អានតួអត្ថបទ
កម្ពុជា

សាលា​រាជធានី​ភ្នំពេញ​ចុះ​វាស់វែង​ផ្ទះ​អ្នកភូមិ​បឹងកក់​ខណៈ​ការ​ចរចា​មិន​ទាន់​ត្រូវគ្នា

សាលា​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​បឹងកក់​ថា​គណៈកម្មការ​​ថ្នាក់​​ក្រុង​​ ខណ្ឌ​​ និង​​សង្កាត់​​មួយ​​នឹង​​ចុះវាស់វែង​​ទំហំ​​ផ្ទះ​​​និង​​ដី​​ប្រជាពលរដ្ឋ​ដើម្បី​​អនុវត្ត ​ផែនការ​អភិវឌ្ឍន៍​​នៅ​នឹង​កន្លែង​ តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ នៅ​ក្នុ​ង​សបា្តហ៍​​ទី​២​ខែ​មិថុនា​នេះ​​ហើយ។​ ប៉ុន្តែ​អ្នក​ភូមិ​បឹងកក់​បាន​​បញ្ជាក់​ថា​​ផែនការ​អភិវឌ្ឍន៍​ របស់​សាលា​ក្រុង​នោះ​ពួក​គាត់មិន​អាច​ទទួល​យក​បាន​ទេ លើស​ពី​នេះ​ អ្នក​ភូមិបឹងកក់​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃចន្ទ ទី​៦ មិថុ​នា​​សែ្អក​នេះ ពួកគាត់នឹងដាក់សំណើថ្មីមួយ​ទៀត​ទៅសាលា​រាជធានី ជាសំណើ​សុំអោយ​មាន​ការ​​អភិវឌ្ឍន៍​នៅ​នឹង​កន្លែងនៅផ្ទាល់ដី មិនមែនដូច​ផែនការអភិវឌ្ឍន៍​នៅ​នឹង​កន្លែង​​របស់​សាលា​ក្រុង​ភ្នំពេញសង់ជា​អគារខ្ពស់នោះឡើយ។

សាលា​រាជធានី​ភ្នំពេញ​ចុះ​វាស់វែង​ផ្ទះ​អ្នក​ភូមិ​បឹងកក់​ ខណៈ​ការ​ចរចា មិន​ទាន់​ត្រូវគ្នា។
សាលា​រាជធានី​ភ្នំពេញ​ចុះ​វាស់វែង​ផ្ទះ​អ្នក​ភូមិ​បឹងកក់​ ខណៈ​ការ​ចរចា មិន​ទាន់​ត្រូវគ្នា។ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

អ្វី​ជា​សំណង​ នៃ​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​របស់​សាលា​ក្រុង​ភ្នំពេញ​ សម្រាប់​ប្រជាពលរដ្ឋ​​ក្នុង​តំបន់​​បឹង​កក់​ ​ទំនង​ជា​ការ​​អ​ភិ​វឌ្ឍន៍​​នៅ​នឹង​កន្លែង​ ដែល​ត្រូវ​សាងសង់​ជា​អគារ​ខ្ពស់ៗ​ ​ដូច​​​សំណង់​​​ប្រ​ជាពល​រដ្ឋ​​ក្នុង​​តំ​ប​ន់​​​​​បុ​រីកីឡាទទួលបាន។ ប៉ុន្តែ​​ការ​​អភិវឌ្ឍន៍​បែប​នោះ​ប្រជាពល​រដ្ឋ​រស់​​នៅ​ក្នុង​បឹងកក់​ជាង​ ១០០០​គ្រួ​សារ​ ជា​​អ្នក​​​តវ៉ា​ចុង​​ក្រោ​យ​ និង​ជា​អ្នក​មាន​ផ្ទះ​នៅ​ផ្ទាល់ដី​ស្រាប់​​ ​មិន​អាច​ទទួល​​យក​បាន​​នោះ​​ទេ​។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣​ខែ​​មិថុនា​ចុង​សប្តាហ៍​មុន​នេះ ​លោក​ កែប​ ជុតិមា​ អភិបាល​​ក្រុង​ភ្នំ​ពេញ​មិន​​បាន​បញ្ជាក់​ថាគម្រោង​អភិវឌ្ឍន៍​ ដែល​សាលាក្រុង​ព្រម​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹង​កក់​​បែប​​ណា​​​នោះ​​ឡើយ​។​ លោក​​អភិបាល​ក្រុង​គ្រាន់តែ​ប្រាប់​ប្រជាពលរដ្ឋ​ថា ​គណៈកម្មការ​ នឹង​​ចុះ​​​វាស់​​​​វែង​ ទំហំ​ដី​​​និង​ផ្ទះ​​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សប្តាហ៍​ទី​២ ​ក្នុង​ខែ​មិថុនា​នេះ ​ហើយ​លោក​​បាន​​អំពាវនាវ​ដល់​​ប្រ​ជា​ពលរដ្ឋ​​ទំាង​​​អស់​ឲ្យ​​ចូល​រួម​ សហការ​ជាមួយ​គណៈ​កម្មការ​នោះ ​ដើម្បី​ផ្ទៀង​​ផ្ទាត់​​ទំហំ​ដី​ របស់​​ពួក​​គាត់​ ឲ្យ​​បាន​​​ត្រឹម​ត្រូ​វ។

អ្នកស្រី ​នុន ​សុខខេង​ តំណាង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៏​បឹងកក់​បាន​អោយ​ដឹង​នៅថ្ងៃ​អាទិត្យ​ នេះ​ថា​ អ្នក​ភូមិ​បឹងកក់​ទំាង​អស់​មិន​ព្រម​ទទួល​យក​សំណង​របស់​សាលាក្រុង​នោះ​ទេ។ តំណាង​​​ពល​រដ្ឋ​​​​​​​ក្នុង​តំបន់​បឹងកក់​ និង​ជា​អ្នក​ធ្លាប់​បាន​ចូល​ចរចា​ជាមួយ​​ថ្នាក់​​ដឹកនាំ​សាលា​ក្រុង​​ភ្នំ​ពេញ​ ​​អ្នក​ស្រី សុខខេង​បញ្ជា​ក់​​ថា​កា​រ​​ចរ​ចា​គ្នា​​កាល​ពី​សប្តាហ៍​មុន​នេះ ​មិន​ទាន់​ឯកភាព​គ្នា​នៅ​​ឡើយ​ទេ។ ​មិន​​ឯកភាព​​ពី​ព្រោះ​​​សាលា​ក្រុង​​ប្រកាន់​យក​គោលការ​អភិវឌ្ឍន៍​ នៅ​នឹង​​ក​ន្លែង​​​បែប​​បុរី​កីឡា ​តែ​​អ្នកភូមិ​​ទាមទារ​ បាន​ផ្ទះ​​ផ្ទាល់​​ដី។

នៅ​​ថ្ងៃ​ចន្ទ​ស្អែក​​នេះ​ អ្នក​ភូមិ​បឹងកក់​នឹង​​​ដាក់​​សំណើ​​ថ្មី​​មួ​យ​​​ទៀត​ ទៅ​សាលា​ក្រុង​ភ្នំពេញ។ ជា​សំ​ណើ​​សុំ​អោយ​​សាលា​​ក្រុង​​​ផ្តល់​ដី​និង​​ផ្ទះ​ ទំហំ​៤​ម៉ែត្រ​​​គុណ​១៦​ម៉ែត្រ​ សម្រាប់​គ្រួសារ​នីមួយៗ។​​នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកស្រី​ នុន​ សុខខេង។

សូម​បញ្ជាក់​ថា ​ជិត​៤​ឆ្នាំ​មក​ហើយ អ្នក​ភូមិ​បឹងកក់​បាន​ទាមទារ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​ផ្តល់​​
សំណ​ង​​​​​សមរម្យ​​ ពិសេស​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​នេះ​តែ​ម្តង​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​​ផ្តល់​ផ្ទៃ​ដី​បឹង​​ទំហំ​ជាង​១២០​ហិកតា​ អោយ​​ក្រុម​​​ហ៊ុន​ ស៊ូកា​កូអ៊ីន​ វិនិយោគ។

ក្នុង​សកម្មភាព​តវ៉ា​រយៈ​ពេល​​កន្លង​មក​​នេះ​ ​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​​តែង​តែ​ទទួល​​រង​​ការ​វាយ​ដំ​ពី​សំណាក់​​កង​​កម្លំាង​​ប្រដាប់​​អាវុធ​​ផង​​ដែរ​។ ហើយ​ករណី​រំលោភ​សិទ្ធិមនុស្ស ​កណ្តាល​ទីក្រុង​​ភ្នំ​ពេញ​មួយ​នេះ ​ក៏​ជា​ចំនុច​​អ​វិជ្ជ​មាន​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ក្នុង​​របាយការណ៍​រប​ស់​​​បេសកជន​សិទ្ធិ​មនុស្ស​ អង្គ​ការ​​សហប្រជាជាតិ​ លោក​ ស៊ូយា ​ប្រាសាទ​ ស៊ូប៊ែឌី​ ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ