អានតួអត្ថបទ
កម្ពុជា

ឆ្នាំ២០១១៖ មន្រ្តី​ពន្ធដារ​មិន​ហ៊ាន​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដូច​ក្នុង​ឆ្នាំ​កន្លង​ទៅ

អ្នក​សង្កេតការណ៍​ការ​ប្រមូលពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​ប្រជាពលរដ្ឋ​អ្នក​បង់ពន្ធ​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ប្រមូលពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​នៅ​ឆ្នាំ​២០១១​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​។ មន្រ្តី​ពន្ធដារ​មិនហ៊ាន​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កាល​ពី​ឆ្នាំ​កន្លងទៅ​នោះ​ទេ។

អគ្គនាយកដ្ឋាន​ពន្ធដារ
អគ្គនាយកដ្ឋាន​ពន្ធដារ ©ABC Radio Australia
ផ្សាយពាណិជ្ជកម្ម

កាល​បរិច្ឆេទ​នៃ​ការ​ប្រមូលពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​នឹង​ត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៥​ខែ​កញ្ញា​ឆ្នាំ​២០១១​ខាងមុខ​នេះ។ ចាប់​ពី​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​ទៅ អង្គភាព​ពន្ធដារ​នឹង​ចាប់​ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ​លើ​យានយន្ត​និង​ចាប់ផ្តើម​ផាក​ពិន័យ​ព្រមពេល​ជាមួយ​គ្នា។ នេះ​បើយោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​លោក គាត ឈន់ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ លោក គាត ឈុន បាន​ព្រមាន​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា ការ​ផាក​ពិន័យ​ត្រូវ​ធ្វើ​ឡើង​១០០​ភាគរយ​នៃ​ប្រាក់​ដែល​ត្រូវ​បង់ពន្ធ។

ស្រប​ពេល​ដែល​កាល​បរិច្ឆេទ​នៃ​ការ​បង់ពន្ធ​កាន់​តែ​ខិត​ជិត​ចូល​មកដល់​នោះ អ្នក​សង្កេតការណ៍​នៃ​ការ​ប្រមូលពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​ប្រជាពលរដ្ឋ​អ្នក​បង់ពន្ធ​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ប្រមូលពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​នៅ​ឆ្នាំ​២០១១​នេះ​ មាន​លក្ខណៈល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​។

កាល​ពី​ឆ្នាំ​២០១០ បណ្តាញ​អង្គការ​នេះ​បាន​រក​ឃើញ​ថា ប្រជាជន​ខ្មែរ​បាន​ចំណាយ​ប្រាក់​ក្រៅ​ផ្លូវការ​ប្រមាណ​ជា​១​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន។​ បន្តិច​ក្រោយមក ដោយសារ​របាយការណ៍​នេះ មន្រ្តី​ពន្ធដារ​ជាង​៣០​នាក់​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល។

លោក សន ជ័យ ប្រធាន​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​តំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិក​និង​ប្រជាជន​អ្នក​បង់ពន្ធ​បាន​ថ្លែងប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នៅ​ឆ្នាំ​នេះ​បាតុភូត​ទារ​ប្រាក់​លើស​ចំនួន​ពី​មន្រ្តី​ពន្ធដារ​ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន។ មន្រ្តី​ពន្ធដារ​មិន​ហ៊ាន​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កាល​ពី​ឆ្នាំ​កន្លងទៅ​នោះ​ទេ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្លះ​នៅ​បន្ត​ពឹង​មន្រ្តី​ពន្ធដារ​អោយ​ជួយ​សរសេរ​បែបបទ​ដោយ​បង់ប្រាក់​១​ដុល្លារ​២​កាក់​ទៅ​អោយ​មន្រ្តី​ពន្ធដារ។

លោក សន ជ័យ ​បាន​បញ្ជាក់​ថា នេះ​ជា​ទង្វើ​ពឹង​ពាក់​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​មន្រ្តី​ពន្ធដារ​​​​ដែល​ខុស​ពី​ឆ្នាំ​មុន។ កាល​នោះ មន្រ្តី​ពន្ធដារ​ទារ​ប្រាក់ថ្លៃ​សរសេរ​តែ​ម្តង។ លោក គាត ឈន់ រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​នៅ​ក្នុង​សារាចរ​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​កន្លងមក​នេះ​ថា មន្រ្តី​ពន្ធដារ​មិនត្រូវ​ទារ​ប្រាក់​កម្រៃ​ពី​ប្រជាពលរដ្ឋ​ទេ។

សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​យាន​ជំនិះ​ប្រមាណ​ជា​១​លាន​៣​សែន​គ្រឿង​ ក្នុងនោះ​​ ម៉ូតូ​មាន​ចំនួន​១​លាន​១​សែនគ្រឿង​និង​រថយន្ត​មាន​ចំនួន​២​សែន​គ្រឿង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ