អានតួអត្ថបទ
កម្ពុជា

ទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ​បញ្ជាក់​ថារដ្ឋាភិបាល​មិនជ្រៀតជ្រែក​ដំណើការ​តុលាការ​ខ្មែរក្រហម​

នៅ​ថ្ងៃ​ពុធ​នេះ ​លោកស្រី ​យូ អយ ​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ថៃ ​បាន​សរសេរ​លិខិត​បំភ្លឺ​មួយ​ ទៅកាន់​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ ​ចំពោះ​អត្តបទ​ ដែល​មាន​ចំណងជើង​ថា “​ចៅក្រម​លាលែង​ដោយសារតែ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​”​។ ​ក៏​ប៉ុន្តែ​តាម​លោកស្រី​ យូ អយ រដ្ឋាភិបាល​កម្ពុជា ​មិន​ដែល​បាន​ហើយ​ក៏​នឹង​មិន​ជ្រៀតជ្រែក​លើ​សមត្ថកិច្ច​របស់​សាលាក្តី​ ចម្រុះ​កាត់ទោ​សមេ​ខ្មែរ​ក្រហម​ឡើយ​។

ឯកអគ្គរាជទូតកម្ពុជា​នៅ​ថៃ​បានបញ្ជាក់​ទៅកាសែត​បាងកកប៉ុស្តិ៍​ថា​ រដ្ឋាភិបាលកម្ពុជាមិនជ្រៀតជ្រែក​តុលាការ​ខ្មែរក្រហម​ឡើយ
ឯកអគ្គរាជទូតកម្ពុជា​នៅ​ថៃ​បានបញ្ជាក់​ទៅកាសែត​បាងកកប៉ុស្តិ៍​ថា​ រដ្ឋាភិបាលកម្ពុជាមិនជ្រៀតជ្រែក​តុលាការ​ខ្មែរក្រហម​ឡើយ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១២​តុលា​ឆ្នាំ​២០១១​ លោកស្រី យូ អយ ​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ថៃ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា​ ចំពោះ​តុលាការ​ខ្មែរក្រហម​។​ នោះ​គឺ​រដ្ឋាភិបាល​កម្ពុជា​យល់​យ៉ាងច្បាស់​ថា​ វា​ជា​បុព្វសិទ្ធិ​របស់​សាលាក្តី​ចម្រុះ​កាត់ទោស​មេ​ខ្មែរ​ក្រហម​ដែល​បង្កើតឡើង​ដោយ​អង្គការ​សហប្រជាជាតិ​និង​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សម្រេច​ចិត្ត​ចោទប្រកាន់​បុគ្គល​ណា​ម្នាក់​ នៅ​ពីក្រោយ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ អំឡុង​របប​ខ្មែរក្រហម​។

 
លោកស្រី​ឯកអគ្គរាជទូត​បាន​បញ្ជាក់​ទៅកាន់​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ប្រទេស​ថៃ​ថា​ ចាប់តាំងពី​បង្កើត​សាលាក្តី​ចម្រុះ​នោះ​មកដល់​សព្វថ្ងៃ​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​នូវ​ការគោរព​ដោយ​ពេញលេញ​លើ​ឯករាជ្យភាព​នៃ​ដំណើរការ​កាត់ទោស​មេខ្មែរក្រហម និង​មិនដែល​ជ្រៀតជ្រែក​ចំពោះ​ដំណើរការ​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ខ្មែរ​ឡើយ​។

លោកស្រី យូ អយ​ក៏​បាន​បន្ថែមថា​ រដ្ឋាភិបាល​កម្ពុជា ​ចង់ឲ្យ​តុលាការ​កូនកាត់​បំពេញ​បេសកកម្ម​របស់ខ្លួន​ឲ្យ​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើទៅបាន​ពីព្រោះ​អតីត​មេ​ខ្មែរក្រហម ​៤ រូប​ ដែល​កំពុង​ជាប់​ឃុំឃាំង នៅ​ក្នុង​សំណុំរឿង​០០២ ​កាន់តែ​មាន​វ័យ​ចំណាស់ ​និង​មាន​ជំងឺ​ហើយ​អាច​នឹង​ស្លាប់​នៅ​ពេល​ណាមួយ​។ ​ដូច្នេះ​សាលាក្តី​ចម្រុះ អាច​ប្រឈម​នឹង​ការ​មិន​បាន​កាត់​ទោស​​មេ​ដឹកនាំ​ខ្មែរក្រហម​ណា​ម្នាក់​ទេ ប្រសិនបើ​ដំណើរការ​កាត់ទោស​ត្រូវ​បានអូសបន្លាយ​។

ម្យ៉ាងវិញទៀត​ លោកស្រី យូ អយ​ ក៏​បាន​ប្រាប់​ទៅកាន់​និពន្ធ​នាយក​កាសែត​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា​ ក្នុង​រឿង​សាលាក្តី​ខ្មែរក្រហម រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​បង្ហាញ​នូវ​ក្តីបារម្ភ​របស់ខ្លួន​ចំពោះ​ការផ្សះផ្សារ​ជាតិ​ សន្តិភាព​ សន្តិសុខ ​និង​ការអភិវឌ្ឍ​ជាតិ​ បើសិនជា​មាន​ការចោទ​ប្រកាន់​បន្ថែម​លើ​អតីត​មេ​ខ្មែរក្រហម​។

សេចក្តី​បញ្ជាក់​ស្រដៀងគ្នា ​ពីការមិន​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ លើដំណើ​ការ​កាត់ទោស​មេខ្មែរ​ក្រហម​ក៏ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា​ប្រកាស​ក្នុងសេចក្តី​ថ្លែងការណ៍​នៅថ្ងៃ​ពុធ​នេះ​ផងដែរ។

ទាក់ទង​សំណុំរឿង​ខ្មែរក្រហម ​នៅ​ថ្ងៃ​ពុធ​នេះ​ លោក​ចៅក្រម យូ​ប៊ុន​ឡេង ​សហចៅក្រម​ស៊ើប​អង្កេត​ជាតិ ​បានចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​សម្តែង​ការភ្ញាក់ផ្អើល​បំផុត ​ចំពោះ​ការ​ប្រកាស​លាលែង​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​លោក សេហ្វ្រី​កប្លុង។
តាម​សេចក្តី​ថ្លែងការណ៍​ សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ ​បាន​ដំណើរការ​យ៉ាង​រលូន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ និង​ឈរ​លើ​គោលការណ៍​ច្បប់​។ នោះ​គឺ​សហ​ចៅក្រម​ទាំងពីរ ​បាន​ និង​កំពុង​ធ្វើ​ចំណាត់ការ​នីតិវិធី​លើ​សំណុំរឿង​០០៣ និង​០០៤ ​ជាពិសេស​កិច្ច​ស៊ើបសួរ​ នៃ​ការ​ស្តាប់​ចម្លើយ​សាក្សី​សំខាន់ៗ​ និង​ការចុះ​ទៅ​ពិនិត្យ​ទីតាំង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​មួយចំនួន​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ឯករាជ្យ​និង​គ្មាន​ឧបសគ្គ​រារាំង​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ