អានតួអត្ថបទ
កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ចាត់ការ​លើ​សំណុំរឿង​បាត់​លុយ​រដ្ឋ​ជាង​ ៥​ លាន​ដុល្លារ​

នៅ​​ថ្ងៃ​​ច័ន្ទ​​នេះ​ លោក គាត​ ឈ​ន់​ រដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ច​ និង​​ហិរញ្ញវត្ថុ​ លើក​ឡើង​ថា ​សំណុំរឿង​​​បាត់​​លុយ​​រដ្ឋ​​ជាង ​​៥ ​​លាន​​​ដុល្លារ​​នៅ​​​ក្រសួង​​​សង្គមកិច្ច​ អតីត​​យុទ្ធជន​​និង​​​យុវ​នីតិ​​សម្បទា ​ត្រូវ​បាន​​បញ្ជូន​​ទៅ​កាន់​​អង្គភាព​​ប្រឆាំង​​អំពើ​ពុករលួយ​ ដើម្បី​​ចាត់​វិធានការ​​តាម​ច្បាប់​។​ សេច​ក្តី​អះអាង​​ដូច្នេះ​បាន​​ធ្វើ​ឡើង ​ក្រោយ​ពី​​ក្រសួង​​សេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ ​បាន​​​ធ្វើ​​​លិខិត​​​ប្រកាស​ឲ្យ​​ក្រសួង​​សង្គមកិច្ច ​បង្វិល​​ថវិកា​រដ្ឋ​ដែល​​បាត់បង់​​ដោយ​​អំពើ​​ពុករលួយ​​ជាង​២២​ពាន់​​លាន​​រៀល​ ដែល​​ស្មើ​​ប្រមាណ​​ជាង​ ៥​ លាន​​ដុល្លារ​ចូល​​ថវិកា​​រដ្ឋ​​វិញ​។​​

លោក ​គាត​ ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​
លោក ​គាត​ ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅក្រៅ​វេទិកាសភា ស្តីពី ការរៀបចំ​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១២ នៅ​រដ្ឋសភា​ព្រឹក​មិញ លោក គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ទៅ​កាន់​ក្រុមអ្នកកាសែត​ថា ករណី​អំពើពុករលួយ នៅ​ក្រសួង​សង្គមកិច្ច ដែល​មន្ត្រី​បាន​លួច​ប្រាក់​សោធន​និវត្តន៍​របស់​អ្នក​ចូលនិវត្តន៍ និង​ចំណាយ​មិន​ប្រក្រតី​ជាង ៥​លាន​ដុល្លារ គឺ​ស្ថិតនៅក្នុង​ដៃ​របស់​អង្គភាព​ប្រឆាំង អំពើពុករលួយ​។​

​លោក គាត ឈ​ន់ បានបញ្ជាក់​ថា ការចាត់វិធានការ​តាម​ផ្លូវច្បាប់ ឬ​យ៉ាងណា​នោះ នៅលើ​ឆន្ទា​នុសិទ្ធិ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ថា​តើ​អង្គភាព​នេះ​ចង់​ប្ដឹង ឬ​ក៏​មិន​ចង់​ប្ដឹង​។​
​តាម​​លោក គាត ឈ​ន់ យុទ្ធសាស្ត្រ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នាពេល​បច្ចុប្បន្ននេះ គឺយកការ​​អប់រំ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​បើគេ​បណ្តែតបណ្តោយ​ឲ្យមាន​កា​រ​កិបកេង​លុយ​រដ្ឋ​ដូច្នេះ ហើយ​មិនត្រូវបានប្តឹង​ផ្តល់នោះ នឹង​កើតឡើង​មានបញ្ហា​កាន់តែ​ច្រើន​។​

​យ៉ាងណាក៏ដោយ លោក គាត ឈ​ន់ បានបញ្ជាក់​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​ថវិកាជាតិ កំពុង​ជំរុញ​ឲ្យ​មន្ត្រី​ក្រសួង​សង្គមកិច្ច សង​លុយ​រដ្ឋ ដែល​បាន​បាត់បង់ចំនួន​ជាង​ ៥​លាន​ដុល្លារ ដើម្បី​បង្វែ​រចូល​ថវិកា​រដ្ឋ​វិញ​។​

កាលពី​ថ្ងៃ​៥​កក្កដា ឆ្នាំ​២០១១ លោក គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សរសេរ​លិខិត​មួយ ដាក់​ទៅ​កាន់​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដើម្បីឲ្យ​ក្រសួង​សង្គមកិច្ច បង្វិល​ថវិកា​ដែល​បាន​បាត់ ក្នុង​អំពើ​ពុករលួយ ដោយសារ​ការបើកប្រាក់​របស់​មន្ត្រី​អតីតយុទ្ធជន និង​មន្ត្រី​ចូលនិវត្តន៍ ព្រម​ទាំង​ការចំណាយ​ខុស​ប្រក្រតី សរុប​ជាង ២២​ពាន់​លាន​រៀល ស្មើ​ប្រមាណ ៥,៤៨ លាន​ដុល្លារ​អាមេរិក ចូល​មក​ជា​ថវិកា​រដ្ឋ​វិញ​។​

​កាលពី​ខែ​មីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់បទបញ្ជា ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បើក​ការ​ស៊ើប​សង្កេត ចំពោះ​មន្ត្រី​ក្នុង​ក្រសួង​សង្គមកិច្ច ដែល​បាន​កិបកេង​ប្រាក់​សោធន​និវត្តន៍​របស់​មន្ត្រីរាជការ និង​អតីតយុទ្ធជន​។

​ក៏​ប៉ុន្តែ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ករណី​ពុករលួយ​ក្នុង​ក្រសួង​សង្គមកិច្ច មកដល់ពេលនេះ មិន​ត្រូវបាន​គេ​ទម្លាយ​ឲ្យដឹង​ឡើយ​។​

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​រលួយ នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​បដិសេធ មិន​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ