អានតួអត្ថបទ
កម្ពុជា

មន្ត្រី​រដ្ឋាភិបាល​ឆ្លើយតប​ការចោទ​ប្រកាន់​របស់​ នួន ជា​ មកលើ​វៀតណាម​

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ហោ ណាំហុង​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​នួន ជា​ ដែល​ថា​ឧក្រិដ្ឋកម្ម​លើ​ប្រជាជន​ខ្មែរ​ក្នុង​សម័យ​ខ្មែរ​ក្រហម​មាន​ពាក់ព័ន្ធ​នឹង​ប្រទេស​វៀតណាម។ ​លោក​នួន ជា​និយាយ​ច្រើន​អំពី​ប្រទេស​វៀតណាម​នៅក្នុង​បន្ទប់​សវនាការ ​ខណៈពេល​ដែល​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​​វៀតណាម​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

លោក​ប្រមុខការទូត​កម្ពុជា ហោ ណាំ ហុង
លោក​ប្រមុខការទូត​កម្ពុជា ហោ ណាំ ហុង RFI/Chheang Bopha
ផ្សាយពាណិជ្ជកម្ម

លោកឧប​នាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ថ្លែង​ចាត់ទុក​ការ​លើក​ឡើង​របស់​លោក​នួន ជា​ នៅក្នុង​បន្ទប់​សវនាការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នោះ ថា​គ្រាន់​តែ​ជា​ការ​អះអាង​របស់​ជន​ជាប់ចោទ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ម្នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​ថា ការពិត​ជាក់ស្តែង​គឺ​ផ្ទុយពី​ការ​លើកឡើង​របស់​លោក​នួន​ ជា។

លោកហោ ណាំហុង​បាន​ថ្លែង​យ៉ាង​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​សំណួរ​របស់​អ្នកកាសែត​នៅ​ឯ​ក្រសួង​ការបរទេស​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៧​ធ្នូ​នេះ។ ​អ្នកកាសែត​ដែល​សុំ​ការ​អត្ថាធិប្បាយ​របស់​លោក​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​លោក​នួន ជា​ ថា​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម​មាន​ពាក់ព័ន្ធ​នឹង​វៀតណាម ថា​វៀតណាម​មាន​បំណង​ចង់​គ្រប់គ្រង​កម្ពុជា។​ ហេតុដូច្នេះ​ហើយ​បាន​ជា​បក្ស​កុម្មុយនិស្ត​កម្ពុជា​តស៊ូ​រំដោះ​កម្ពុជា។

ការ​ឆ្លើយឆ្លង​រវាង​មន្ត្រី​ជាន់​ខ្ពស់​របស់​កម្ពុជា​ជាមួយ​លោក​នួន ​ជា ​កំពុង​កើតឡើង​ខណៈដែល​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ។​ ពាក់ព័ន្ធ​នឹង​សាលាក្តី​ខ្មែរក្រហម​ដែរ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​៦​ធ្នូ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ង្វៀន ភូទ្រុង​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ប្រាប់​លោក​ង្វៀន ភូទ្រុង​ថា ​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​គឺ​ជា​សច្ចៈធម៌​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រទេស​វៀតណាម។ ការ​កាត់​ក្តី​ដែល​វា​បាន​បង្ហាញ​ពី​ភាពត្រឹមត្រូវ​នៃ​ជំនួយ​របស់​កងទ័ព​វៀតណាម​ក្នុង​ការ​រំដោះ​ប្រជាជន​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ