អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​មិនអនុញ្ញាត​អោយលោក រ៉ុង ឈុន​ ដើរហែក្បួន​ទិវា​គ្រូបង្រៀន​ថ្ងៃ៥តុលា​

មន្ត្រី​សាលាក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូបង្រៀន​របស់​លោក​រ៉ុង​ឈុន​ប្រមាណ៣៥០ នាក់​ ​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​នៅ​ថ្ងៃ​ទិវា​គ្រូបង្រៀន​ពិភពលោក ថ្ងៃ​៥​តុលា​ខាង​មុខ​ឡើយ​។ ​ក៏​ប៉ុន្តែ​តាម​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​កញ្ញា​នេះ ​អាជ្ញាធរ​បាន​សម្រេច​ឲ្យ​ក្រុម​គ្រូបង្រៀនជួបជុំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​សួន​សេរីភាព​។​ អាជ្ញាធរ​ក៏​បាន​អនុញ្ញាត​ឲ្យមាន​តំណាង​គ្រូបង្រៀន ១៥ នាក់​​​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ​ រដ្ឋសភា​និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។

ផ្សាយពាណិជ្ជកម្ម

ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូបង្រៀន​របស់​លោក​រ៉ុង​ឈុន​ ដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ដែល​មាន​គ្រូបង្រៀន​ចូលរួម​ ៣៥០ នាក់​ ដោយសារតែ​អាជ្ញាធរ​អះអាងថា​ កុំ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​និង​ខ្លាច​ប៉ះពាល់​សន្តិភាព​សង្គម​។

ក៏​ប៉ុន្តែ​លោក រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ចាត់ទុកថា​ អាជ្ញាធរ​ក្រុងភ្នំពេញ ​មិន​បាន​គោរព​តាមច្បាប់​ស្តីពី​បាតុកម្ម ដែល​កំណត់​ថា​ គ្រាន់តែ​ជូនដំណឹង ​គឺ​អាច​ធ្វើ​ការជួបជុំ​ និង​ហែ​ក្បួន​បាន​ហើយ​។
តាម​លោក រ៉ុង ឈុន ​ការប្រមូលផ្តុំ​និង​ការដើរ​ដង្ហែ​ក្បួន​នៅ​កម្ពុជា​ សព្វថ្ងៃ​លែង​មាន​ទៀតហើយ។​ ម្យ៉ាងទៀត ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​បាន​ធ្លាក់​ដល់​ចំណុច​សូន្យ។

យ៉ាងណា​ក៏ដោយ​ សម្រាប់​ថ្ងៃ​ទី៥​តុលា​ខាង​មុខ ​លោក​រ៉ុង​ឈុន នឹង​ប្រមូលផ្តុំ​គ្រូបង្រៀន​ នៅ​សួន​ប្រជាធិបតេយ្យ​ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​។ ​ចំពោះ​ការដើ​រហែ​ក្បួន​ដោយមាន​គ្រូបង្រៀន​ទ្រង់ទ្រាយ​ធំ​ ឬ​យ៉ាងណា​? ​មិនទាន់​ត្រូវបាន​លោក​រ៉ុង ឈុន​ បញ្ជាក់​នៅឡើយ​ទេ​។

យ៉ាងណា​ក៏ដោយ​សម្រាប់​ទិវា​គ្រូបង្រៀន​ថ្ងៃទី​៥​តុលា​នៅ​ឆ្នាំ​នេះ សមាគម​គ្រូបង្រៀន​គ្រោង​នឹង​ដាក់​ញត្តិ​ ទៅកាន់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ រដ្ឋសភា ​និង​ក្រសួង​អប់រំ​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ តម្លើង​ប្រាក់​បៀវត្សរ៍​គ្រូបង្រៀន ​និង​មន្ត្រីរាជការ​ឲ្យបាន​១លាន​រៀល ​ស្មើ​ប្រហែល ២៥០ ដុល្លារ​ និង​បញ្ឈប់​ការរើសអើង​សមាគម​គ្រូបង្រៀន​ជាដើម​។

គុណភាព​អប់រំ​ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ​លើ​កឡើង​នៅ​ក្នុង​សារលិខិត ​ចូលរួម​ក្នុង​ថ្ងៃ​បើក​បវេសនកាល ​ថ្ងៃទី១​តុលា​ផងដែរ​។ ​តាម​លោកនាយក​រដ្ឋមន្ត្រី​ គុណភាព​អប់រំ​ ត្រូវតែ​បន្ត​ដោះស្រាយ​បន្ទាន់​ដោយ​ធានា​ឲ្យមាន​តុល្យភាព​រវាង​ការ​ពង្រឹង​គុណភាព​អប់រំ​ និង​ការពង្រីក​បរិមាណ​អប់រំ​។

សម្រាប់​ទិវា​គ្រូបង្រៀន​ថ្ងៃទី​៥​តុលា​ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន លើកឡើង​ផង​ដែរ​។ ​តែ​លោក​នាយករដ្ឋមន្ត្រី​ គ្រាន់តែ​ឧទ្ទិស​ឲ្យ​ទិវា​គ្រូបង្រៀន​ថ្ងៃ​៥​តុលា ​ក្លាយទៅជា​ទិវា​ដឹង​គុណគ្រូ ​ដែល​ស្ថិតនៅ​ជា​អមតៈ​ក្នុង​បេះដូង​របស់​សិស្ស​គ្រប់​វ័យ ​គ្រប់​ជំនាន់ ​និង​គ្រប់​សម័យកាល​តរៀង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ