អានតួអត្ថបទ
កម្ពុជា

Human Rights Watch ទាមទារ​អោយ​សហចៅក្រម​ស៊ើប​អង្កេត​លា​លែង​ពី​តួនាទី

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ផ្សាយ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ​នៅ​ថ្ងៃ​ទី​៣​តុលា​នេះ ចោទប្រកាន់​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​និង​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ថា មិន​បាន​ធ្វើ​ការងារ​ដោយ​គោរព​តាម​តួនាទី​ភារកិច្ច​ស្រប​តាម​ច្បាប់​នោះ​ឡើយ ហើយ​ថា សហ​ចៅក្រម​ទាំងពីរ​រូប​គួរ​តែ​លាលែង​ពី​តំណែង។ អ្នក​នាំ​ពាក្យ​សាលាក្តី​បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ។

សាល​សវនាការ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម
សាល​សវនាការ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម REUTERS/Mark Peters/ECCC/Handout
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​ប៉ាកកា​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​តែ​បន្ត។ នៅ​ថ្ងៃ​ទី​៣​តុលា​នេះ ពី​ទីក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រិះគន់​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​និង​អន្តរជាតិ។ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​សរសេរ​ថា​សហ​ចៅក្រម​ទាំងពីរ​មិន​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ត្រឹមត្រូវ និង​អព្យាក្រឹត​នោះឡើយ​នៅ​ក្នុង​សំណុំរឿង​០០៣ និង​០០៤។

ដូច្នេះ​អង្គការ​ Human Rights Watch បាន​ស្នើអោយ​សហចៅក្រម​ស៊ើបអង្កេត​ជាតិ គឺ​លោក យូ ប៊ុនឡេង និងសហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ គឺ​លោក Siegfried Blunk គួរតែលាលែង​ពី​តួនាទី​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តី​ខ្មែរ​ក្រហម។ អង្គការ​នេះ​បន្ត​ថា​ករណី​០០៣​និង​០០៤​ទំនងជា​នឹង​ត្រូវ​គេ​បញ្ចប់​ដោយ​មិនមាន​ការ​អង្កេត​ម៉ត់ចត់។

អង្គការ​ Human Rights Watch ​បាន​ចោទប្រកាន់​សហចៅក្រម​ទាំង​២​នាក់​ថា​បាន​បិទ​បញ្ចប់​សំណុំរឿង​០០៣​ដោយ​មិន​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ មិន​បាន​សម្ភាស​​សាក្សី​គន្លឹះ ឬ​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​កន្លែង​ដែល​មាន​អង្គហេតុ​ឧក្រិដ្ឋកម្ម​កើត​ឡើង​នោះ​ឡើយ។

វា​គឺ​ជា​សិទ្ធិ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អង្គការ​ Human Rights Watch នេះ​ជា​ប្រតិកម្ម​របស់​លោក​នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម។ អ្នកនាំពាក្យ​រូប​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ ហើយ​អះអាង​ថា សហចៅក្រម​ស៊ើបអង្កេត​កំពុង​ធ្វើ​ការ​តាម​ភារកិច្ច​របស់​ខ្លួន​ដែល​ត្រូវ​បាន​កំណត់​ក្នុង​វិធាន​ផ្ទៃ​ក្នុង។ ពាក់ព័ន្ធ​នឹង​សំណុំរឿង​២​ចុងក្រោយ​ដ៏​ចម្រូងចម្រាស​នេះ បើតាមការពន្យល់​របស់​លោក​នេត្រ ភក្រ្តា មាន​ព័ត៌មាន​ខ្លះ​ដែល​សហចៅក្រម​មិន​បាន​បញ្ចេញ​ជា​សាធារណៈ ពីព្រោះ​វា​ទាក់ទង​នឹង​ការ​សម្ងាត់​នៃ​សំណុំរឿង។

គួររម្លឹកថា ករណី០០៣ និង​០០៤​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស។ ចម្រូងចម្រាស​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​អោយ​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​សំណុំរឿង​កាត់ទោស​លើសពី​សំណុំរឿង​០០២​ដែល​មាន​មេដឹកនាំ​ជាន់​ខ្ពស់នៃ​របប​ខ្មែរ​ក្រហម​៤​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​នេះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ