​​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

គណបក្សសង្គ្រោះជាតិកំពុងរង់ចាំចំលើយពីគណបក្សប្រជាជនកម្ពុជាចំពោះការណាត់ជួបពិភាក្សា លើក ក្រោយ​ទៀត​ដើម្បី​និយាយ អំពី​រចនាសម្ព័ន្ធនៃ​គណៈកម្មការ​ពិសេស​ចំពោះកិច្ច​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញរិទ្ធ បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ RFI នៅ​ព្រឹក​នេះ​ថា គណបក្សសង្គ្រោះជាតិ​របស់​លោក​នៅ​តែ​មិន​យល់​ព្រម អោយ​​ គ.ជ.ប ដែល​គណបក្សសង្គ្រោះជាតិ​​យល់​ថា ជា​​អ្នក​បង្កើត​អោយ ​មាន​បញ្ហា​​នោះ ធ្វើ​ជា​អ្នក​ដឹកនាំ​​គណៈកម្មការ​ចំពោះកិច្ច និង​ធ្វើ​​ការងារ​​ស៊ើបអង្កេត​បញ្ហា​​ដដែល​នេះឡើយ។

ការដាក់ប្រគល់តួនាទីស៊ើបអង្កេតបញ្ហាមិនប្រក្រតីដល់គ.ជ.ប. គឺ​​ជា​ការ​ចង់​បាន​របស់​គណបក្ស​​ប្រជាជនកម្ពុជា។ នេះគឺជាចំនុចខ្ទាស់ដ៏ធំនៃការពិភាក្សារវាងគណបក្សទាំងពីរ ដែល​​ទំនង​​ជា​​នឹង​​អាច​អូស​បន្លាយ​ពេល​យូរទៀត ប្រសិន​បើ​គ្មាន​សម្បទាន​ថ្មី​ណា​មួយ​ទៀត​នោះ។

មន្ត្រីជាន់ខ្ពស់នៃការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា លោក ជាម​យៀប​  ដែល​​​ជា​​អ្នក​ចូលពិភាក្សាជាមួយក្រុមតំណាងគណបក្សសង្គ្រោះជាតិ កាល​ពី​ថ្ងៃសុក្រ នោះ បាន​បង្ហាញ​​ជំហរ​ តឹងរឹង​ដើម្បី​ការពារបុព្វសិទ្ធ និងសុពលភាពរបស់​គ.ជ.ប. ក្នុង​ភារកិច្ច​​ជា​អ្នកស៊ើប​អង្កេត​បញ្ហា​​នៃ​ការបោះឆ្នោត​នេះ។ ចំពោះលោក ជាម យៀប គណបក្ស​ប្រជាជន​កម្ពុជា​របស់​​លោក​​មិន​​អាច​​បំពានច្បាប់ ខណៈ​ដែល​គ.ជ.ប. បាន​​ទទួល​​​អាណត្តិ​​ពី​រដ្ឋសភា​​ខ្មែរ​​ក្នុង​​ការ​ចាត់ចែង​ការងារ​បោះឆ្នោត​ហើយ​នោះ​ឡើយ។

លោក ជាម យៀប បន្តថា ទោះយ៉ាងណាក៏ដោយ គណបក្ស​ប្រជាជនកម្ពុជា​បាន​យល់​ព្រម​អោយ​មាន​តំណាង​អង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក មាន​សមាសភាព​​ធ្វើ​​ជា​​ អ្នក​សង្កេតការណ៍​ក្នុងគណៈកម្មការពិសេសចំពោះកិច្ចការ​នេះហើយដែរ។ ប្រសិន​​​​បើ​​​គេ​​ស្តាប់​ប្រសាសន៍​​របស់លោក ជាម យៀប គណបក្ស​ប្រជាជន​កម្ពុជា​​ក៏​​ទំនង​​ជា​មិន​​ខ្វល់​​ពី​ការ​ទាមទារ​របស់​គណបក្សសង្គ្រោះជាតិ​ទៀត​ដែរ ហើយ​នៅ​តែ​ប្រកាន់​ខ្លួន​ថា អ្នក​ឈ្នះ​​​ក្នុង​​​ការ​​បោះឆ្នោត​​​ជា​​មួយ​​សំឡេង​​ភាគ​ច្រើន​​ដាច់ខាត​​នៅ​ក្នុង​រដ្ឋសភា។

ស្ពតវីដេអូ និង​ការ​ពិភាក្សា​មួយ​ចំនួន​ដែល​និយាយ​អំពី​ការ​បង្កើត​នីតិកាលថ្មី​ដោយ​មិន​ចាំបាច់​មាន​​ចំនួន​​សមាជិកសភា១២០រូប ដូចការអះអាងរបស់គណបក្សប្រឆាំងនោះ ត្រូវ​បាន​ចាក់​ផ្សាយ​​តាម​បណ្តាញ​ទូរទស្សន៍ជារៀងរាល់ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ