អានតួអត្ថបទ
កម្ពុជា

ករណី​​អភិបាល​​ក្រុងបាវិត​​ដែលជា​ជន​សង្ស័យ​​បាញ់​កម្មករ​​ក្រោមការ​​តាមដាន​​

ព័ត៌មាន​ស្តីពី​ការ​ចាប់​ខ្លួន​អភិបាល​ក្រុង​បាវិត​ដែល​ជា​ជនសង្ស័យ​បាញ់​ទៅ​លើ​កម្មការិនី​ឲ្យ​របួស​៣​នាក់​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​កំពុង​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​តាម​ប្រមាញ់​របស់​ក្រុម​អ្នកកាសែត​និង​អង្គការ​សិទ្ធិមនុស្ស​យ៉ាង​សកម្ម។ ​នៅ​ថ្ងៃ​សៅរ៍​នេះ​មាន​ព័ត៌មាន​លេច​លឺ​ថា​ លោក​ ឈូក​ បណ្ឌិត​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ប៉ុន្តែ ​ទីបំផុត​ទៅ​ទាំង​ព្រះរាជអាជ្ញា​តុលាការ ​ទាំង​សមត្ថកិច្ច​ប៉ូលិស​បាន​បដិសេធ​ថា​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​ជនសង្ស័យ​រូប​នេះ​នៅ​ឡើយ​ទេ។ ​យ៉ាងណា​ក៏ដោយ​ សំណុំរឿង​នេះ​កំពុង​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​តាម​ដាន​យ៉ាង​សកម្ម​ពី​អង្គការ​សិទ្ធិមនុស្ស ​និង​សហជីព​កម្មករ។

ស្រ្តី​កម្មការិនី​រងគ្រោះ​ដោយ​ការបាញ់ប្រហារ​នៅ​ខេត្ត​ស្វាយរៀង​
ស្រ្តី​កម្មការិនី​រងគ្រោះ​ដោយ​ការបាញ់ប្រហារ​នៅ​ខេត្ត​ស្វាយរៀង​ ©Adhoc
ផ្សាយពាណិជ្ជកម្ម

ជនសង្ស័យ​ថា​បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​នៅ​ក្រុង​បាវិត​ដែល​មាន​ឋានៈ​ដល់​ទៅ​ចៅហ្វាយក្រុង​នោះ​នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​រហូត​ដល់​ថ្ងៃ​សៅរ៍​នេះ​បើ​ទោះបី​ជា​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ជា​ចំហ​ពី​អត្តសញ្ញាណ​ជន​សង្ស័យ​ហើយ​ក៏ដោយ។ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​មាន​ព័ត៌មាន​ច្របូក​ច្របល់​មួយ​ចំនួន​បាន​កើត​ឡើង​ស្តីពី​ការ​ចាប់​ខ្លួន​លោក​ ឈូក ​បណ្ឌិត​ អភិបាល​ក្រុង​បាវិត។ ​ប្រភព​ពី​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ខ្លះ​បាន​អះអាង​ថា ​ជនសង្ស័យ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ហើយ​តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ។

 
ប៉ុន្តែ ​ទីបំផុត​ទៅ​ ទាំង​សមត្ថកិច្ច​ប៉ូលិស ​ទាំង​មន្ត្រី​តុលាការ​ខេត្ត​ស្វាយរៀង​បាន​បញ្ជាក់​ថា​ គ្មាន​ការ​ចាប់​ខ្លួន​អភិបាល​ក្រុង​ដែល​ជា​ជនសង្ស័យ​នៅ​ឡើយ​ទេ។ ​យ៉ាងណា​ក៏​ដោយ​ ក្រុម​អ្នក​កាសែត​ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រួម​ទាំង​សហជីព​កម្មករ​ផង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ចំពោះ​សំណុំរឿង​នេះ។ ​លោក ​ចាន់ សូវ៉េត​ មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​ អាដហុក ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា​ សកម្មជន​របស់​លោក​ក៏​បាន​ទទួល​ព័ត៌មាន​ដ៏​ច្របូក​ច្របល់​នេះ​ដែរ​ ហើយ​ពួកគេ​កំពុង​តាម​ដាន​យ៉ាង​សកម្ម​នីតិវិធី​នៃការ​ចាប់​ខ្លួន​នេះ។​ លោក​ ហ៊ីង ប៊ុនជា ​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ស្វាយរៀង​បាន​អះអាង​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​នេះ​ថា​ សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​លោក​ ហើយ​លោក​ព្រះរាជ​អាជ្ញា​កំពុង​តែ​ពិនិត្យ​សំណុំ​រឿង​នៅ​ឡើយ។

លោក​ឈូក ​បណ្ឌិត​ អភិបាល​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​រក​ឃើញ​ថា ​ជា​ជនសង្ស័យ​បាញ់​ប្រហារ​ទៅលើ​កម្មករ​បណ្តាល​ឲ្យ​របួស​ធ្ងន់​៣​នាក់​ខណៈ​ដែល​ក្រុម​កម្មករធ្វើ​កូដកម្ម​ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ។ ​ក្រោយ​ការ​ស៊ើប​អង្កេត​ ក្រសួង​មហាផ្ទៃ​បាន​ដាក់​សំណុំរឿង​ជូន​តុលាការ​ខេត្ត​ស្វាយរៀង​ជា​អ្នក​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ ប៉ុន្តែ ​មក​ទល់​ពេល​នេះ​ជនសង្ស័យ​នៅតែ​មាន​សេរីភាព​នៅ​ឡើយ។ ​ការ​យឺតយ៉ាវ​នៃ​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ ​ក៏​ដូចជា​របស់​តុលាការ​ដែរ​បាន​នាំឲ្យ​មាន​ក្តី​បារម្ភ​ពី​សំណាក់​សកម្មជន​សិទ្ធិមនុស្ស​និង​សហជីព​កម្មករ។ ​យ៉ាងណា​ក៏ដោយ ​ពួកគេ​នៅ​តែ​សង្ឃឹម​ថា ​ជនសង្ស័យ​នឹង​ត្រូវ​គេ​ចាប់​ខ្លួន​យក​ទៅ​ផ្តន្ទាទោស​ក្នុង​ពេល​ឆាប់ៗ​បំផុត​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ