អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សហគមន៍​កម្ពុជា​ក្រោម​ប្រារព្ឋខួប​ថ្ងៃ​បាត់បង់​ទឹកដី

សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​រៀបចំ​ពិធី​រម្លឹក​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជាក្រោម នៅ​លើ​សួនច្បារ​មុខ​វត្តបទុមវត្តី​នា​ថ្ងៃទី៤ មិថុនា​នេះ​ឡើយ។ ទោះបី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​​​មាន​​ហេតុផល​ថា ទីធ្លា​មុខ​វត្ត​បទុមវត្តី​ជាប់​រវល់​កម្មវិធី​ផ្សេង​យ៉ាង​ណា​ក្តី។ សហគមន៍​ខ្មែរ​កម្ពុជាក្រោម​ចាត់​​ទុក​ការ​បដិសេធ​របស់​សមត្ថកិច្ច ​ជា​លេស​​​​​​មួយ​ប៉ុណ្ណោះ ជា​លេស​ដែល​អាជ្ញាធរ​មិន​ចង់​ឲ្យ​មាន​កម្មវិធី​នេះ​កើត​ឡើង​។ ការ​បាត់បង់​ទឹកដី​កម្ពុជា​ទៅ​លើ​ប្រទេសវៀតណាម​កាល​ពី៦២ឆ្នាំ​មុន​នេះ គណបក្ស​សមរង្ស៊ី​ក៏​ធ្លាប់​ដាក់​សំណើ​មួយ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន​សុំ​យក​ថ្ងៃទី៤ មិថុនា​ជា​រៀងរាល់​ឆ្នាំ ជា​ថ្ងៃ​កាន់ទុក្ខ​ទូទំាង​ប្រទេស​ផង​ដែរ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សំណើ​នោះ​គ្មាន​ចម្លើយ​ឡើយ។ សម្រាប់​សហគមន៍​ខ្មែរ​កម្ពុជា​​បាន​ដាក់​សំណើ​ថ្មី​មួយ​ទៀត​ទៅ​សាលា​​រាជធានី​​ភ្នំពេញ សុំ​រៀបចំ​កម្មវិធី​រម្លឹក​ខួប​៦២ឆ្នាំ​នេះ នៅ​ថ្ងៃទី​១០​​មិថុនា​ខាង​មុខ​នេះ នៅ​លើ​សួន​ច្បារ​មុខ​វត្ត​បទុមវត្តី​ម្តង​ទៀត។

លោក កែប ជុតិមា អភិ​បាល​រាជធានី​ភ្នំពេញ
លោក កែប ជុតិមា អភិ​បាល​រាជធានី​ភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ បារាំង​ក្នុង​នាម​ជា​អាណាព្យាបាល​កម្ពុជា បាន​កាត់​ទឹកដី​ខ្មែរ​ចំនួន​ជិត ៧ម៉ឺន​គីឡូម៉ែត្រក្រឡា ស្មើ​នឹង​ចំនួន​២២ខេត្ត​ឲ្យ​ទៅ​ខេត្ត​ប្រទេស​វៀតណាម។ សហគមន៍​ខ្មែរ​កម្ពុជា​​​ក្រោម​បាន​ព្យាយាម​រៀបចំ​ពិធី​រម្លឹក​ខួប​ថ្ងៃ​ប្រវត្តិសាស្រ្ត​នេះ ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​សម្រាប់​ថ្ងៃទី៤​ មិថុនា ឆ្នាំ​២០១១​នេះ ​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​អោយ​សហគមន៍​​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​ពិធី​នេះ​នៅ​លើ​សួនច្បារ​មុខ​វត្តបទុមវត្តី តាម​សំណើ​របស់​សហគមន៍​​នោះ​ឡើយ​​។

សហគមន៍​ខ្មែរ​កម្ពុជា​គ្រោង​ថា នឹង​រៀបចំ​ពិធី​រំលឹក​ខួប​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជាក្រោម​លើកទី៦២ នៅ​ថ្ងៃទី៤ មិថុនា ដោ​យ​​មាន​ព្រះសង្ឃ ១៩៤៩អង្គ ចូល​រួម​ជា​តំណាងឆ្នាំ​ដែល​ទឹកដី​​កម្ពុជា​បាន​​ក្លាយ​ជា​ដី​របស់​ប្រទេស​​វៀតណាម។ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ កម្ពុជា​ក្រោម​បាន​ចាត់​ទុក​ការ​បដិសេធ​របស់​សមត្ថកិច្ច​ដោយ​សំអាង​ថា ទីធ្លា​មុខ​វត្ត​បទុមវត្តី​ជាប់រវល់ គ្រាន់​ជា​លេស​​មួយ​​ប៉ុណ្ណោះ។ ​​​លោក​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជា​ថ្មី​ទៀត ដើម្បី​រៀបចំ​ពិធី​នេះ​នៅ​លើ​សួន​ច្បារ​មុខ​វត្ត​បទុមវត្តី​ដដែល ​នៅ​ថ្ងៃទី១០ ខែមិថុនា​ខាង​មុខ​នេះ។

ទោះ​ជា​យ៉ាង​ណា ប្រធាន​សមាគម​កម្ពុជាក្រោម​រូប​នេះ​បាន​កត់​សម្គាល់ថា ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​មាន​ចេតនា​មិន​ចង់​អោយ​មាន​ពិធី​រំលឹក​ថ្ងៃ​បាត់បង់​​ទឹកដី​ខ្មែរ​ ទៅ​ប្រទេស​វៀតណាម​កើត​មាន​នោះ​ឡើយ ពីព្រោះ​លោក​យល់​ថា អាជ្ញាធរ​ខ្មែរ​ខ្លាច​រដ្ឋាភិបាល​វៀតណាម​មិន​សប្បាយ​​ចិត្ត។

ទាក់ទង​នឹង​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​កាល​ពី​៦២ឆ្នាំ​កន្លង​ទៅ​នេះ គណបក្ស​សមរង្ស៊ី​ក៏​ធ្លាប់​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន ដើម្បី​កំណត់​យក​ថ្ងៃទី៤ ខែមិថុនា​រៀងរាល់​ឆ្នាំ ជា​ថ្ងៃ​កាន់ទុក្ខ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ផង​ដែរ។ លិខិត​តំណាងរាស្រ្ត​របស់​គណប្សប្រឆំាង​ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​កាលពី​ថ្ងៃទី១២ ឧសភា ឆ្នាំ២០១១​កន្លង​ទៅ​នេះ នៅ​មិន​ទាន់​ទទួ​ល​​ចម្លើយ​យ៉ាង​ណា​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ។

ចំណែក​សំណើ​ជាថ្មី​របស់​សហគមន៍​​ខ្មែរ​កម្ពុជា​ត្រូវ​បាន​លោក ខៀវ សុភ័ក្រ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ថា ជា​សកម្មភាព​មួយ​ចង់​ឈ្នះ​ ចាញ់ ជាមួយ​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ មិនមែន​ជា​សកម្មភាព​ចង់​ធ្វើ​បុណ្យឬ​រម្លឹក​ប្រវត្តិសាស្រ្ត​អ្វី​នោះ​ឡើយ។ បើ​តាម​អ្នកនាំពាក្យ​​ក្រសួង​មហាផ្ទៃ ការ​បាត់បង់​ទឹកដី​កម្ពុជាក្រោម ប្រជាពលរដ្ឋ​ខ្មែរ​​បាន​ចងចាំ​រួច​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ