អានតួអត្ថបទ
កម្ពុជា

កម្មករ​២៩០នាក់​ក្នុងសហគ្រាស​ផលិតនំ​និងស្ករគ្រាប់​នឹងធ្វើកូដកម្ម​

កម្មករ​២៩០​នាក់ ក្នុង​សហ​គ្រាស​ផលិត​នំ​និង​ស្ករ​គ្រាប់​មួយ ​ស្ថិត​ក្នុង​ស្រុក​ឧត្តុង្គ ​ខេត្ត​កំពង់​ស្ពឺ ​នឹង​ធ្វើ​កូដ​កម្ម នៅ​មុខ​សហ​គ្រាស ដើម្បី​ប្រឆាំង​នឹង​ថៅ​កែ​ ដែល​ចេះ​តែ​​រំលោភ​សិទ្ធិ​របស់​ពួក​គេ ​និង​បណ្តេញ​កម្មករ​ចេញ​ជា​បន្ត​បន្ទាប់ ដោយ​គ្រាន់​តែ​ពួក​គេ​មាន​បំណង​ចូល​រួម​ក្នុង​សហជីព​ការងារ។

កម្មករ​​​កាន់​តែ​​ច្រើន​​គំរាម​ធ្វើ​បាតុកម្ម​​ដើម្បី​ទាមទារ​​ការពារសិទ្ធិរបស់គេ
កម្មករ​​​កាន់​តែ​​ច្រើន​​គំរាម​ធ្វើ​បាតុកម្ម​​ដើម្បី​ទាមទារ​​ការពារសិទ្ធិរបស់គេ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ការ​រើស​អើង​សហ​ជីព និង​ការ​កេង​ប្រវ័ញ្ច​កម្លាំងពល​កម្ម​របស់​កម្មករ តាម​រូប​ភាព​រំលោភ​លើ​លក្ខខណ្ឌ​ការងារ ​នៅ​តែ​ជា​អ្វី​ដែល​អង្គ​ការ​សង្គម​ស៊ីវិល ​ទាម​ទារ​ឲ្យ​ថៅ​កែ​សហ​គ្រាស​និង​រោង​ចក្រ ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ​។

 
សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា បាន​ប្រកាស​ថា កម្មករ​២៩០​នាក់ ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​នៅ​សហ​គ្រាស​ផលិត​នំ និង​ស្ករ​គ្រាប់​ដែល​មាន​យី​ហោ លីម​ហៀង​យូ​សញ្ញា​សេះ​ហោះ​ នៅ​ក្នុង​ស្រុកឧត្តុង្គ​ ខេត្ត​កំពង់​ស្ពឺ នឹង​ធ្វើ​កូដ​កម្ម​ប្រឆាំង ទៅ​នឹង​ថៅ​កែ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ខាង​មុខ​នេះ ដើម្បី​ទាមទារ​ឲ្យ​សហ​គ្រាស​គោរព​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន ​ព្រម​ទាំង​ទទួល​យក​តំណាង​សហជីព​និង​កម្មករ​ប្រមាណ​១០​នាក់ ឲ្យ​ចូល​បំរើ​ការ​ងារ​ឡើង​វិញ ​បន្ទាប់​ពី​ថៅ​កែ​សហ​គ្រាស​បាន​បញ្ឈប់​ពួក​គេ​ដោយ​គ្មាន​មូលហេតុ​។

ថៅ​កែ​សហ​គ្រាស​បាន​បញ្ឈប់​កម្មករ​ទាំង​នោះ​ជិត​១ខែ​មកហើយ បន្ទាប់​ពី​ពួក​គេ​មាន​បំណង​ចូលជា​សមា​ជិក​ក្នុង​សហជីព​មួយ ដែល​បង្កើត​ឡើង​នៅ​ក្នុង​សហ​គ្រាស ដើម្បី​ការ​ពារ ផល​ប្រយោជន៍​របស់​កម្ម​ករ ​ក្រោយ​ពី​កម្មករ​ទាំង​នោះ​ ត្រូវ​ថៅ​កែ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើសពី​៨ម៉ោង​ក្នុង​មួយថ្ងៃ ​បង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​ មិន​មាន​ប្រាក់​កម្រៃ​និង​ធ្វើ​ការ​មិន​មាន​ថ្ងៃ​ឈប់​សម្រាក។

គម្រោង​ធ្វើ​កូដ​កម្ម​ដ៏​កម្រ​មួយ​ ក្នុង​សហ​គ្រាស​នេះ ​អាជ្ញា​ធរ​ស្រុក​ឧដុង្គ​នៅ​មិន ទាន់​ដឹង​នៅ​ឡើយ​ទេ​រហូត​ដល់​ថ្ងៃ​នេះ ។ ​តែ​ជា​ញឹក​ញយ កូដ​កម្ម​រឺ​បាតុ​កម្ម ដែល​តវ៉ា​នៅ​ទី​សាធារណៈ ​អាជ្ញា​ធរមូលដ្ឋាន​តែង​ដាក់​កម្លាំង​បង្ក្រាប ​ដោយ​មាន​ខែល​និង​ដំបង​ឆក់ ក្នុងការ​រាំង​ខ្ទប់​ ក្រោម​លេស​រក្សា​សណ្តាប់​ធ្នាប់​សង្គម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ