អានតួអត្ថបទ
កម្ពុជា

តុលាការ​​កំពូល​​សម្រេច​​លើ​​ករណី​គ្រឿងញៀន​​​​នៅ​​​​ខេត្ត​​​កំពង់​ស្ពឺ

នៅ​ព្រឹក​ថ្ងៃទី​១៣​កក្កដា​នេះ មេខ្លោង​ផលិត​គ្រឿងញៀន​ដ៏​ធំ​ក្នុង​ខេត្ត​កំពង់ស្ពឺ ឈ្មោះ ជា ជុង និង​គូកន​៣​នាក់​ទៀត ជា​ជនជាតិ​ថៃ និង​ចិន ត្រូវបាន​តុលាការ​​កំពូល​​សម្រេច​ត​ម្ក​ល់​សាលដីកា​សាលាឧ​ទ្ធ​រណ៍​។ សំណុំរឿង​ផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​លើ​ជន​ទាំង​៤​ឲ្យ​ជាប់​ពន្ធនាគារ​ពី ២០​ឆ្នាំ ទៅ ២៥​ឆ្នាំ​។​

មេខ្លោង​ផលិត​គ្រឿងញៀន ជា ជុង
មេខ្លោង​ផលិត​គ្រឿងញៀន ជា ជុង RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​នៅ​ថ្ងៃនេះ បាន​ធ្វើឡើង​ក្រោយ​ពី​​​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ផលិត​គ្រឿងញៀន នៅ​ខេត្ត​កំពង់ស្ពឺ​ កាលពី​ថ្ងៃ​ទី​២២​មិថុនា​។ តុលាការ​កំពូល​បានសម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍ ទុកជា​បានការ​ទាំងមូល​។ ពោល​គឺ​មេខ្លោង​ផលិត​គ្រឿងញៀន ជា ជុង ជា​អតីត​ទីប្រឹក្សា​ឧប​នាយក​រដ្ឋមន្ត្រីលោក ញឹក ប៊ុនឆៃ និង​គូកន​ជាជនជាតិ​ថៃ​ម្នាក់ និង​​​ចិន​ពីរ​នាក់ ដែល​ជាប់​ព័ន្ធ​ពាក់​នឹង​ករណី​គ្រឿងញៀន​ដ៏​ធំ​នៅ​ខេត្ត​កំពង់ស្ពឺ​កាលពី​ឆ្នាំ​២០០៧ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ក្នុង​ម្នាក់ៗ​ពី ២០​ឆ្នាំ ទៅ ២៥​ឆ្នាំ​។​

​សំណុំរឿង​លួចលាក់​ផលិត​គ្រឿងញៀន​ក្នុង​ដី​ឡូដិ៍​ទំហំ​៥​ហិកតា នៅ​ខេត្ត​កំពង់ស្ពឺ មាន​ជនជាប់ចោទ​ឈ្មោះ ជា ជុង អាយុ ៤៥​ឆ្នាំ​ ឈ្មោះ ឆ ណាក់​ស៊ី អាយុ ៣៤​ឆ្នាំ ជា​ជនជាតិ​ថៃ​ ឈ្មោះ ឆាយ ខាង​ស៊ី អាយុ ៤៨​ឆ្នាំ ជា​ជនជាតិ​ចិន​។ អ្នក​ទាំង​៣ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ក្នុង​ម្នាក់ៗ រយៈពេល ២៥ ឆ្នាំ​។ ចំណែក​ឈ្មោះ រ៉ា​ន់ យ៉ាង ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ជា​ជនជាតិ​ចិន ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ២០​ឆ្នាំ ពី​បទ​ផលិត និង ជួញដូរ​គ្រឿងញៀន​។​

​កាលពី​ថ្ងៃ​ទី​១ មេសា ឆ្នាំ​២០០៧ នៅ​ដី​ឡូដិ៍​ជាប់​ផ្លូវជាតិលេខ​៤ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ប៉ូលិស​បាន​បង្ក្រាប​ទីតាំង​លួចលាក់​ផលិត​គ្រឿងញៀន​ដ៏​ធំ ដោយ​ចាប់​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ១៨​នាក់​។ ក្នុងនោះ មាន​ជនជាតិ​ចិន ៣​នាក់ ជនជាតិ​ថៃ​ម្នាក់ និង​កម្មករ​ខ្មែរ​ចំនួន ១៤​នាក់ ព្រមទាំង​រឹបអូស​សារធាតុ​គីមី សម្រាប់​ផលិត​គ្រឿងញៀន​ជិត ៧​​តោន​។

​នៅ​ថ្ងៃ​ទី​១០​មករា ឆ្នាំ​២០០៨ តុលាការក្រុង​ភ្នំពេញ បាន​សម្រេច​លើកលែង​ការចោទប្រកាន់​លើ​កម្មករ​ស៊ីឈ្នួល​ខ្មែរ​ចំនួន ១៤​នាក់​។ ក៏​ប៉ុន្តែ​តុលាការ​បាន​ផ្តន្ទាទោស​ឈ្មោះ ជា ជុង​ ឈ្មោះ ឆ ណាក់​ស៊ី ឈ្មោះ ឆាយ ខាង​ស៊ី ដាក់​ពន្ធនាគារ​ម្នាក់ៗ ២៥​ឆ្នាំ និង​ឈ្មោះ រ៉ាក់ យ៉ាង ភេទ​ស្រី ជា​ជនជាតិ​ចិន ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ២០​ឆ្នាំ ពី​បទ​ផលិត និង ជួញដូរ​គ្រឿងញៀន​។

​ដោយឡែក​ក្នុង​សំណុំរឿង​គ្រឿងញៀននៅខេត្តកំពង់ស្ពឺនោះ ជនជាតិ​ចិន​ឈ្មោះ ចិន ធាង​វិន និងអតីត​ទីប្រឹក្សា​លោក ហេង សំរិន ប្រធានរដ្ឋសភា ​ឈ្មោះ អ៊ុំ ឆាយ បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្រោយពី​ប៉ូលិស​ចាប់ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ