អានតួអត្ថបទ
ខ្មែរក្រហម

សវនាការសំណុំរឿង ០០២ វគ្គទី១ ឈានដល់វគ្គបញ្ចប់អង្គសេចក្តី

សវនាការ​សំណុំរឿង​ ០០២​ របស់​សាលាក្តី​ខ្មែរក្រហម​បាន​ឈាន​ដល់​ដំណាក់កាល​​បញ្ចប់​អង្គ​សេចក្តី​​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ នេះ​គឺជា​ថ្ងៃ​ចុងក្រោយ​​​នៃ​ការសាក​សួរ​​សាក្សី។ ​ជនជាប់ចោទ​ទាំងពីរ​​បាន​ចូល​រួម​សវនាការ​ ប៉ុន្តែ ​បាន​សម្រេច​ជាថ្មី​ទៀត​ថា​ ឈប់​ឆ្លើយតប​នឹង​សំណួរ​របស់​តុលាការ​ទៀត​ហើយ។ ​នៅ​សប្តាហ៍​ក្រោយ​ តុលាការ​នឹងជូន​ដំណឹង​​អំពីនីតិ​វិធី​បន្ត។

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ អង្គសវនាការ​នៃ​សាលាក្តី​ខ្មែរក្រហម​បន្ត​ចោទ​សួរ​សាក្សី​ចុងក្រោយ​មុន​នឹង​បញ្ចប់​អង្គ​សេចក្តី។ ​ដំណើរការ​សវនាការ​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​ចូល​រួម​ពី​សំណាក់​ជនជាប់ចោទ​ទាំងពីរ។​ ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​ប្រើ​សិទ្ធិ​មិន​ឆ្លើយតប​នឹង​តុលាការ​ជាយូរ​មក​ហើយ​នោះ​​បាន​ចូល​រួម​ស្តាប់​សវនាការ​ដោយ​ផ្ទាល់។​ ចំណែក​ឯ​បងធំ​ទី២​ នួន ជា​ បាន​ត្រឹម​ចូល​រួម​ស្តាប់​សវនាការ​​​ពី​ចម្ងាយ​ដោយសារ​បញ្ហា​សុខភាព។

 
កាលពី​ថ្ងៃ​ម្សិលមិញ​ នួន ជា​ បាន​ប្រកាស​ប្រើ​សិទ្ធិ​មិន​ឆ្លើយ​តប​នឹង​តុលាការ​ដូច​ខៀវ សំផន​ដែរ។ ​ជនជាប់ចោទ​រូបនេះ​បាន​សម្តែង​ការ​ខឹង​សម្បារ​ចំពោះ​តុលាការ​​ដែល​​រារាំង​មិន​ឲ្យ​មេធាវី​ការពារក្តី​របស់​ខ្លួន​បាន​ចោទ​សំណួរ​ដែល​ពួកគេ​ចង់​សួរ។​ លោក​ នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​​នៅ​ថ្ងៃ​នេះ​ថា​ តុលាការ​បាន​ព្យាយាម​រារាំង​​មិន​ឲ្យ​មេធាវី​ការពារ​ក្តី​ នួន​ ជា អូស​បន្លាយ​ពេល​​ដោយ​សារ​តែ​ពួកគេ​ចោទ​សំណួរ​ដដែល​ៗ​ និង​មិន​ចំ​ទៅ​នឹង​អង្គ​សេចក្តី។​

ប៉ុន្តែ​ នួន ជា​​ បាន​ចោទ​តុលាការ​ថា​ បាន​ព្យាយាម​ពន្លឿន​សវនាការ​​ឲ្យ​ឆាប់ចប់​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ការស្វែង​រក​យុត្តិធម៌​ជូន​រូប​គាត់។ យ៉ាងណា​ក៏ដោយ​ អ្នកនាំ​ពាក្យ​សាលាក្តី​អះអាង​ថា​ ការប្រើ​សិទ្ធិ​មិន​ឆ្លើយ​តប​របស់​ជនជាប់​​ចោទ​មិន​ប៉ះពាល់​ដល់​ដំណើរការ​តុលាការ​ទេ​ តែ​កិច្ច​សហការ​របស់​ជនជាប់ចោទ​អាច​ផ្តល់​ប្រយោជន៍​ដល់​ពួកគេ​ខ្លួនឯង​ទៅ​វិញ​ទេ។ ​សវនាការ​សំណុំរឿង​ ០០២​ វគ្គទី​១ ​បាន​ឈាន​ដល់​វគ្គ​បញ្ចប់​នៃ​អង្គ​សេចក្តី​ទៅ​ហើយ។
 
បើយោង​តាម​លោក​ នេត្រ ភក្ត្រា ​នៅ​សប្តាហ៍​ក្រោយ​ តុលាការ​នឹង​ជម្រាប​ជូន​អំពី​នីតិវិធីបន្ត​។ ​គួរ​បញ្ជាក់​ថា​សាលាក្តី​ខ្មែរក្រហម​នៅ​តែ​គ្មាន​ថវិកា​​សម្រាប់​បើក​ប្រាក់​ខែ​ជូន​បុគ្គលិក​​​ជនជាតិ​ខ្មែរ​ដដែល។ ​រហូត​មកទល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​មាន​ប្រទេស​ណា​ផ្តល់​ជំនួយ​បន្ថែម​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ