អានតួអត្ថបទ
កម្ពុជា

តុលាការ​​ជំនុំជម្រះ​លើប្រធាន​គណបក្ស​នយោបាយ​ចំនួន ១៦ រូប​

តុលាការក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រួម​គ្នា​លើ​ប្រធាន​គណបក្ស​នយោបាយ​ចំនួន ១៦ រូប​ តាម​ពាក្យបណ្តឹង​របស់​ក្រសួង​មហាផ្ទៃកាលពី​រសៀល​ថ្ងៃ​ទី​២២​មិថុនា​នេះ​។ ​ប្រធាន​គណបក្ស​នយោបាយ​ទាំង១៦រូប​នោះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​មិនបាន​ផ្ញើ​របាយការណ៍​ប្រចាំឆ្នាំ​២០០៦​ទៅ​ក្រសួង​មហាផ្ទៃ​។ ​​សេចក្តីសម្រេច​លើ​រឿងនេះ ​នឹង​ត្រូវ​ចៅក្រម​ប្រកាស​នា​ថ្ងៃ​ទី​២១​កក្កដា​ខាង​មុខ​។

តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រួមគ្នា​លើ​ប្រធាន​គណបក្ស​នយោបាយ​ចំនួន ១៦ រូប
តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រួមគ្នា​លើ​ប្រធាន​គណបក្ស​នយោបាយ​ចំនួន ១៦ រូប © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ក្រសួង​មហាផ្ទៃ​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​ប្រធាន​គណបក្ស​នយោបាយ​ចំនួន​១៦ គណបក្ស ​ពី​បទ​ខកខាន​ មិន​បាន​ផ្ញើ​របាយការណ៍​ប្រចាំឆ្នាំ​២០០៦ ទៅ​កាន់​ក្រសួង​មហាផ្ទៃ​។ ​ពាក្យបណ្តឹង​នោះ ​វ​បាន​ប្តឹង​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ខែ​ឧសភានិង​ខែ​កក្កដា​ ឆ្នាំ​២០០៧​។

 
ក្នុង​សវនាការ​នៅ​រសៀល​ថ្ងៃ​នេះ​ ប្រធាន​គណបក្ស​នយោបាយ​ស្ទើរតែ​ទាំងអស់ ​មិន​បាន​បង្ហាញ​ខ្លួន​ទេ​។ ​ក្នុងចំណោម​ប្រធាន​គណបក្ស​នយោបាយ​ទាំង ១៦ រូប ​ដែល​ជាប់ចោទ​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ រួមមាន​ទាំង​លោក សមរង្ស៊ី ​ប្រធាន​គណបក្ស​សម​រង្ស៊ី លោក កែវ ពុទ្ធ​រស្មី​ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផងដែរ​។

តាម​ច្បាប់​គណបក្ស​នយោបាយ ​ការ​ខកខាន​មិន​បាន​ផ្ញើ​របាយការណ៍​ប្រចាំ ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ចំនួន ៣ លាន​រៀល ស្មើ​ប្រមាណ ៧៥០ ដុល្លារ​។​ ច្បាប់​កំណត់ថា គណបក្ស​នយោបាយ​ត្រូវ​ផ្ញើ​របាយការណ៍​ប្រចាំឆ្នាំ​ និយាយ​ពី​សកម្មភាព​សំខាន់ៗ​ និង​ចំណូល​-​ចំណាយ​របស់​គណបក្ស ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​សេដ្ឋកិច្ច ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣១​ខែ​ធ្នូ ​រៀងរាល់ឆ្នាំ​។

ក្នុង​អង្គ​សវនាការ​តំណាង​ក្រសួង​មហាផ្ទៃ​ លោក មាស សារឹម​អគ្គនាយក​រង ​នៃ​អគ្គនាយកដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​ចៅក្រម​ជំនុំជម្រះ​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​គណបក្ស​នយោបាយ ​លើ​ប្រធាន​គណបក្ស​ទាំង ១៦ រូប ​ដែល​បាន​យឺតយ៉ាវ​ក្នុង​ការបញ្ជូន​របាយការណ៍​ប្រចាំឆ្នាំ​២០០៦​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​។

តំណាង​ក្រសួង​មហាផ្ទៃ​ ក៏​បាន​ស្នើសុំ​ឲ្យ​តុលាការ​ចេញ​សេចក្តីសម្រេច​លុបឈ្មោះ​គណបក្ស​នយោបាយ​ចំនួន​ ៦ គណបក្ស ​ចេញ​ពី​បញ្ជី​របស់​ក្រសួង​មហាផ្ទៃ​ ដោយសារ​គណបក្ស​ទាំងនោះ​ មិន​មាន​សកម្មភាព​អ្វី ហើយ​គណបក្ស​ខ្លះ​គ្មាន​ប្រធាន​ដឹកនាំ​ផងដែរ​។ ​តែ​មិនមែន​ជា​គណបក្ស​ប្រឆាំង​សម​រង្ស៊ី​ទេ​។ ​គណបក្ស ដែល​ប្រឈម​នឹង​ការ​លុបឈ្មោះ​ទាំង ៦ ​នោះ ជា​គណបក្ស​មិន​ដែល​ឮឈ្មោះ​ឡើយ ​ក្នុង​ពេល​កន្លង​។

នៅ​កម្ពុជា​សព្វថ្ងៃ​មាន​គណបក្ស​នយោបាយ​ចំនួន ៥២ គណបក្ស​។ ​ក្នុងនោះ​ គណបក្ស​ចំនួន ៤០​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​។​ ក្រោយ​ពី​សួរ​ដេញដោល​លើ​ប្រធាន​ និង​តំណាង​គណបក្ស​នយោបាយ ព្រមទាំង​មេធាវី និង​តំណាង​ក្រសួង​មហាផ្ទៃ​រួច​មក លោក សួស សំអាត ចៅក្រម​ជំនុំជម្រះ បាន​ប្រកាសថា សេចក្តីសម្រេច​លើ​សំណុំរឿង​នេះ នឹង​ត្រូវ​ប្រកាស​នា​រសៀល​ម៉ោង ២ ថ្ងៃទី​២១​កក្កដា ឆ្នាំ​២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ