អានតួអត្ថបទ
កម្ពុជា

ដើមបណ្តឹង​រដ្ឋប្បវេណី​ចង់បាន​ទិវាចងចាំ​ថ្នាក់ជាតិ​លើរបប​ខ្មែរក្រហម​

មុនបញ្ចប់​សវនាការ​នៅ​ថ្ងៃពុធនេះ ​អង្គជំនុំ​ជម្រះ​បានជជែក​អំពី​បំណង​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ដែលចង់​ទាមទារ​សំណង​រួម​ពីក្រុម​ជន​ជាប់ចោទ។​ ថ្ងៃរំលឹក​ការចងចាំ​ស្តូប​ដើម្បី​រំលឹក​ដល់​វិញ្ញាណខណ្ឌ​អ្នកស្លាប់​ សារមន្ទីរ​ ឬ​បណ្ណសារ​ ទាំងនេះ​គឺជា​ការទាមទារ​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី។

សហមេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​
សហមេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

 

ក្រៅពី​ប្រធានបទ​នេះ ​តាំងពី​ព្រឹកមក​ សវនាការ​បានផ្តោត​ទៅ​អាជ្ញាយុកាល​នៃ​បទល្មើស​ក្រោម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ១៩៥៦​ ដែល​ត្រូវបាន​ប្រើ​ចំពោះ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម​ទាំង​៤។

រក្សា​ទីកន្លែង​ពិឃាត កសាង​បញ្ជី​ឈ្មោះ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់ កសាង​សារៈ​មន្ទីរ​​ដើម្បី​រក្សា​ឯកសារ​ដែល​ពាក់ព័ន្ធ​របប​ខ្មែរ​ក្រហម សាងសង់​ស្តូប​មួយ​ដើម្បី​អនុញ្ញាត​អោយ​មាន​ការ​រៀបចំ​ពិធី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ពីសំណាក់​ជន​រួមជាតិ​ទូទៅ​ដោយ​មិន​ប្រកាន់​សាសនា​ពណ៌សម្បុរ និង​បង្កើត​អោយ​មាន​ទិវា​រំលឹក​វិញ្ញាណក្ខន្ត​ថ្នាក់ជាតិ​មួយ​ផង​ដែរ។ ទាំងនេះ​គឺ​សុទ្ធសឹង​តែ​ជា​សំណង​ដែល​ដើមបណ្តឹង​រដ្ឋប្បវេណី តំណាង​ដោយ​សហមេធាវី​ជាតិ លោក​ពេជ អង្គ ទាមទារ​នៅ​ចំពោះ​ក្រុមប្រឹក្សា​ចៅក្រម​នៅក្នុង​សវនាការ​កាល​ពីរសៀល​ថ្ងៃ​ពុធ​នេះ។ សំណង​រដ្ឋប្បវេណី​គឺ​ផ្នែក​មួយ​នៃ​ការ​ជួសជុល​ផ្នែក​ផ្លូវចិត្ត​ហើយ​ដែល​វា​គឺ​ជា​សិទ្ធិ​របស់​ជនរងគ្រោះ​ស្រប​តាមច្បាប់​អន្តរជាតិ​ផង​ដែរ នេះ​គឺ​អំណះអំណាង​របស់​សហមេធាវី​អន្តរជាតិ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី។ សហមេធាវី​អន្តរជាតិ​បាន​ទាញចំណាប់​អារម្មណ៍​អង្គជំនុំជម្រះ​ដោយ​ស្នើ​ទៅ​ក្រុមប្រឹក្សា​ចៅក្រម មិន​អោយ​គិតថា សំណង​ទាំងនេះ​គឺជា​បន្ទុក ប៉ុន្តែ​វា​ជា​សិទ្ធិ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​ទទួល​បាន។

មិនមាន​ការ​ឆ្លើយតប ឬ​ប្រតិកម្ម​ពី​ភាគី​ចុងចោទ​និង​ភាគី​ណា​ផ្សេង​ឡើយ​នៅពេល​ដែល​ប្រធាន​ចៅក្រម​បាន​សួរ​នៅក្នុង​សវនាការ​នោះ។ ​ទោះយ៉ាង​ណាក្តី ការ​ទាមទារ​ខាងលើ​នេះ នឹង​ជា​កម្មវត្ថុ​នៃ​ការ​ពិចារណា​របស់​ក្រុម​ចៅក្រម។

តាមពិត​នៅ​ថ្ងៃ​នេះ ដែល​ជា​ថ្ងៃ​ទី​៣​នៃ​ការ​បើក​សវនាការ​បឋម ដើម្បី​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​ខ្មែរក្រហម​នោះ តាំង​ពី​ព្រឹក​មក សវនាការ​បាន​ផ្តោត​ទៅលើ​អាជ្ញា​យុកាល​នៃ​បទល្មើស​ក្រោម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦។ ​បញ្ហា​គឺ​ថា ​នៅក្នុង​ចំណោម​ការ​ចោទប្រកាន់​នានា ​តុលាការ​ខ្មែរ​ក្រហម​បាន​ចោទ​ប្រកាន់​ក្រុម​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពី​បទ​មនុស្សឃាត ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាងផ្នែក​សាសនា​ដែល​បទល្មើស​ទាំងនេះ​ស្ថិតនៅ​ក្រោមក្របខណ្ឌ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​កម្ពុជា​ឆ្នាំ១៩៥៦។

ក្រុម​មេធាវី​ការពារ​ក្តី​អោយ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​ទាមទារ​អោយ​តុលាការ​លប់ការ​ចោទ​ប្រកាន់​ទាំង​នេះ ដោយសារ​តែ​វា​ហួស​អាជ្ញាយុកាល​នៃ​ការ​ចោទប្រកាន់ ស្រប​តាម​ខ្លឹមសារ​នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦​នោះ។ ​ក្រុម​សហព្រះរាជអាជ្ញារ និង​សហមេធាវី​ដើមបណ្តឹង​រដ្ឋប្បវេណី​វិញ​ នៅតែ​ទាមទារ​អោយ​តុលាការ​រក្សា​ការ​ចោទប្រកាន់​ទាំងនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ