អានតួអត្ថបទ
កម្ពុជា

តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​កាត់ទោស​ឧត្តមសេនីយ៍​ម៉ឹកដារ៉ា​និង​បក្ខពួក​ក្នុង​សំណុំរឿង​ពុករលួយ​គ្រឿងញៀន​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ចាប់ផ្តើម​សវនាកា​រលើ​សំណុំរឿង​ពុក​រលួយ​តាមរយៈ​ការបង្ក្រាប​គ្រឿងញៀន​ ប្រឆាំងនឹងឧត្តមសេនីយ៍ឯក​ ម៉ឹក ដា​រ៉ា​ អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​រួម​ទាំង​បក្ខពួក​។ ​សវនាការ​លើ​សំណុំរឿង​ពុករលួយ ​និង​គ្រឿងញៀន​ដ៏​ធំ​ប្រឆាំង​មេ​ប៉ូលិស​ក្រសួង​មហាផ្ទៃ ​នឹង​បន្ត​ធ្វើ ​ចាប់ពី​ពេលនេះ​ រហូត​ដល់​ចុង​ខែ​មករា ឆ្នាំ​២០១២​។

លោកម៉ឹកដារ៉ា ត្រូវបាន​ប៉ូលិស​ដាក់ខ្នោះ​នាំចូល​តុលាការ ​
លោកម៉ឹកដារ៉ា ត្រូវបាន​ប៉ូលិស​ដាក់ខ្នោះ​នាំចូល​តុលាការ ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា ឆ្នាំ​២០១១​ តុលាការ​ខេត្ត​បន្ទាយ​មានជ័យ បាន​លើកយក​សំណុំរឿង​ពុករលួយ​ ដោយ​ការបង្ក្រាប​គ្រឿងញៀន ចាប់តាំងពី​ឆ្នាំ​២០០៧​ ដើម្បី​ចោទប្រកាន់​ប្រឆាំងនឹង​លោក​ឧត្តមសេនីយ៍ឯក ម៉ឹក ដា​រ៉ា និង​អ្នកក្រោមបង្គាប់​។

 
នៅពេល​បើក​សវនាការ ​លោក​ចៅក្រម អ៊ិត សម្ផស្ស ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ​របស់​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ បាន​ប្រកាសថា សវនាការ​លើ​សំណុំរឿង​ពុករលួយ​គ្រឿងញៀន​ប្រឆាំង​លោក ម៉ឹក​ដា​រ៉ា ត្រូវធ្វើ​ចាប់ពី​ថ្ងៃ​ទី​១៧​វិច្ឆិកា​នេះ រហូត​ដល់​ថ្ងៃ​ទី​២០​មករា ឆ្នាំ​២០១២​។ ក្នុងករណីនេះ មាន​សំណុំរឿង​រហូតដល់ ៣៨ ករណី និង​សាក្សី ១៣០ នាក់​។

លោក​ម៉ឹក​ដា​រ៉ា ត្រូវបាន​ប៉ូលិស​ដាក់​ខ្នោះ​នាំចូល​តុលាការ​ ជាមួយនឹង​អតីត​មេ​ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ និង​អតីត​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ជាច្រើន​នាក់​ទៀត​។

ប៉ុន្តែ​ក្នុង​សំណុំរឿង​ពុក​រលួយ ​ស៊ីសំណូក ​តាមរយៈ​ការបង្ក្រាប​គ្រឿងញៀន ​ដែល​តុលាការ​កាត់ទោស​នៅ​ថ្ងៃ​ដំបូង​នេះ មាន​ជន​ជាប់ចោទ​ ៣ នាក់​ ជា​អតីត​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន គឺ​លោក​ឧត្តមសេនីយ៍ឯក ម៉ឹក​ដា​រ៉ា អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន និង​ជា​អតីត​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, លោក ជា ឡេង អតីត​ប្រធាន​ការិយាល័យ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ប៉ូលិស​ឈ្មោះ ម៉ន ឌឿ​ន នាយរង​ការិយាល័យ ទំនាក់ទំនង​ព្រំដែន នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​បាន​រត់គេចខ្លួន​។

អតីត​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​លោក ហ៊ុន ហ៊ាន និង​អតីត​ស្នងការរង លោក ឈៀង សុន ព្រមទាំង​អតីត​ប៉ូលិស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​នាំចូល​តុលាការ​នៅថ្ងៃនេះ គឺ​ជា​សាក្សី​។ តុលាការ​បាន​កាត់ទោស​ដាក់ពន្ធនាគារ ៤ ឆ្នាំ ក្នុង​រឿង​ពុករលួយ​គ្រឿងញៀន លើ​អតីត​មេ​ប៉ូលិស ហ៊ុន​ហ៊ាន និង​ឈៀង​សុន​។

នៅ​ពេល​ចាប់ផ្តើម​សវនាការ កាលពី​ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា ឆ្នាំ​២០១១ លោក ការ សា​វុត្ថ មេធាវី​ការពារ​ក្តី​ឲ្យ​លោក ម៉ឹក ដា​រ៉ា បានទាមទារ​ឲ្យ​តុលាការ ផ្អាក​ដំណើរការ​សវនាការ ព្រោះថា មកដល់ពេលនេះ មិនទាន់​មាន​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ ក្នុង​ការដកតំណែង​លោក ម៉ឹក ដា​រ៉ា ពី​ឧត្តម​មន្ត្រី​ឡើយ​។ ក៏ប៉ុន្តែ​ចៅក្រម​បាន​បដិសេធ​។​
​ចំណែក​លោក​ឧត្តមសេនីយ៍ឯក ម៉ឹក​ដា​រ៉ា បាន​ច្រានចោល​រាល់​ការប្រកាន់​លើ​រូប​លោក​។ លោក ម៉ឹក​ដា​រ៉ា ក៏​បាន​ប្រកាស​ស្បថស្បែ​ថា លោក​មិន​ដឹង​រឿង​ស៊ីសំណូក តាមរយៈ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​កន្លងមក​ឡើយ​។

អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ជា​ដើមបណ្តឹង​ប្រឆាំងនឹង​អតីត​ឧត្តមសេនីយ៍ និង​មេ​ប៉ូលិស បានលើកឡើងថា គ្រាន់តែ​បទ​ចោទ​ប្រកាន់​ករណី​ទី​២ និង​ទី​៣ អាច​ឲ្យ​លោក​អតីត​ឧត្តមសេនីយ៍ឯក ម៉ឹក​ដា​រ៉ា ជាប់​ពន្ធនាគារ​អស់​មួយជីវិត​។
សវនាការ​រយៈពេល​ពេញ​មួយ​ថ្ងៃនេះ ធ្វើឡើង ដោយ​ចៅក្រម​សួរដេញដោល​លើ​លោក ម៉ឹក​ដា​រ៉ា និង​លោក ជា ឡេង អំពី​ការបង្ក្រាប​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​៤​មិថុនា ឆ្នាំ​២០០៧ នៅ​កាស៊ីណូ ណាហ្គា ក្នុង​ទីក្រុង​ភ្នំពេញ​។ ករណី​នោះ គឺ​លោក ជា ឡេង ប្រធានការិយាល័យ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​ក្រសួង​មហាផ្ទៃ បាន​ចុះ​បង្ក្រាប តាម​ការបញ្ជា​របស់​លោក ម៉ឹក​ដា​រ៉ា​។ សវនាការ​លើ​រឿងក្តី​នេះ នឹង​បន្ត​ទៅ​ថ្ងៃស្អែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ