អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការងារ​អន្តរាគម​ឲ្យ​កម្មករ​បាន​ទៅចុះ​ឈ្មោះ​បោះឆ្នោត

រដ្ឋមន្ត្រី​​ក្រសួង​​ការងារ​ ​និង​​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​​ លោក ​​វង សូត្រ​​ បាន​​អន្តរាគមទៅ​​ថៅ​កែ​​រោងចក្រ​​ដើម្បី​​ឲ្យ​​ពួក​គេ​​យល់​​ព្រម​​អនុញ្ញាត​​ឲ្យ​​ កម្មករ​​ឈប់​សម្រាក​​ដើម្បី​​ទៅ​​ពិនិត្យ​​ឈ្មោះ​​និង​​ចុះ​​ឈ្មោះ​​បោះឆ្នោត​​ និង​​ឈប់​​សម្រាក​​ក្នុង​​ឱកាស​​បុណ្យ​​ភ្ជុំបិណ្ឌ។ ​​កម្មករ​​កាត់ដេរ​​ត្រូវ​​បាន​​អនុញ្ញាត​​ឲ្យ​​ឈប់​​សម្រាក​​ចំនួន​​ ២​ ​ថ្ងៃ​ ​សម្រាប់​​អ្នក​​នៅ​​ផ្ទះ​​ជិត​​កន្លែង​​ធ្វើការ​ ​និង​​ឈប់​​សម្រាក ​​៣ ​​ថ្ងៃ​​ សម្រាប់​​អ្នក​​មាន​​ស្រុក​កំណើត​​នៅ​​ឆ្ងាយ។​​

ក្រសួងការងារ​​ អន្តរាគម​​ឲ្យ​កម្មករ​ឈប់សម្រាក​ដើម្បី​ទៅពិនិត្យ​ឈ្មោះ​និងចុះឈ្មោះ​បោះឆ្នោត​និងឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។
ក្រសួងការងារ​​ អន្តរាគម​​ឲ្យ​កម្មករ​ឈប់សម្រាក​ដើម្បី​ទៅពិនិត្យ​ឈ្មោះ​និងចុះឈ្មោះ​បោះឆ្នោត​និងឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ជូន​ដំណឹង​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត​នៅ​ចុង​សប្តាហ៍​នេះ លោក ​វង សូត្រ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ជូន​ដំណឹង​ដល់​ម្ចាស់ ​សហគ្រាស ​គ្រឹះស្ថាន​ទាំង​អស់ឲ្យអនុញ្ញាត​ឲ្យ​កម្មករ​និយោជិត ​បាន​ឈប់​សម្រាក​ដើម្បី​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត។

ក្រសួង​ការងារ​បាន​តម្រូវ​ឲ្យ​កម្មករ​ឈប់​សម្រាក​ពី​ការងារ​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី២២ ​និង​ថ្ងៃសុក្រ ​ទី​២៣ ​កញ្ញា ​ឆ្នាំ​២០១១ ​សម្រាប់​កម្មករ​និយោជិត​ដែល​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ​ហើយ​ដែល​ត្រូវ​ចេញ​ទៅ​ខេត្ត​ជិតទីក្រុង។​សម្រាប់​អ្នក​ដែល​ត្រូវ​ចេញ​ទៅ​ខេត្ត​ឆ្ងាយវិញ ពួកគេនឹង​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ឈប់​រយៈពេល​៣​ថ្ងៃ​គឺ​ពី​ថ្ងៃ​ពុធ​ទី ​២១ ដល់​ថ្ងៃ​សុក្រ​ទី ​២៣ ​កញ្ញា ​២០១១។ កម្មករ​ដែល​ធ្វើ​ការ​នៅ​តាម​រោងចក្រ​ក្នុង​បណ្តា​ខេត្ត​ក៏​បាន​ឈប់​សម្រាក​ដូច​គ្នា​ដែរ។

ក្រៅពី​ការ​ឈប់​សម្រាក​សម្រាប់​ពិនិត្យ ​និង​ចុះ​ឈ្មោះ​បោះឆ្នោត ​កម្មករ ​កម្មការិនី​ក៏​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ផងដែរ​ គឺ​ថ្ងៃទី​២៦-២៧ និង​២៨ ​កញ្ញា ​ឆ្នាំ​២០១១។​ ក្រសួង​ការងារ​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ថា​ រាល់​ការ​អនុញ្ញាត​ច្បាប់​​ខាងលើ​នេះ​ និយោជកត្រូវ​រក្សាទុក​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ជូន​កម្មករ​និយោជិត​ឲ្យ​នៅ​ដដែល​ និង​ជា​ពិសេស​ត្រូវ​បើក​ប្រាក់​ឈ្នួល​ជូន​ពួកគេ​ឲ្យ​បាន​មុន​ការ​ឈប់​សម្រាក​នោះ​ទៀត​ផង។

លោក​ រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​សាទរ​ចំពោះ​អន្តរាគមន៍​របស់​ក្រសួង​ការងារ ​ហើយ​បាន​អំពាវនាវ​ឲ្យ​កម្មករ​ទាំង​អស់​ទៅ​ពិនិត្យ​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា។ ​សហជីព​កម្មករ​ក៏​គ្រោង​នឹង​បោះពុម្ព​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ​ជាច្រើន​ម៉ឺន​សន្លឹក​ដើម្បី​ចែក​ជូន​កម្មករ​នៅ​តាម​រោងចក្រ​នានា​នៅ​ទូទាំង​ប្រទេស​ដោយ​ភ្ជាប់​ជាមួយ​នូវ​សេចក្តី​អំពាវនាវ​ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ផង​ដែរ។

គួរកត់សម្កាល់ថា មានការវិវឌ្ឍន៍មួយចំនួនគួរឲ្យកត់សម្គាល់រយៈពេលចុងក្រោយនេះនៅក្នុង​វិស័យ​ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជា។ ក្រុមសហជីពកម្មករបានទាមទារ​យ៉ាងស្វិត​ស្វាញឲ្យក្រសួងការងារ និងនិយោជកយកចិត្តទុកដាក់លើកម្មករ។ ការទាមទារនេះបានទទួល​លទ្ធផល​ជាបន្តបន្ទាប់។

ជាក់ស្តែង ក្រសួងការងារបានបើកការពិភាក្សាស្វែងរកមូលហេតុ​និង​ការ​ទប់ស្កាត់​រឿង​កម្មករ​ដួល​សន្លប់ និងការដកទោសព្រហ្មទណ្ឌចេញពីសេចក្តី​ព្រាង​ច្បាប់​សហជីពជាដើម។ ទោះជាយ៉ាងនេះក៏ដោយ មេដឹកនាំសហជីពនៅតែបន្តការទាមទារមិនទាន់​ឈប់​នៅឡើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ