អានតួអត្ថបទ
កម្ពុជា

សាទរទិវា​កុមារ​អន្តរជាតិ​ថ្ងៃទី១​មិថុនា​នៅក្នុង​ពន្ធនាគារ​

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​រៀបចំ​ប្រារព្ធ​ពិធី​សាទរ​ទិវា​កុមារ​អន្តរជាតិ​ថ្ងៃទី១​មិថុនា ​នៅក្នុង​ពន្ធនាគារ​តាមរយៈ​ការផ្តល់​អាហារ និង​សម្ភារៈ​ប្រើប្រាស់​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជា​អ្នកទោស​។ពិធី​ជួបជុំ​ត្រូវបាន​ធ្វើឡើង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី២​ស្ថិត​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​មិញ ​ដោយ​មាន​ល្បែង​កម្សាន្ត ​ការផ្តល់​រង្វាន់ ​និង​មាន​ការ​ថ្លែង​សុន្ទរកថា​របស់​អ្នកចូល​រួម​ស្តីពី​បញ្ហា​របស់​កុមារ​ផងដែរ។

លោកស្រីវេជ្ជបណិ្ឌត​ ពុង ឈីវហ្គេក ប្រធាន​អង្គការ​លីកាដូ​មាន​ប្រសាសន៍ថា​​ ​​ពន្ធនាគារ​​មិនមែន​​ជា​ទីកន្លែង​​សម្រាប់​​កុមារ ​និង​អនីតិ​ជន​​ទេ​
លោកស្រីវេជ្ជបណិ្ឌត​ ពុង ឈីវហ្គេក ប្រធាន​អង្គការ​លីកាដូ​មាន​ប្រសាសន៍ថា​​ ​​ពន្ធនាគារ​​មិនមែន​​ជា​ទីកន្លែង​​សម្រាប់​​កុមារ ​និង​អនីតិ​ជន​​ទេ​ ©​ RFI/លី​ ម៉េងហួរ​ Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ដើម្បី​សាទរ​ទិវា​កុមារ​អន្តរជាតិ​ថ្ងៃទី១​មិថុនា ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​សហការ​ជាមួយ ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ ​  រៀបចំ​ពិធី​ជួបជុំ​ជាមួយ​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​ជា​អ្នកទោស​នៅតាម​ពន្ធនាគារ​ចំនួន ១៤ ។​ ពិធី​ជួបជុំ​ធំ​ត្រូវបាន​ធ្វើឡើង​នាព្រឹក​មិញ​ នៅមណ្ឌល​អប់រំ​កែប្រែ​ទី២​ នៅ​ព្រៃស ​ជាយ​ទីក្រុង​ភ្នំពេញ​។

 
កញ្ចប់​ម្ហូប​អាហារ​និង​សម្ភារៈ​ប្រើប្រាស់​ត្រូវបាន​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ នាំ​ទៅ​ចែកចាយ​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ​រួមជាមួយ​នឹង​ការលេង​ល្បែង​កំសាន្ត​ ការផ្តល់​រង្វាន់​និង​មាន​ការ​ថ្លែង​សុន្ទរកថា​របស់​អ្នកចូលរួម​និយាយ​ពី​បញ្ហា​នានា​របស់​កុមារ​ផងដែរ​។

ក៏​ប៉ុន្តែ​មន្ត្រី​អនុរក្ស​ពន្ធនាគារ បាន​ហាមឃាត់ មិន​ឲ្យ​អ្នក​កាសែ​ត​ចូល​យក​ព័ត៌មាន​ និង​ថតរូប​ក្នុង​ពិធី​សាទរ​ទិវា​កុមារ​អន្តរជាតិ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ឡើយ​។ ​លោកស្រី ពុង ឈី​វ​ហ្គេក ប្រធាន​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍ថា​ ជាទូទៅ​ពន្ធនាគារ​មិនមែន​ជា​ទីកន្លែង​សម្រាប់​កុមារ និង​អ​នីតិ​ជន​ទេ​។​ ប្រព័ន្ធ​ពន្ធនាគារ​នៅ​កម្ពុជា មិន​មាន​សមត្ថភាព​ផ្តល់​នូវ​តម្រូវការ​ជា​មូលដ្ឋាន​របស់​កុមារ​ដូចជា ការអប់រំ​អាហារ​ចិញ្ចឹម​រាងកាយ​សមស្រប​ ការ​ថែទាំ​វេជ្ជសាស្ត្រ​ ដែល​ធ្វើ​ឲ្យមាន​ការលំបាក​ដល់​ក្មេងៗ​នៅក្នុង​ពន្ធនាគារ។

តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ គិត​មក​ត្រឹម​ខែ​មេសា​ ឆ្នាំ​២០១១ ​មាន​អ្នកទោស​ជា​អនីតិជន  ដែល​ជា​កុមារ​មិន​ទាន់​គ្រប់​អាយុ​ ១៨ ឆ្នាំ ចំនួន ៧៣០ នាក់​ ដែល​បាន​ជាប់​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​ចំនួន ២៥​ក្នុងប្រទេស​កម្ពុជា​។ ​ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ មាន​ប្រហែលជា ១៤ នាក់ កំពុងតែ​ជាប់​ឃុំឃាំង​ និង​មាន​កុមារ​ជិត ៤០ នាក់ រស់នៅ​ជាមួយ​ម្តាយ​របស់​ពួកគេ​នៅក្នុង​ពន្ធនាគារ​។​ កុមារត្រូវបាន​អនុញ្ញាត​ឲ្យ​រស់នៅ​ជាមួយ​ម្តាយ​ជា​អ្នកទោស ​រហូត​ដល់​ត្រឹម​អាយុ ​៦ ឆ្នាំ​។

អង្គការ​សិទ្ធិមនុស្ស លីកាដូ ក៏​បាន​គូស​បញ្ជាក់ថា ​ជាមួយ​នឹង​វិបត្តិ នៃ​ចំនួន​អ្នកទោស​ហួស​ចំណុះ​នៅក្នុង​ពន្ធនាគារ​របស់​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ថវិកា​ពន្ធនាគារ​មាន​ភាព​ស្តួចស្តើង​រួច​ស្រាប់​ទៅហើយ​នោះ កុមារ​តែងតែ​ទទួល​រង​ការលំបាក​យ៉ាងខ្លាំង​។ ​នោះ​គឺ​នៅក្នុង​ពន្ធនាគារ​តាម​ខេត្ត​ភាគច្រើន ​អ្នកទោស​ជា​អនីតិ​ជន​បាន​សម្របខ្លួន​យ៉ាង​ពេញលេញ​ទៅ​ក្នុង​ចំណោម​អ្នកទោស​ជា​មនុស្ស​ពេញវ័យ​។​ ចំណែក​របប​ម្ហួប​អាហារ​ មិន​មាន​គ្រប់គ្រាន់​ទេ​ ហើយ​ការថែទាំ​វេជ្ជសាស្ត្រ​តែងតែ​មិន​មាន​ផងដែរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ