អានតួអត្ថបទ
កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ តបបក្ស​ប្រឆាំង​ពីយន្តការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ

ទី​បំផុត​ទៅ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បកស្រាយ​ថា ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា ​មិន​ជ្រើសរើស​យក​យន្តការ​ដោះស្រាយ​ជម្លោះ​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​។ ​តាម​លោកនាយក​រដ្ឋមន្ត្រី កម្ពុជា​ជ្រើស​យក​យន្តការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ តាមរយៈ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ​អង្គការ​យូណេស្កូ ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ និង​អាស៊ាន​។ ​ចំណែក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣​តុលា ឆ្នាំ​១៩៩១ ​ចុងក្រោយ ​ក៏​ត្រូវតែ​រុញ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ដើម្បី​ដោះស្រាយ​នៅក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ © REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទប់ទល់​នឹង​ស្ថានការណ៍​នៅ​សមរភូមិ​មុខ ​និង​ទប់ទល់​រាល់​កលល្បិច​របស់​ថៃ​ ដែល​មាន​ចរិត​បំភ័ន្ត​មតិ​អន្តរជាតិ​។ ​រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​រិះរក​មធ្យោបាយ​ដោះស្រាយ​ជម្លោះ​តាមរយៈ​ការទូត ​និង​ដោយ​សន្តិវិធី ​ដោយ​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់បំផុត​ ដែល​អាច​ដោះស្រាយ​បញ្ហា​នៃ​ការឈ្លានពាន​របស់​ថៃ​មកលើ​កម្ពុជា​។ ​នេះ​ជា​ការឆ្លើយតប​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​តំណាងរាស្ត្រ​បក្សប្រឆាំង​។

 
ក្នុង​លិខិត​ជូន​ទៅ​ប្រធាន​រដ្ឋសភា ​ដែល​គេ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ឆ្លើយតប​នឹង​សំណួរ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​ចំនួន ៨ រូប ​ដែល​បាន​ចោទសួរ​ថា ​តើ​ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល មិនទាន់​បាន​ស្នើសុំ​ឲ្យ​សហគមន៍​អន្តរជាតិ ​ជា​ពិសេស​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​ស្តីពី​កម្ពុជា ឆ្នាំ​១៩៩១ ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ​ជាបន្ទាន់​យ៉ាង​ត្រឹមត្រូវ និង​ពេញលេញ ក្នុង​ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុងតែ​ប្រឈម​មុខ​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ​?​។

តាម​លោកនាយក​រដ្ឋមន្ត្រី ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ត្រូវបាន​ធ្វើឡើង​ដោយ​អនុលោម​តាម​ស្មារតី​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​។​ ក្នុងនោះ​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​អធិបតេយ្យ​ ឯករាជភាព​ បូរណភាព​ និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​ អព្យាក្រឹតភាព ​និង​ឯកភាព​ជាតិ​នៃ​កម្ពុជា ​ក៏​បាន​ចែង​អំពី​ការប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​និង​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ផ្សេងទៀត​ រួមមាន​ ការប្តឹង​ទៅ​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ​។

ម្យ៉ាងទៀត​តាម​លោកនាយក​រដ្ឋមន្ត្រី​ សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះដែរ​។ ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​កម្ពុជា ជ្រើសរើស​យក​យន្តការ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ អង្គការ​យូណេស្កូ និង​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ​ដែល​សុទ្ធសឹង​ជា​យន្តការ​កំពូល​កម្រិត​ពិភពលោក និង​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់​បំផុត សម្រាប់​ដោះស្រាយ​ការឈ្លានពាន​របស់​ថៃ​មកលើ​បូរណភាព​ទឹកដី​កម្ពុជា​។

ជាមួយ​នឹង​ការលើកឡើង​ខាងលើ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ទៅ​កាន់​រដ្ឋសភា​ថា​ រដ្ឋាភិបាល​របស់​លោក បាន​ប្រកាន់​គោល​ជំហរ​យ៉ាង​ត្រឹមត្រូវ ហើយ​បាន​ចាត់​វិធានការ​យ៉ាង​សមស្រប​ក្នុងការ​ការពារជាតិ​ និង​ការអនុវត្តន៍​​គោល​នយោបាយ​ការទូត​ក្នុងគោលដៅ​ការពារ​ផលប្រយោជន៍​ជាតិ​ និង​មាតុភូមិ​កម្ពុជា​។

ក៏ប៉ុន្តែ​គណបក្ស​ប្រឆាំង​នៅតែ​លើកឡើងថា​ ការ​ដែល​រដ្ឋាភិបាល មិន​ប្រើ​យន្តការ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ លើជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ​ដោយសារ​តែរដ្ឋាភិបាល​កម្ពុជា​ ខ្លាច​ប៉ះពាល់​ដល់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​ បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ​ដែល​បក្សប្រឆាំង បាន​ឆ្កឹះឆ្កៀល​ជា​យូរ​មក​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ