អានតួអត្ថបទ
កម្ពុជា

សកម្មជន​សិទ្ធិមនុស្ស​តវ៉ា​លើក​បដា​មុខរដ្ឋសភា​ប្រឆាំង​ពង្រាងច្បាប់​អង្គការ​

សកម្មជន​សិទ្ធិមនុស្ស​មក​ពី​សហគមន៍​មូលដ្ឋាន​ទូទាំង​ ២៤ ខេត្ត​-​រាជធានី ​ពាក់អាវ​យឺត​ខ្មៅ ​បង់ក​ក្រមា ​លើក​ញតិ្ត​ស្នាម​មេដៃ​ជាង​ ១ ម៉ឺន ឈរ​តវ៉ា​ព្រមទាំង​ស្រែក​មេក្រូ ​ប្រឆាំង​នឹង​ការបង្កើត​ច្បាប់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ​សកម្មជន​សិទិ្ធមនុស្ស​នៅតែ​អះអាង​ថាពង្រាង​ច្បាប់​ថ្មី​នោះ ​បាន​រឹតត្បិត​សេរីភាព​និង​សកម្មភាព​របស់​សមាគម និង​អង្គការ​នៅ​សហគមន៍​មូលដ្ឋាន​។​ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក ខៀវ សុភ័គ​ បាន​ច្រានចោល​ហើយ​ថា​ ក្រសួង​មហាផ្ទៃ​នឹង​ពិនិត្យ​លើ​ក្តីបារម្ភ​ និង​អនុសាសន៍​របស់​សង្គម​ស៊ីវិល​ ដែល​អាច​នឹង​មាន​ការ​ជួប​ប្រជុំ​លើក​ក្រោយៗ​ទៀត។

សកម្មជន​​សិទ្ធិមនុស្ស​​មក​ពី​​សហគមន៍​​មូលដ្ឋាន​ទាំង​២៤ខេត្ត​-​រាជធានី​​​លើក​​ញតិ្ត​​ស្នាម​​មេដៃ​​ជាង​១ម៉ឺន​ឈរ​តវ៉ា​​​ប្រឆាំង​​នឹង​ការ​បង្កើត​​ច្បាប់​សមាគម​​និង​​អង្គការ​​មិនមែន​រដ្ឋាភិបាល​​
សកម្មជន​​សិទ្ធិមនុស្ស​​មក​ពី​​សហគមន៍​​មូលដ្ឋាន​ទាំង​២៤ខេត្ត​-​រាជធានី​​​លើក​​ញតិ្ត​​ស្នាម​​មេដៃ​​ជាង​១ម៉ឺន​ឈរ​តវ៉ា​​​ប្រឆាំង​​នឹង​ការ​បង្កើត​​ច្បាប់​សមាគម​​និង​​អង្គការ​​មិនមែន​រដ្ឋាភិបាល​​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

បង់ក​ក្រមា​ ពាក់​អាវយឺត​ពណ៌​ខ្មៅ និង​ស្លៀកខោ​ឬ​សំពត់ខ្មៅ​ សកម្មជន​សិទ្ធិមនុស្ស​មក​ពី​សហគម​ន៍​មូលដ្ឋាន​ទូទាំង​ប្រទេស បាន​ឈរ​កាន់​បដា ធ្វើ​ពី​ក្រមា ​ជាង ២០០ ម៉ែត្រ ​បិទ​នូវ​ញត្តិ​ស្នាម​មេដៃ​ជាង​១ម៉ឺន​ស្នាម​មេដៃ​។ ​ខណៈ​ដែល​រដ្ឋសភា​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី២០​ធ្នូ ឆ្នាំ​២០១១ ​សកម្មជន​សិទ្ធិ​មនុស្ស​ទាំងនោះ បាន​ឈរ​តវ៉ា ដោយ​ស្រែក​មេក្រូ នៅ​មុខ​រដ្ឋសភា ដើម្បី​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បង្ហាញថា​ សេចក្តី​ព្រាងច្បាប់​លើក​ទី៤​ ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​រដ្ឋាភិបាល​ផ្សព្វផ្សាយ ​និង​ពិភាក្សា​កាលពី​ថ្ងៃ​ទី១៩​ធ្នូ​ម្សិលមិញ ​ធ្វើឡើង​ដើម្បី​ត្រួតត្រា​ ជាជាង​លើកស្ទួយ ​និង​ពង្រឹង​សង្គម​ស៊ីវិល​។ ពង្រាងច្បាប់​ថ្មី​នោះ ​ធ្វើឲ្យ​បាត់បង់​សិទ្ធិ​ប្រជាពលរដ្ឋ​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

តាម​សេចក្តី​ថ្លែងការណ៍ ​សេចក្តី​ព្រាងច្បាប់​ លើក​ទី៤ ​ស្តីពី ​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បានដាក់​បន្ទុក​យ៉ាង​ខ្លាំង​ទៅលើ​សង្គម​ស៊ីវិល​នានា ​នៅ​ថ្នាក់​មូលដ្ឋាន​ដែល​បង្កើត​ឡើង​ដោយ​ឆន្ទៈ​ប្រជាពលរដ្ឋ​ផ្ទាល់ ​ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​។

ប្រជា​សហគមន៍​ដីធ្លី ​ព្រៃឈើ ​សហគមន៍​នេសាទ ​និង​សហជីព​កម្មករ ​ក៏​បាន​ស្រែក​ទាមទារ​ឲ្យ ​រដ្ឋសភា ​កុំ​ទទួល​យក​ពង្រាងច្បាប់​ថ្មី​នោះ មក​អនុម័ត​ឡើយ​។

ក្រោយ​ពី​ជួបជុំ ​សកម្មជន​សិទ្ធិមនុស្ស បាន​យក​បដា​ញត្តិ​ក្រមា​ស្នាម​មេដៃ​នោះ ​ប្រគល់ឲ្យ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ ដែល​បាន​ធ្វើពហិការ ​ដើរចេញ​ពី​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២០​ធ្នូ ឆ្នាំ​២០១១​។

យ៉ាងណា​ក៏ដោយ​ លោក​ឧត្តមសេនីយ៍ឯក ​ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ​ក្រសួងមហាផ្ទៃ ​នឹង​ពិនិត្យ​លើ​ការព្រួយ​បារម្ភ ​និង​អនុសាសន៍​របស់​សង្គម​ស៊ីវិល ចំពោះ​ពង្រាងច្បាប់​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ក្រសួង​ក៏​នឹង​រៀបចំ​ឲ្យមាន​ការជួប​ប្រជុំ​ពិភាក្សា​គ្នា​លើក​ក្រោយៗ​ទៀត​។

តាម​លោក​ឧត្តមសេនីយ៍ ​ច្បាប់​ថ្មី​នោះ មិនមែន​បង្កើតឡើង​ដើម្បី​បិទ​សិទ្ធិសេរីភាព​សង្គម​ស៊ីវិល​ទេ​។ ​ប៉ុន្តែ​ជា​គោលការណ៍​គឺ​ក្រសួង​មហាផ្ទៃ​ ក៏​ដូច​រដ្ឋាភិបាល ត្រូវតែ​បង្កើត​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្របតាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​។

សូម​រម្លឹកថា ​កាលពី​ព្រឹក​ថ្ងៃទី១៩​ ខែ​ធ្នូ​ឆ្នាំ​២០១១ ក្រសួង​មហាផ្ទៃ ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​សង្គម​ស៊ីវិល​ជាតិនិង​អន្តរជាតិដើម្បី​ផ្តល់​ឱកាស​ជាថ្មី​ម្តងទៀតដល់​ក្រុម​សង្គម​ស៊ីវិលឲ្យ​បញ្ចេញ​​​​មតិ​លើ​ពង្រាង​ច្បាប់ លើក​ទី​៤ ​ស្តីពី​ សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស។ ​ក៏​ប៉ុន្តែ​កិច្ចប្រជុំ​ពេញ​មួយ​ព្រឹក​នោះ មិន​ទទួលបាន​លទ្ធផល​អ្វី​ទេ ​ដោយ​តំណាង​ក្រសួង​មហាផ្ទៃ​មិន​បាន​ឆ្លើយតប​អ្វី ចំពោះ​ការស្នើ​ឲ្យ​ពន្យារ​ពេល​និង​កែ​សម្រួល​មាត្រា​ជាច្រើន​ក្នុង​ពង្រាងច្បាប់​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ