អានតួអត្ថបទ
កម្ពុជា

សាលាឧទ្ធរណ៍​ផ្តន្ទាទោស​បុគ្គលិក​អង្គការ​លីកាដូ​ដាក់ពន្ធនាគារ​២ ឆ្នាំ​

នៅ​ព្រឹក​ថ្ងៃទី​១៤​កក្កដា​នេះ ​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​តាកែវ ​លើ​សំណុំរឿង​បុគ្គលិក​ម្នាក់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​។​ ក៏​ប៉ុន្តែ​ក្នុង​សេចក្តី​សម្រេច​នោះ​ ចៅក្រម​បាន​ប្តូរ​បទចោទ​លើ​បុគ្គលិក​អង្គការ​លីកាដូ​ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ទៅ​ជា​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​ បុគ្គលិក​អង្គការ​លីកាដូ​ ឈ្មោះ​លាង សុខ​ជឿន ​អាយុ ២៨ ឆ្នាំ​ ត្រូវបាន​តុលាការ​ខេត្ត​តាកែវ ​កាលពី​ថ្ងៃ​ទី​៣០​សីហា​ឆ្នាំ​២០១០​ កាត់ទោស ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ​ ពាក់ព័ន្ធ​នឹង​ការបាច​ត្រាក់​រិះគន់​រដ្ឋាភិបាល​។

បុគ្គលិកអង្គការ​សិទ្ធិមនុស្ស​លីកាដូឈ្មោះលាង សុខជឿន អាយុ២៨ឆ្នាំ ត្រូវ​​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​២ឆ្នាំ​
បុគ្គលិកអង្គការ​សិទ្ធិមនុស្ស​លីកាដូឈ្មោះលាង សុខជឿន អាយុ២៨ឆ្នាំ ត្រូវ​​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​២ឆ្នាំ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​១៤​កក្កដា​នេះ ​បាន​ធ្វើឡើង​ ក្រោយ​ពី​បើក​សវនាការ​លើ​សំណុំរឿង​ចោទប្រកាន់​បុគ្គលិក​អង្គការ​លីកាដូ​ កាលពី​ថ្ងៃ​ទី​៣០​មិថុនា ​ឆ្នាំ​២០១១​។ ​ចៅក្រម​បាន​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​តាកែវ​ទុកជា​បានការ​។ ​ពោល​គឺ យុវជន លាង សុខ​ជឿន បុគ្គលិក​អង្គការ​លីកាដូ​ ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ​។​ ក៏ប៉ុន្តែ​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​មិញ​ បាន​ប្រ​កាស​​ដូរ​បទចោទ​ប្រកាន់​លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​រូបនេះ​ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ តាម​ច្បាប់​អ៊ុនតាក់​មក​ជា​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។

 
ការប្តូរ​បទចោទ​ប្រកាន់​នាំ​ឲ្យ​អង្គការ​លីកាដូ​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​នៅថ្ងៃនេះ ដោយ​សម្តែង​ការភ្ញាក់​ផ្អើល​ និង​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ ចំពោះ​ការសម្រេច​របស់​តុលាការ​សាលាឧទ្ធរណ៍​។​ លីកាដូ បាន​ចាត់ទុកថា អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​កាន់តែច្រើន​។ ​សកម្មជន​សិទ្ធិ​ជាច្រើន​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។

បន្ទាប់ពី​ស្តាប់​សេចក្តីសម្រេច​ លោក លាង សុខ​ជឿន បាន​ចាត់ទុក​ការ​ផ្តន្ទាទោស​រូប​លោក​ថា​ ជា​រឿង​អយុត្តិធម៌​ ហើយ​ថា ការចាប់ខ្លួន​លោក​កាលពី​ថ្ងៃ​២៩​ឧសភា ឆ្នាំ​២០១០ ខុស​ពី​ឈ្មោះ​ក្នុង​ដីកា​។ ​សកម្មជន​សិទ្ធិមនុស្ស​រូបនេះ​ បាន​ប្រកាសថា​ មិន​ប្តឹង​ទាស់​ទៅ​កាន់​តុលាការ​កំពូល​ទៀត​ទេ​ព្រោះ​រូបគេ​គ្មាន​ជំនឿ​លើ​តុលាការ​នៅ​កម្ពុជា​ឡើយ​។

កាលពី​ថ្ងៃ​ទី​៣០​សីហា​ឆ្នាំ​២០១០ ​តុលាការ​ខេត្ត​តាកែវ បាន​សម្រេច​ផ្តន្ទាទោស​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លាង សុខ​ជឿន ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​រឿង​បាច​ខិត្តប័ណ្ណ​រិះគន់​រដ្ឋាភិបាល​។

ក្នុង​សំណុំរឿង​បាច​ត្រាក់​នោះ​ ចៅក្រម​តុលាការ​ខេត្ត​តាកែវ​ក៏បាន​សម្រេច​ផ្តន្ទាទោស​កំបាំង​មុខ​លើ​ព្រះសង្ឃ​ខ្មែរក្រោម ​ព្រះនាម​ថាច់ កុង​ភួង​ ដែល​ជា​មេខ្លោង​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣ ឆ្នាំ​។ ​តុលាការ​ខេត្ត​តាកែវ ក៏​បាន​កាត់ទោស​បុរស​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​នាក់​ទៀត គឺ​លោក ថាច់ វណ្ណៈ និង​លោក ថាច់ ឡេ ដាក់​ពន្ធនាគារ​ម្នាក់ៗ ចំនួន ២ ឆ្នាំ​។

ជនជាប់​ចោទ​ទាំង ៤ នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ តាមរយៈ​ការ​បាច​ខិត្តប័ណ្ណ​ រិះគន់​របប​ដឹកនាំ​សព្វថ្ងៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​វៀតណាម​។​ ខិត្តប័ណ្ណ​ទាំងនោះ ត្រូវបាន​គេ​រកឃើញ​ជា​បន្ត​បន្ទាប់​ នៅក្នុង​ខេត្ត​តាកែវ ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ចាប់តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ