អានតួអត្ថបទ
កម្ពុជា-ថៃ

តុលាការ​ថៃ​​ពន្យារ​ពេល​​សវនាការ​​លើ​បុរស​ខ្មែរ​​

កាលពី​រសៀល​ថ្ងៃ​អង្គារ​នេះ តុលាការ​ខេត្ត​ស៊ីសាកេត​របស់​ថៃ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បុរស​ខ្មែរ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទចារកម្ម​ កាល​ពី​ថ្ងៃ​ទី​៧ ​មិថុនា​កន្លង​ទៅ។ តុលាការថៃ​បានចោទ​ប្រកាន់​អ៊ឹង គឹមថៃ​ ពីបទ​ប្រើប្រាស់​គ្រឿងញៀន និងបទ​ចារកម្ម។ ក្រោយ​ពី​ការ​តវ៉ា​ប្រឆាំង​ការ​ចោទ​ប្រកាន់​នេះ​ពី​សំណាក់​ជនសង្ស័យ តុលាការ​ថៃ​បាន​ពន្យារ​​ពេល​សវនាការ​ជាថ្មី​ នៅថ្ងៃ​ទី​១៥​សីហា។

លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា
លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ភាព​មិន​ប្រក្រតី​ហាក់​បាន​កើត​ឡើង​តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ​មក​ម្ល៉េះ។ មន្ត្រី​តុលាការ​ថៃ​បាន​ជូន​ដំណឹង​​យ៉ាង​ប្រញាប់​ប្រញាល់​មក​អគ្គកុងស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះកែវ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ អំពី​ការ​បើក​សវនាការ​នៅ​ថ្ងៃ​នេះ លើ​បុរស​កម្ពុជា​ដែល​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​ក្រោមការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា។

 
នៅក្នុង​សវនាការ​កាល​ពី​ល្ងាច​ថ្ងៃអង្គារ​ទី២៦​កក្កដានេះ តុលាការ​ថៃ​បាន​ប្រកាស​ចោទ​ប្រកាន់​លោកអ៊ឹង គឹមថៃ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន និង​បទចារកម្ម​ដោយ​ការ​ថតរូប​នៅក្នុង​តំបន់​កងទ័ព។ ប្រភព​ពី​ក្រសួង​ការបរទេស​កម្ពុជា​បាន​បន្ត​ថា ក្រោយពី​ការ​ប្រកាស​ចោទ​របស់​តុលាការ លោក​អ៊ឹង គឹមថៃ និង​មេធាវី​របស់​លោក​ចំនួន​៤​នាក់​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​យ៉ាងដាច់​អហង្ការ និងបាន​ទាមទារ​អោយ​តុលាការ​បង្ហាញ​ភស្តុតាង​បញ្ជាក់​អំពី​បទល្មើស។ ប៉ុន្តែ​តុលាការ​មិនបាន​បង្ហាញ​ភស្តុតាង​អ្វី​ឡើយ។ ហើយទីបំផុតទៅ តុលាការ​ថៃ​បាន​ប្រកាស​លើក​ពេល​សវនាការ និង​បង្ហាញ​ភស្តុតាង​តាម​ការ​ទាមទារ​របស់​ជនសង្ស័យ នៅ​ថ្ងៃ​ទី​១៥​ខែ​សីហាវិញ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថៃ​លើ​បុរស​ជនជាតិ​ខ្មែរ​ថា ការ​ចោទប្រកាន់​នេះ គ្រាន់តែ​ត្រូវ​គេ​បង្កើត​ឡើង​ដើម្បី​ឈាន​មក​ចង់ដោះ​ដូរ​ទណ្ឌិត​ថៃ​២​នាក់​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា ការ​ដែល​តុលាការ​ថៃ​ពន្យារ​ពេល​សវនាការ​ជាថ្មី​រហូតដល់​ថ្ងៃទី១៥​សីហានោះ នៅចន្លោះ​ពេលនេះ​ហើយ ដែល​ថៃ​នឹង​ប្រឌិត​ភស្តុតាង​ដើម្បី​ដាក់បន្ទុក​លើ​បុរស​ជនជាតិ​ខ្មែរ។

លោក​អ៊ឹង គឹមថៃ អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ឃុំ​អ្នកលឿង​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាល​ពីថ្ងៃ​ទី៧មិថុនា ជាមួយ​បុរស​ពីរ​នាក់​ផ្សេង​ទៀត គឺ​ជនជាតិ​ថៃ​អ៊ីស្លាម និង​ជនជាតិ​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ