អានតួអត្ថបទ
កម្ពុជា

កម្ពុជា​នៅ​ត្រូវ​ការ​ឈាម​បរិច្ចាគ​ច្រើន​ទៀត

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្មែរ​បន្ថែម​ទៀត​ទៅ​ផ្តល់​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ។ មន្ត្រី​សុខាភិបាល​បាន​បញ្ជាក់​អោយ​ដឹង​ថា សកម្មភាព​ផ្តល់​ឈាម​នៅ​កម្ពុជា នៅ​មាន​កម្រិតទាប​នៅ​ឡើយ បើ​ទោះ​ជា​ចំនួន​នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​​ផ្តល់​ឈាម​បាន​កើន​ឡើង​បន្តិច​មែន។

លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា​
លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា​ ©ដឺលុច
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម​បាន​ទទួល​ការ​បរិច្ចាគ​ឈាម​ចំនួន​៤០ ២៤៥​ប្លោក​ពី​សប្បុរសជន។ បរិមាណ​នេះ​បាន​កើន​ឡើង​១២​ភាគរយ​លើស​ឆ្នាំ២០០៩ ​ដែល​ការ​បរិច្ចាគ​ឈាម​មាន​តែ​៣៥៨៩៥​ប្លោក។ ការ​ផ្តល់​ឈាម​បាន​កើន​ឡើង​មែន ប៉ុន្តែ​បរិមាណ​នៃ​ការ​បរិច្ចាគ​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ មន្ត្រី​ទទួល​ខុស​ត្រូវ​ផ្នែក​បរិច្ចាគ​ឈាម​នៃ​ក្រសួង​សុខាភិបាល​បាន​អះអាង​អោយ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​១ ០០០​នាក់​មាន​តែ​មនុស្ស​៣នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម។

ដោយសារ​តែ​បរិមាណ​នៃ​ការ​ផ្តល់ឈាម​នៅ​ទាប រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោកម៉ម ប៊ុនហេង​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្មែរ​មក​ផ្តល់​ឈាម ដោយ​លោក​ចាត់​ទុក​ថា នេះ​គឺ​ជា​សកម្មភាព​មនុស្សធម៌​មួយ។ ការ​អំពាវនាវ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤​មិថុនា​នេះ ក្នុង​ឱកាស​នៃ​ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគឈាម​ដែល​កម្ពុជា​កំពុង​ចូលរួម​ដែរ។

ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​សុខាភិបាល និង​សាធារណជន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​រដ្ឋមន្ត្រី​សុខាភិបាល​បាន​បញ្ជាក់​ថា ការ​ផ្តល់​ឈាម ឬ​ការ​បរិច្ចាគ​ឈាម​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ផ្តល់​ឈាម​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ វា​នឹង​ជួយ​ជីវិត​របស់​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​បន្ទាន់។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា នៅ​ពេល​ខាង​មុខ តម្រូវការ​ឈាម​នឹង​កើន​ឡើង​ថែម​ទៀត​សម្រាប់​ការ​សង្គ្រោះ​បន្ទាន់​ក្នុង​បន្ទប់​វះកាត់ សម្ភព ជំងឺ​កុមារ ជំងឺ​ខ្សោយ​តម្រង់នោម និង​ជំងឺ​មហារីក​ជាដើម។

ក្នុង​ពេល​កន្លង​មក ឈាម​ដែល​បាន​ទទួល​មក​ពី​ការ​បរិច្ចាគ​ត្រូវ​បាន​រក្សា​ទុក​៥០ភាគរយ​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​មន្ទីរពេទ្យរដ្ឋ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​៥០​ភាគរយ​ទៀត​ត្រូវ​បាន​ចែកចាយ​ទៅ​តាម​មន្ទីរ​ពេទ្យរដ្ឋ​នៅ​តាម​ខេត្ត និង​ស្រុក​នៅ​ទូទាំង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ