អានតួអត្ថបទ
កម្ពុជា

ADB៖ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ភាព​រឹង​មាំ ប៉ុន្តែកង្វះ​ជំនាញ ​ធ្វើ​ឲ្យ​កំ​ណើន​មាន​ភាព​យឺតយ៉ាវ

ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB បានប្រកាស​នូវ​លទ្ធផល​របាយការណ៍​ថ្មី​មួយ ​ព្យាករ​សេដ្ឋកិច្ច​ថា ​កំណើន​​​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១១ កើន​ឡើងដល់ ៦,៨%​។ ចំណែក​ឆ្នាំ​២០១២ កំណើន​សេដ្ឋ​​កិច្ច​​​កម្ពុជា បាន​ថយ​ចុះ​មក​នៅត្រឹមតែ ៦,៥%​។ ក៏ប៉ុន្តែ ADB បាន​មើលឃើញ​ថា នៅ​ឆ្នាំ​២០១៣ សេដ្ឋកិច្ច​កម្ពុជានឹង​កើនឡើង​ដល់ ៧%​។​ ជាមួយនឹងការសន្មតដូច្នេះ ADB បាន​លើក​ឡើង​ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែមានភាពរឹងមាំ ប៉ុន្តែកង្វះជំនាញ ធ្វើឲ្យកំណើន​មាន​​ភាពយឺតយ៉ាវ។

ADB
ADB ©meng hour/RFI
ផ្សាយពាណិជ្ជកម្ម

របាយការណ៍ប្រចាំឆ្នាំ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានឈ្មោះថា "ទស្សន​វិស័យ​អភិវឌ្ឍន៍​អាស៊ី ២០១២ ( ADO 2012 )" ត្រូវ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១២ នោះ​គឺ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០១២ បាន​ថយ​ចុះ​បន្តិច។ គឺ​ថយ​ពី ៦,៨% នៅ​ក្នុង​ឆ្នាំ​២០១១ មក​នៅ​ត្រឹម ៦,៥ % នៅ​ឆ្នាំ​២០១២។ សេដ្ឋកិច្ច​កម្ពុជា​ក៏​នឹង​កើន​ឡើង​ដល់ ៧% នៅ​ឆ្នាំ​២០១៣។ ADB បាន​លើក​ឡើង​ថា ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ដូច្នេះ ដោយ​ផ្អែក​លើ​កំណើន​​​​នៃ​ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង ការ​នាំ​ចេញ​អង្ករ ព្រម​ទាំង​ការ​កើន​ឡើង​នូវ​​ចំនួន​ទេសចរ​បរទេស។ ក្នុង​នោះ កំណើន​នៃ​វិស័យ​សេវាកម្ម និង​ទស្សន​វិស័យ​សេដ្ឋកិច្ច​ជា​សកល ដែល​មាន​ស្ថិរភាព​ជាង​មុន។

 
ចំពោះ​ការ​ព្យាករ​​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា ថា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម ៦,៥% នៅ​ឆ្នាំ ២០១២ ត្រូវ​បាន ADB សន្មត​ថា បណ្តាល​មក​ពី​ការ​ថយចុះ​នូវ​ការ​នាំ​ចេញ​នៃ​វិស័យ​ឧស្សាហកម្ម និង​ការ​កើន​ឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ នៃ​កំណើន​ក្នុង​វិស័យ​សេវាកម្ម និង​កសិកម្ម។ កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម ដោយ​មាន​ការ​ជំរុញ​ពី​ការ​នាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែកជើង ទៅ​កាន់​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប នឹង​ថយ​ចុះ​មក​នៅ​ត្រឹម ១១,៤%។

តាម ADB ការ​ថយចុះ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បន្តិចបន្តួច នៅ​ឆ្នាំ​២០១២ ក៏​មក​ពី​សេដ្ឋកិច្ច​របស់​សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា។

លោក Peter Brimble អនុប្រធាន​ប្រចាំ​ប្រទេស និង​ជា​សេដ្ឋកិច្ចវិទូ​ជាន់​ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា "បើ​ទោះបី​ជា​មាន​គ្រោះទឹកជំនន់​អាក្រក់​បំផុត ដែល​មិន​ធ្លាប់​មាន ក្នុង​រយៈពេល​ជាង​មួយ​ទស្សវត្សរ៍​កន្លង​មក​នេះ កើត​មាន​ឡើង​កាល​ពី​ឆ្នាំ​មុន និង​បើ​ទោះ​បី​ជា​មាន​ភាព​មិន​ប្រាកដប្រជា​ក្នុង​កម្រិត​ខ្ពស់ និង​កលយុគ​សេដ្ឋកិច្ច​ក្នុង​សកលលោក​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ។

ប៉ុន្តែ​ភាព​មិន​សមាមាត្រ​នៃ​ធនធានមនុស្ស និង​ទីផ្សារ​ជំនាញ​ដែល​កាន់​តែ​រីកធំ នៅ​ក្នុង​រយៈ ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រំលេច​ឲ្យ​ឃើញ​ពី​ភាព​ចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​សាលារៀន និង​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​មក​នៅ​កៀក​សហគមន៍​ធុរកិច្ច​សំដៅ​បង្កើន​គុណភាព និង​ភាព​ពាក់ព័ន្ធ​ទៅ​នឹង​តម្រូវការ​ទីផ្សារ។ យ៉ាង​ណា​ក៏​ដោយ ADB បាន​លើក​ឡើង​ពី​អតិផរណា​ទំនិញ​ឡើង​ថ្លៃ នៅ​ក្នុង​ឆ្នាំ២០១២ និង​ឆ្នាំ២០១៣ នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ប្រមាណ ៥% គិត​ជា​មធ្យម​ប្រចាំ​ឆ្នាំ ខណៈ​ដែល​ឆ្នាំ​២០១១ អតិផរណា មាន​កម្រិត ៥,៥%។ ក៏​ប៉ុន្តែ​ការ​ឡើង​ថ្លៃ​ប្រេង​ជា​សកល​នៅ​ឆ្នាំ​២០១២ អាច​ធ្វើ​ឲ្យ​ការ​ព្យាករ​​របស់ ADB ពី​អតិផរណា​ខុស​បន្តិច​បន្តួច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ