អានតួអត្ថបទ
កម្ពុជា

ការ​បញ្ជា​បិទ​សមាគម​ធាងត្នោត​ក្លាយ​ជា​សង្រ្គាម​ប៉ាកកា

ការបញ្ជា​អោយ​សមាគម​ធាងត្នោត​ផ្អាក​សកម្មភាព​រយៈ​ពេល​៥​ខែ ពី​សំណាក់​ក្រសួង​មហាផ្ទៃ​នោះ កំពុង​ទទួល​ប្រតិកម្ម​ពី​ក្រុម​បណ្តាញ​សង្គម​ស៊ីវិល។ សង្គមស៊ីវិល​ចំនួន​១៣០​បាន​ថ្លែង​គាំទ្រ​សមាគម​ធាងត្នោត ហើយ​អំពាវនាវ​អោយ​រដ្ឋាភិបាល​អនុញ្ញាត​អោយ​សមាគម​នេះ​បន្ត​សកម្មភាព​ធម្មតា​វិញ។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​វិញ​បាន​ថ្លែងថា ក្រសួង​មហាផ្ទៃ​គ្រាន់តែ​សម្រេច​ផ្អាក​សកម្មភាព​សមាគម​នេះ ដើម្បី​អោយ​សមាគម​អាច​កែប្រែ​លក្ខន្តិកៈ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃកម្ពុជា
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃកម្ពុជា ©បូណា
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​អោយ​សមាគម​ធាង​ត្នោត​ផ្អាក​សកម្មភាព​៥​ខែ​កំពុង​ក្លាយ​ទៅ​ជា​សង្គ្រាម​ប៉ាកកា​ហើយ។ នៅ​ថ្ងៃ​ចន្ទ​ទី​២២​សីហា​នេះ បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៣០​អង្គការ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ក្រសួង​មហាផ្ទៃ។ អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាន​រិះគន់​សេចក្តីសម្រេច​របស់​ក្រសួង​មហាផ្ទៃ ថា​ជា​ទង្វើ​តាម​ទំនើងចិត្ត ហើយ​ថា​នេះ​ក៏​ជា​ការ​រំលោភ​លើ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​សេរីភាព​ខាងការ​បញ្ចេញមតិ និង​ខាង​សមាគម និង​ក៏​ជា​ការ​បង្ក្រាប​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ផងដែរ។ នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ស្រែក​ទាមទារ​អោយ​ក្រសួងមហាផ្ទៃ​ផ្លាស់ប្តូរ​សេចក្តីសម្រេច ដើម្បី​អនុញ្ញាត​អោយ​សមាគម​ធាងត្នោត​អាច​ត្រឡប់​ទៅ​ធ្វើ​សកម្មភាព​ដូចធម្មតាវិញ។

លោក​ឧត្តមសេនីយ​ខៀវ សុភ័គ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃ​នេះ​ថា ក្រសួង​មហាផ្ទៃ​សម្រេច​ផ្អាក​សកម្មភាព​របស់​សមាគម​នេះ​ពីព្រោះ​សមាគម​នេះ បាន​ធ្វើ​សកម្មភាព​ផ្ទុយពី​អ្វី​ដែល​មាន​ចែង​នៅក្នុង​លក្ខន្តិកៈ​របស់ខ្លួន។ ដូច្នេះ​ក្រសួង​គ្រាន់តែ​ចង់​សមាគកម​នេះ​កែប្រែ​លក្ខន្តិកៈ​និង​រចនាសម្ព័ន្ធ​តែ​ប៉ុណ្ណោះ។ បន្ទាប់មក សមាគម​នឹង​អាច​បន្ត​សកម្មភាព​ដូច​ធម្មតា​វិញ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា ក្រសួង​នឹង​ត្រៀមខ្លួន​សហការ​ជាមួយ​សមាគម​ធាងត្នោត​ផងដែរ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ក៏​បាន​ធ្វើ​អោយ​ភ្ញាក់ផ្អើល​ដល់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ADB​ផង​ដែរ។ ADBបាន​អះអាង​ថា ខ្លួន​នឹង​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សំណុំ​រឿង​នេះ។ ដោយសារ​សមាគម​នេះ​ក៏​ជា​អ្នក​តាមដាន​ការ​អនុវត្តន៍​​គម្រោង​កែលម្អ​ផ្លូវ​រថភ្លើង ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ