អានតួអត្ថបទ
កម្ពុជា

ធនាគារ​ពិភពលោក​គំរាម​បញ្ឈប់​ជំនួយ​ថ្មីមក​កម្ពុជា​ដោយសារ​ការ​បណ្តេញ​ចេញ​

ធនាគារ​ពិភពលោក​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​នេះ ថា​ខ្លួន​នឹង​ឈប់​ផ្តល់​ជំនួយ​មក​កម្ពុជា ប្រសិនបើ​អាជ្ញាធរ​កម្ពុជា​មិន​រក​ដំណោះស្រាយ​សមរម្យ​មួយ​ក្នុង​ករណី​បណ្តេញ ​ពលរដ្ឋ​ចេញ​ពី​បឹងកក់​ ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ។ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា ធនាគារ​ពិភពលោក​មិន​ស្គាល់​អធិបតេយ្យ​របស់​កម្ពុជា ​ហើយ​ថា​កម្ពុជា​មិន​ត្រូវ​ការ​ធនាគារ​ពិភពលោក​ក៏​បាន។

ប្រជាពលរដ្ឋ​ជាង១០០០​គ្រួសារ​ដែល​រស់នៅ​តំបន់​បឹងកក់​តស៊ូក្រាញ​មិនព្រម​ចាកចេញ​តាមការ​បណ្តេញ​របស់​ក្រុមហ៊ុន​
ប្រជាពលរដ្ឋ​ជាង១០០០​គ្រួសារ​ដែល​រស់នៅ​តំបន់​បឹងកក់​តស៊ូក្រាញ​មិនព្រម​ចាកចេញ​តាមការ​បណ្តេញ​របស់​ក្រុមហ៊ុន​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​របស់​ធនាគារ​ពិភពលោក​ធ្វើ​ឡើង​នៅ​ពេល​ដែល​អាជ្ញាធរ​កំពុង​បន្ត​ចរចា​រក​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ជាង​១០០០​គ្រួសារ​ដែល​រស់នៅ​ក្នុង​តំបន់​បឹងកក់​ហើយ​ដែល​តស៊ូ​ក្រាញ​ននាល​មិន​ព្រម​ចាកចេញ​តាម​ការ​បណ្តេញ​របស់​ក្រុមហ៊ុន។​ ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បឹងកក់​ឈ្មោះ​ស៊ូកាកូអ៊ីន​ដែល​គ្រប់គ្រង​ដោយ​សមាជិក​ព្រឹទ្ធសភា​លោក​ឡៅ ម៉េងឃីន។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​លោកស្រី​Annette Dixon នាយិកា​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់ បាន​ថ្លែងថា​ល្គឹកណា​មិន​មាន​ការ​រក​ដំណោះស្រាយ​បាន​ជាមួយ​ក្រុម​ពលរដ្ឋ​នៅ​បឹងកក​នោះ​ទេ ធនាគារ​នឹងមិន​ផ្តល់​ជំនួយ​ថ្មី​មក​កម្ពុជា​ឡើយ។ ទោះយ៉ាង​នេះក្តី លោកស្រីDixon​បញ្ជាក់ថា រាល់​គម្រោង​អភិវឌ្ឍន៍​ដែល​គាំទ្រ​ដោយ​ធនាគារ​ពិភពលោក ហើយ​ដែល​កំពុង​ប្រតិបត្តិ​នោះ ត្រូវ​នៅ​បន្ត​ដូច​ធម្មតា។

 
តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​លោកជាម យៀប​មិន​បាន​ខ្វល់ខ្វាយ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​នាយិកា​ធនាគារ​ពិភពលោក​ឡើយ។ ​ផ្ទុយទៅវិញ លោក​ជាម យៀប​បាន​ស្តី​បន្ទោស​ធនាគារ​ថា​ធនាគារ​កំពុង​រំលោភ​លើ​អធិបតេយ្យ​​របស់​កម្ពុជា​ដែល​មាន​ផែនការ​អភិវឌ្ឍន៍។ លោក​ជាម យៀប​បន្ត​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​សុទ្ធតែ​ត្រូវ​ទទួលបាន​ប្រាក់​គោល​នយោបាយ។ អ្នកតំណាងរាស្ត្រ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ធនាគារ​ពិភពលោក​មិនពេញចិត្ត​ គេមិន​បាច់​មក​កម្ពុជា​ក៏​បាន។

សព្វថ្ងៃនេះ​ធនាគារ​ពិភពលោក​កំពុង​ឧបត្ថម្ភ​គាំទ្រ​គម្រោង​ជាង​២០​នៅ​កម្ពុជា​ដែល​មាន​តម្លៃ​ជាង​៤០០លាន​ដុល្លារ។
សូម​រម្លឹក​ថា ​គម្រោង​អភិវឌ្ឍន៍​ដ៏​ចម្រូងចម្រាស​នៅ​បឹងកក់​រយៈពេល​៩៩ឆ្នាំ​នៅលើ​ផ្ទៃដី​១៣៣​ហិចតា​បាន​ប៉ះពាល់​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ជាង​៤០០០​គ្រួសារ។ មាន​ពលរដ្ឋ​ប្រមាណ​៣០០០គ្រួសារ​ដែល​បាន​សុខចិត្ត​ទទួល​សំណង ហើយ​ចាកចេញ​ទៅរស់នៅ​ទីតាំង​ថ្មី។ ប៉ុន្តែ​ពលរដ្ឋ​ជាង​១០០០​គ្រួសារទៀត​កំពុង​ក្រាញ​ននាល​ធ្វើ​បាតុកម្ម​ទាមទារ​ការ​អភិវឌ្ឍន៍​នៅ​កន្លែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ